ជាតិ
វិទ្យាស្ថាន​បណ្តុះបណ្តាល ដែលមាន​ចិន​ជាង​១០០​នាក់ លួច​លេងល្បែង​តាម​អ៊ីនធឺណិត ត្រូវ​បិទ​ចោល
11, Sep 2019 , 9:59 pm        
រូបភាព
រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក
រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក
​វិទ្យាស្ថាន​បណ្តុះបណ្តាល​មួយ​ឈ្មោះ វិទ្យាស្ថាន​អ៊ិ​កសែ​ល​ប៉ូ​លី​ធាន (EXCELPOLITAN INSTITUTE) ដែលមាន​ទីតាំងនៅ​អគារ SUNTOWN PLAZA ស្ថិតនៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​ក្រសួង​ការងារ ប្រកាស​បិទ​និង​ឈប់​ទទួលស្គាល់ ដោយសារ​មិន​អនុវត្តតាម​ស្មារតី​ប្រកាស​ដែល​ក្រសួង​អនុញ្ញាត​ឲ្យ​បណ្ដុះបណ្តាល​។



​ចំណាត់ការ​នេះ គឺធ្វើឡើង​ក្រោយពី​សមត្ថកិច្ច ចូលទៅ​ចាប់​ជនជាតិ​ចិន​១០៥​នាក់ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ករណី​លេងល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ហៅថា Voice over Internet Protocol (VOIP) នៅ​អគារ​ពាណិជ្ជកម្ម SUNTOWN ដែលជា​ទីតាំង​នៃ​វិទ្យាស្ថាន EXCELPOLITAN​។

​យ៉ាងណាក៏ដោយ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បកស្រាយ​ថា ការមិន​អនុវត្តតាម​ស្មារតី​ប្រកាស​ដែល​ក្រសួង​អនុញ្ញាត គឺ​វិ​ស្ថាន EXCELPOLITAN មិន​បើកទទួល​គ្រូ​ឬ​សិស្ស សម្រាប់​ការបណ្ដុះបណ្ដាល ហើយ​ប្ដូរ​ឈ្មោះ​ពី​វិទ្យាស្ថាន ទៅជា​សាកលវិទ្យាល័យ និង​ផ្លាស់ប្ដូរ​ទីតាំង​ដោយ​មិន​ផ្ដល់ព័ត៌មាន​ដល់​ក្រសួង​។

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​អ្នកនាំពាក្យ​រូបនេះ ថ្លែង​ដូច្នេះ​ថា​៖«​វិទ្យាស្ថាន​នេះ ត្រូវបាន​ក្រសួង​ទទួលស្គាល់​អំឡុង​សីហា ឆ្នាំ​២០១៩ ហើយ​បន្ទាប់ពី​ចុះ​ពិនិត្យ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ឃើញថា ប្ដូរ​ទីតាំង ហើយ​កន្លែង​ត្រូវបាន​ជួល​ឲ្យ​អ្នកផ្សេង ដោយ​មិនបាន​ផ្ដល់ព័ត៌មាន​និង​មិនដឹង​ប្ដូរ​ទៅ​ទីតាំង​ណា​។ វិទ្យាស្ថាន​នេះ កន្លងមក​មិនទាន់បាន​បណ្ដុះបណ្ដាល​ទេ​»៕

Tag:
 EXCELPOLITAN
© រក្សាសិទ្ធិដោយ thmeythmey.com