អន្តរជាតិ
ថៃ ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​ដែល​កញ្ចប់​បារី​គ្មាន​សញ្ញា​ដើម្បី​ទាក់ទាញ​អ្នក​ជក់​
30, Sep 2019 , 10:59 pm        
រូបភាព
ហាងលក់ទំនិញមួយកន្លែងក្នុងទីក្រុងបាងកក។ រូបភាព​ AFP
ហាងលក់ទំនិញមួយកន្លែងក្នុងទីក្រុងបាងកក។ រូបភាព​ AFP
ដោយ៖ ឈួន ឈី​វ​អ៊ីង​

​កញ្ចប់​បារី​ដែល​គ្មាន​រូប​សញ្ញា​អ្វី​ទាក់ទាញ បាន​លេចមុខ​តាម​ទីផ្សារ​ថៃ​ហើយ​កាលពី​​ថ្ងៃទី​១០ ខែកញ្ញា ដែល​ធ្វើ​ឲ្យ​ប្រទេស​អាស៊ាន​មួយ​នេះ ក្លាយជា​ប្រទេស​ទីមួយ​នៅ​តំបន់​អាស៊ី​ដែល​អនុវត្តតាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​។ ការ​វេច​ខ្ចប់​បារី​ជាមួយ​កញ្ចប់​លាត គ្មាន​រូប​សញ្ញា មាន​គោលបំណង​ណែនាំ​ដល់​ក្រុម​អ្នកប្រើប្រាស់ ឲ្យ​បានដឹង​ពី​ផលប៉ះពាល់​តាមរយៈ​ការកាត់បន្ថយ​ភាព​ទាក់ទាញ​នៃ​ការជក់បារី​។



​កាលពី​ឆ្នាំ​២០១២ អូស្ត្រាលី​គឺជា​ប្រទេស​ដំបូង​ដែល​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផលិត​ថ្នាំជក់​បញ្ចេញ​កញ្ចប់​បារី​ដែល​មិន​ដាក់​ពណ៌ ឈ្មោះ និង​រូប​សញ្ញា​ផ្សេងៗ​។ តាំងពី​ពេលនោះ​មក មាន​បណ្តា​ប្រទេស​នៅ​អ៊ឺរ៉ុប​ជាច្រើន​បាន​យក​គម្រូ​តាម រួមទាំង​ប្រទេស​បារាំង ហុង​គ្រី និង​អង់គ្លេស​ផងដែរ​។ ប៉ុន្តែ​ថៃ ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី ដែលមាន​កញ្ចប់​បារី​គ្មាន​សញ្ញា​ទាក់ទាញ​ក្រៅពី​រូបភាព​បង្ហាញ​ផលវិបាក​នៃ​ការជក់បារី​។

​នៅ​ឆ្នាំ​២០១៨ ថៃ​បាន​យល់ព្រម​អនុវត្តតាម​ការណែនាំ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ដែល​ហាមប្រាម​ការច្នៃប្រឌិត​ក​ញ្ច​ប់​បារី​មាន​ភាព​ទាក់ទាញ​។ កញ្ចប់​បារី​ថ្មី ដែល​គ្មាន​ស្លាក​សញ្ញា​ទាក់ទាញ ត្រូវបាន​ដាក់លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែកញ្ញា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ចាប់ពីពេលនេះ អាជីវករ​ថៃ អាច​លក់​បារី​មាន​កញ្ចប់​ចាស់​ឲ្យ​អស់ពី​ស្តុក​ត្រឹម​ថ្ងៃទី​៨ ធ្នូ បើ​មិន​ចង់​ប្រឈម​ការផាកពិន័យ​រហូត​ដល់ ៤​ម៉ឺន​បាត​ទេនោះ​។

​សមាជិក​អាស៊ាន​មួយទៀត គឺ​សឹង្ហ​បុរី ក៏​គ្រោង​នឹង​អនុវត្ត​ការ​រឹតបន្តឹង​ស្រដៀង​គ្នា​នេះ​លើ​ការ​វេច​ខ្ចប់​បារី​ផងដែរ​។

​កញ្ចប់​បារី​ថ្មី ត្រូវមាន​រូបភាព​នៃ​សរីរាង្គ​ដែល​រង​ប៉ះពាល់​ដោយសារ​ការជក់បារី និង​គ្មាន​ស្លាក​សញ្ញា ម៉ាក​យីហោ ដែល​សរសេរ​ជា​ទម្រង់​អក្សរ​លាត​។ ការដាក់​រូបភាព​ដែល​ពិពណ៌នា​ពី​ជំងឺ​ទាក់ទង​នឹង​ការជក់បារី នឹង​ជួយ​កាត់បន្ថយ​ភាព​ទាក់ទាញ​របស់​ផលិតផល​ទៅកាន់​អ្នកទិញ​។ នេះ​គឺជា​ការលើកឡើង​របស់​លោកស្រី​អនុប្រធាន​អង្គការ​គ្រប់គ្រង​ថ្នាំជក់​នៅ​អាស៊ីអាគ្នេយ៍ ប្រា​គីត វ៉ា​ថេ​សា​តូ​គីត (Prakit Vathesatogkit) ។​

​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ អ្នក​ជក់បារី​មាន​រហូតដល់​ទៅជា​ង ២៤៦​លាន​នាក់ ដោយសារតែ​បារី​មានតម្លៃ​ទាប​។ ដូច្នេះ​វា​គឺជា​កន្លែង​ដែលមាន​ការប្រើប្រាស់​បារី​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក​៕


© រក្សាសិទ្ធិដោយ thmeythmey.com