ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បាក់ឌុប
ខំរៀនអស់១២ឆ្នាំ គ្រាន់តែប្រឡងធ្លាក់១ដង មិនត្រូវបោះបង់ចោលការសិក្សាទេ!
11, Sep 2019 ,
9:19 pm
រូបភាព
×
ដោយ៖
ហួ ឆេងស៊ីម
ភ្នំពេញ៖«ប្រឡងជាប់ ឬធ្លាក់» វាអាស្រ័យលើសមត្ថភាព។ ហើយបរាជ័យថ្ងៃនេះ ក៏មិនប្រាកដថា ថ្ងៃស្អែកបរាជ័យដែរ ដរាបណាមិនបោះបង់ការប្រឹងប្រែង។ កញ្ញា ឡេង សារីតា និងកញ្ញា ហោ សុខហេង លើកទឹកចិត្តឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ ដែលទទួលបានលទ្ធផលបរាជ័យក្នុងការប្រឡង កុំបោះបង់ចោលការសិក្សា ដែលនាំឱ្យប៉ះពាល់ដល់អនាគតខ្លួន។
លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ បានបង្ហាញថា សិស្សដែលប្រឡងជាប់មានចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨.៦២ភាគរយ ក្នុងចំណោមបេក្ខជនប្រឡង១១៧ ០២៤នាក់ (ស្រី៦០ ៤២១នាក់)។សម្រាប់អ្នកប្រឡងធ្លាក់ វាជារឿងមួយពិបាកទទួលយក ប៉ុន្តែក៏មិនត្រូវបោះបង់ចោលការខំប្រឹងប្រែងឡើយ។ នេះជាការលើកឡើងរបស់កញ្ញា ឡេង សារីតា ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។
ជាសិស្សម្នាក់ដែលធ្លាប់ប្រឡងធ្លាក់បាក់ឌុប នៅឆ្នាំ២០១៦-២០១៧ នោះ កញ្ញា សារីតា បានសារភាពថា មូលហេតុដែលនាំឱ្យនាងប្រឡងធ្លាក់នេះ ដោយសារតែការធ្វេសប្រហែសនៃការសិក្សា ពោលគឺនាងមិនបានយកចិត្តទុកដាក់សិក្សាឡើយ ។ ប៉ុន្តែលទ្ធផលនិទ្ទេស F គ្រានោះ មិនបានធ្វើឱ្យកញ្ញា សារីតា បោះបង់ចោលការសិក្សាទេ។ ក្រោយពីដឹងមូលហេតុនៃការប្រឡងធ្លាក់នេះ ហើយទទួលបានការលើកទឹកចិត្តពីគ្រួសារ និងអ្នកនៅជុំវិញខ្លួននោះ សារីតា ក៏តាំងចិត្តខិតខំសិក្សារយៈពេល១ឆ្នាំទៀតឡើងវិញ ដោយនាងទទួលបាននិទ្ទេស B នៅឆ្នាំ២០១៧-២០១៨ នៃលំដាប់ពិន្ទុ៩៨.៦២១ នៃថ្នាក់វិទ្យាសាស្ត្រសង្គម។
កញ្ញា សារីតា ដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ឆ្នាំទី១ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចរូបនេះ បាននិយាយដោយទឹកមុខញញឹមថា៖« ខ្ញុំនឹកស្មានមិនដល់ថា សិស្សដែលធ្លាប់ប្រឡងធ្លាក់ដូចជារូបខ្ញុំ អាចប្រឡងជាប់វិញហើយទទួលបាននិទ្ទេសល្អនោះទេ។ ខ្ញុំពិតជាមានអារម្មណ៍ត្រេកអរណាស់ ព្រោះការខិតខំប្រឹងប្រែងរបស់ខ្ញុំ ពិតជាអាចជួយដល់ខ្ញុំបាន»។
