លោក ឌូ​ទើ​តេ ថា លោក​ស៊ី លើកសំណើ​ការអភិវឌ្ឍ​រួមគ្នា​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ហ្វីលីពីន​
អន្តរជាតិ
លោក ឌូ​ទើ​តេ ថា លោក​ស៊ី លើកសំណើ​ការអភិវឌ្ឍ​រួមគ្នា​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ហ្វីលីពីន​
12, Sep 2019 , 8:29 am        
រូបភាព
ប្រធានាធិបតីឌូទើតេ និងប្រធានាធិបតីស៊ី ជិនភីង
ប្រធានាធិបតីឌូទើតេ និងប្រធានាធិបតីស៊ី ជិនភីង
​ប្រធានាធិបតី រ៉ូ​ទ្រី​ហ្គោ ឌូ​ទើ​តេ បាន​និយាយថា​សម​ភាគី​ចិន បានផ្តល់​សំណើរឿង​ការអភិវឌ្ឍ​រួមគ្នា ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ប្រសិនបើ​ទីក្រុង​ម៉ានីល ​យក​តុលាការ​ម​ជ្ឈ​កម្ម​អន្តរជាតិ​ទុក​នៅ​ដោយឡែក​។



​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ទ្រី​ហ្គោ ឌូ​ទើ​តេ បាន​អះអាងថា លោក​ស៊ី ជិន​ភីង ​បានលើកឡើង​អំពី​លក្ខខណ្ឌ​នៃ​ការអភិវឌ្ឍ​រួមគ្នា ឬ ​Joint Development នៅ​កន្លែង​ដែល​សម្បូរ​ឧស្ម័ន​ធម្មជាតិ Reed bank ប្រសិនបើ​ហ្វីលីពីន​ យល់ព្រម​ដក​សមត្ថកិច្ច​តុលាការ​ម​ជ្ឈ​កម្ម​អន្តរជាតិ​ កាលពី​ឆ្នាំ​២០១៦។

​ប្រាប់​អ្នកយក​សារព័ត៌មាន ​Reuters​ នៅ​ថ្ងៃទី​១១ ខែកញ្ញា មន្ត្រី​ការិយាល័យ​ប្រធានាធិបតី​ ឌូ​ទើ​តេ បាន​ស្រង់​យកពាក្យ​របស់លោក​មក​បញ្ជាក់​ប្រាប់ថា​៖ «​ទុក​សមត្ថកិច្ច​តុលាកា​រម​ជ្ឈ​កម្ម​នៅ​ម្ខាង​»​។ ក្នុងន័យ​ស្រដៀង​គ្នា​នេះ​​ដែរ លោក​ប្រធានាធិបតី ហ្វីលីពីន វ័យ៧៤​ឆ្នាំ បាន​ស្រង់​យកពាក្យ​សម្តី​របស់លោក​ស៊ី ថា ឲ្យ​ទុក​ការទាមទារ​របស់​ទី​ក្រុម​ម៉ានីល​ នៅ​ដោយឡែក​សិន​។ បន្ទាប់មក​ សាក​ឲ្យ​ប្រជាជន​ហ្វីលីពីន​ រកស៊ី​ជាមួយ​ក្រុមហ៊ុន​ចិន​សិន​ទៅ​។ ប្រសិនបើ​វា​ល្អ ចិន​ឲ្យ​ហ្វីលីពីន ៦០​ភាគរយ ហើយ​ចិន​យកតែ​ ៤០​ភាគរយ​ប៉ុណ្ណោះ​។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួង​កាបរទេស​ចិន លោកស្រី Hua Chunying មិនបាន​បញ្ជាក់​ច្បាស់លាស់​អ្វី​ឡើយ​ ទៅនឹង​ការអះអាង​ខាងលើ​។ លោកស្រី​គ្រាន់តែ​គូសបញ្ជាក់ថា ហ្វីលីពីន ​​ប​ញ្ចេ​ញ​ឆ​ន្ទៈ​រហ័ស​ពេក ​លើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ និង​រុករក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ​រវាង​ចិន និង​ហ្វីលីពីន​។ តែ​យ៉ាងណា​ក្រុមការងារ​ប្រទេស​ទាំងពីរ នឹង​ពិភាក្សា​អំពី​បញ្ហា​នេះ​ឲ្យ​កាន់តែ​លំអិត​។ ដោយឡែក​ លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នឹង​ផ្តល់​ធនធានធម្មជាតិ​កាន់តែ​ជាច្រើន​។

​តាម​ការយល់ឃើញ​រប​ស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​ប្រាប់​សារព័ត៌មាន ANC ថា ហ្វីលីពីន​ គួរតែ​ជៀស​ពី​កិច្ចព្រមព្រៀង​មួយ​នេះ ព្រោះ​តុលាការ​បានចេញ​សេចក្តីសម្រេច​រួច​ហើយ​ថា ហ្វីលីពីន ​មាន​សមត្ថកិច្ច​លើ​តំបន់ ​Reed Bank​។ បើ​ហ្វីលីពីន​ព្រមព្រៀង​ជាមួយ​ចិន នោះ​វា​នឹង​នាំ​ឲ្យ​សេចក្តីសម្រេច​របស់​តុលាការ​ គ្មាន​យុត្តាធិការ ​លើ​តំបន់​ជម្លោះ​។ បានន័យថា ​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈ​កម្ម​អន្តរជាតិ​ គឺ​ចុងក្រោយ និង​ចាប់បង្ខំ​ឲ្យ​គូ​ភាគី​ជម្លោះ​ត្រូវតែ​គោរព​។

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០១៦ ហ្វីលីពីន​បាន​នាំយក​ជម្លោះ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​ជាមួយ​ចិន ទៅ​តុលាការ​ម​ជ្ឈ​កម្ម​អន្តរជាតិ ដើម្បី​ទទួលបាន​សម​ត្ថិ​កច្ច​លើ​តំបន់​ជម្លោះ​។ តុលាការ បានសម្រេច​ទទួលស្គាល់ថា​ ហ្វីលីពីន​មាន​សមត្ថកិច្ច​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន និង​ច្រានចោល​សមត្ថកិច្ច​របស់​ចិន ប៉ុន្តែ​ចិន ​មិន​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ​ម​ជ្ឈ​កម្ម​អន្តរជាតិ​ឡើយ​៕

Tag:
 ហ្វីលីពីន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com