ក្នុងវ័យ២២ឆ្នាំ កញ្ញា ហោ សុខណេង ក៏ធ្លាប់បានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៤-២០១៥ នៃថ្នាក់វិទ្យាសាស្ត្រដែរ។មូលហេតុដែល សុខណេង ប្រឡងធ្លាក់គ្រានោះ ក្រោមហេតុផលបញ្ហាគ្រួសារ ពោលគឺម្តាយសុខណេង មានជំងឺ ដែលប៉ះពាល់ដល់ផ្លូវអារម្មណ៍ ហើយធ្វើឱ្យនាងមិនបានផ្តោតអារម្មណ៍លើការសិក្សា។ តែយ៉ាងណា សុខណេង បានតាំងចិត្តសិក្សារយៈពេល១ឆ្នាំទៀត រហូតដល់ទទួលបានជោគជ័យនៅក្នុងឆ្នាំសិក្សា២០១៥-២០១៦ ហើយទទួលបាននិទ្ទេសE ក្នុងលំដាប់ពិន្ទុ៧៧.៤១៣ នៃថ្នាក់វិទ្យាសាស្ត្រសង្គម។
ជានិស្សិតឆ្នាំទី៤ ផ្នែកធនាគារហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសុខណេង បាននិយាយដូច្នេះថា៖« ទោះខ្ញុំប្រឡងធ្លាក់ក្តី គ្រួសារមានស្ថានភាពលំបាកបន្តិចក្តី ក៏ខ្ញុំមិនបោះបង់ចោលការសិក្សាដោយគ្រាន់តែប្រឡងធ្លាក់តែ១ដងនោះដែរ។ ហើយអ្វីដែលខ្ញុំបានខិតខំទាំងប៉ុន្មាន ក៏បានផ្តល់លទ្ធផលឲ្យខ្ញុំពិតមែនទោះបីជាមិនបាននិទ្ទេសល្អក៏ដោយ»។
ទាំងកញ្ញា សារីតា និងកញ្ញា សុខណេង សុទ្ធអះអាងថា ទម្រាំប្រឡងជាប់វិញនេះ ក៏វាមិនមែនជារឿងងាយស្រួលដែរ ពោលគឺពួកគេត្រូវផ្លាស់ប្តូរទម្លាប់ការសិក្សាស្ទើរតែទាំងស្រុង ជាពិសេសកំណត់គោលដៅនៅក្នុងជីវិតឱ្យបានច្បាស់លាស់។ អ្វីដែល សារីតា និង សុខណេង ត្រូវអនុវត្តឱ្យល្អ ដើម្បីសម្រេចគោលដៅខ្លួននោះ គឺការរៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ ,កាត់បន្ថយការដើរលេង និងការចំណាយពេលច្រើនក្នុងការប្រើប្រាស់បណ្តាញសង្គមនានា។ សារីតា និងសុខណេង ឧស្សាហ៍ធ្វើលំហាត់ឬទន្ទេញមេរៀនដែលធ្លាប់ចេញប្រឡងពីឆ្នាំមុនៗជារៀងរាល់ថ្ងៃ ហើយត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង។ មួយវិញទៀត គឺត្រូវខិតខំសិក្សាឲ្យកាន់តែខ្លាំងចំពោះមុខវិជ្ជាដែលខ្លួនគិតថាលំបាកខ្លាំងក្នុងការយកពិន្ទុ។ បើតាមអ្នកទាំងពីរ នៅអំឡុងពេលប្រឡងត្រួវពិនិត្យមើលសម្ភារៈ ដែលត្រូវការក្នុងពេលប្រឡងឱ្យបានច្បាស់លាស់ និងមិនត្រូវមានអារម្មណ៍ភ័យឡើយ។
ទាំងនេះគឺជាបទពិសោធន៍របស់កញ្ញា ឡេង សារីតា និងកញ្ញា ហោ សុខណេង ដែលលើកទឹកចិត្តបេក្ខជនប្រឡងសញ្ញាបាក់ឌុបឆ្នាំនេះ ហើយទទួលបរាជ័យនោះ ត្រូវខិតខំរៀនឡើងវិញ ដោយមិនត្រូវបោះបង់ចោលការសិក្សា ព្រោះតែប្រឡងធ្លាក់១ដងនេះឡើយ ដែលនាំឱ្យប៉ះពាល់អនាគតខ្លួន។
ការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ គឺជាឆ្នាំទី៦ហើយ នៃការរឹតបន្ដឹងគុណភាពអប់រំ របស់រដ្ឋមន្ត្រីក្រសួង លោក ហង់ ជួន ណារ៉ុន ក្រោមពាក្យស្លោកថា«អ្នកចេះ គឺជាប់»។
តាមរយៈការប្រឡងរយៈពេលថ្ងៃកន្លងមក បានបង្ហាញលទ្ធផលថា ឆ្នាំនេះមានបេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤៤៣នាក់ និទ្ទេស B មានចំនួន ២ ៤៣០នាក់ និទ្ទេស C មានចំនួន ៥ ៨៤៧នាក់។ ចំណែកឯនិទ្ទេស D មានចំនួន ១៤ ១០០នាក់ និងនិទ្ទេស E មានចំនួន ៥៦ ២៣២ នាក់។ ចំណែកបេក្ខជនជាង៣ម៉ឺននាក់ទៀត បរាជ័យក្នុងការប្រឡងនេះ។
លោក នាង បូ គ្រូគណិតវិទ្យា នៃវិទ្យាល័យបាក់ទូក បាននិយាយថា ការប្រឡងវាតែងតែមានអ្នកជាប់ និងអ្នកធ្លាក់ ប៉ុន្តែអ្នកធ្លាក់មិនត្រូវបាក់ទឹកចិត្ត ហើយបោះបង់ការសិក្សាឡើយ ពោលគឺត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព។ គ្រូគណិតវិទ្យារូបនេះ បាននិយាយដូច្នេះថា៖ «បរាជ័យជាមេរៀន ហើយគួរតែលើកចិត្តខ្លួនឯង។ មិនប្រាកដថាអ្នកជាប់មុន អនាគតល្អជាងយើងទេ»។
បើតាមលោក នាង បូ សិស្សដែលចង់ប្រឡងជាប់ គួរតែបោះបង់ ការបណ្ដែតបណ្ដោយ និងកែទម្លាប់ឡើងវិញ។តាមបទពិសោធន៍របស់គ្រូបង្រៀននៅវិទ្យាល័យបាក់ទូកនេះ សិស្សដែលប្រឡងធ្លាក់មួយចំនួន នៅពេលទៅរៀនឡើងវិញ ពួកគាត់សុទ្ធតែប្រឡងជាប់។
«លទ្ធផលនៃការប្រឡងពុំមែនជាការកំណត់វាសនារបស់បេក្ខជនទេ។ ប៉ុន្តែគឺជាការវាស់ស្ទង់សមត្ថភាព និងជំរុញឱ្យមានការខិតខំប្រឹងប្រែងបន្តទៅមុខទៀត»។នេះជាការលើកឡើងរបស់លោក ជួន ណារ៉ុន ដែលលើកទឹកចិត្តឱ្យសិស្សប្រឡងជាប់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ ចំណែកសិស្សប្រឡងធ្លាក់ឆ្នាំនេះ បន្តការសិក្សា និងខិតខំរៀនសូត្រនៅឆ្នាំក្រោយទៀត។
គួរបញ្ជាក់ថា អ្នកជាប់បាក់ឌុបឆ្នាំ២០១៨ មាន ៧៦ ០៣៤នាក់ ត្រូវជា ៦៧.០៧ភាគរយ ក្នុងនោះ និទ្ទេស A មានចំនួន៤០៨នាក់ និទ្ទេស B ចំនួន ២ ២២២នាក់ និទ្ទេស C ចំនួន ៦ ០៤១នាក់ និទ្ទេស D ចំនួន១៥ ១៨០នាក់ និងនិទ្ទេស E ចំនួន ៥២ ១៨៣នាក់។ លទ្ធផលបាក់ឌុបឆ្នាំ២០១៨នេះ ត្រូវបានប្រកាសរហូតដល់ទៅពីរលើក ដោយសារមានការតវ៉ាពីក្រុមសិស្សក្នុងរាជធានីភ្នំពេញ និងខេត្តកំពតដែលច្បាស់លាស់នឹងសំណេររបស់ខ្លួន។ ក្រោយការតវ៉ា គណៈកម្មការជំនាញ បានរកឃើញថា ដំណើរការបូកស្រង់ពិន្ទុ តាមប្រព័ន្ធកុំព្យូទ័រ មានបញ្ហាបច្ចេកទេសទាក់ទងនឹងពិន្ទុមុខវិជ្ជាគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
លទ្ធផល
បាក់ឌុប
សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម