កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​រកបាន​៤​គ្រាប់ Ronaldo ថា​ចង់​ឈ្នះ​ជា​ក្រុម មិន​ខ្វល់​ពី Ballon d’Or ឆ្នាំនេះ​ទេ
11, Sep 2019 , 5:59 pm        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo រកបាន​ដល់​ទៅ ៤​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប​ដែល​ព័រ​ទុយ​ហ្គា​ល់​យកជ័យ​ជម្នះ ៥-១ លើ​ក្រុម​លី​ទុយ​អា​នី ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ Euro 2020 នៅ​យប់​ថ្ងៃទី​១០ ខែកញ្ញា​។ បើ​ទោះ​រក​គ្រាប់​បាល់​ដ៏​ច្រើនក្តី Ronaldo អះអាងថា​រូបគេ​មិន​ខ្វល់ខ្វាយ​ពី​ការ​ឈ្នះ​ពានរង្វាន់ Ballon d’Or ឬ FIFA Best Player នៅ​ឆ្នាំ​នេះឡើយ​។​



​តារា​ស៊ុត​របស់​ក្រុម​សេះបង្កង់ Juventus រូបនេះ បាន​បង្កើន​ទម្រង់​លេង​ដ៏​ល្អ​ទៀត​ក្នុងការ​ប្រកួត​ជម្រុះ​ពានរង្វាន់​ទ្វីបអឺរ៉ុប​ក្នុង​ពូ​ល B ដែល​ធ្វើ​ឲ្យ​រូបគេ​កើន​គ្រាប់​បាល់​ស៊ុត​ប​ញ្ជូ​ល​ទី​ជា​កំណត់ត្រា​សម្រាប់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ចំនួន​៩៣​គ្រាប់​។​

​ក្រោយ​ទទួល​ជ័យជម្នះ ជាមួយ​គ្រាប់​ស៊ុត​៤​គ្រាប់​ម្នាក់ឯង Ronaldo ត្រូវបាន​អ្នក​សារ​ព័រ​មាន​ចោទ​សួរថា​តើ​រូបគេ​សម​នឹង​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​នៅ​ឆ្នាំនេះ​ទេ​? ខ្សែប្រយុទ្ធ វ័យ​៣៤​ឆ្នាំ​ឆ្លើយថា​រូបគេ​មិន​គិតពី​ការ​ឈ្នះ​ពាន​អ្វី​ឡើយ​។ អតីត​សមាជិក​ក្រុម Real Madrid និង Manchester United បន្ថែមទៀតថា​អ្វីដែល​សំខាន់បំផុត​សម្រាប់​រូបគេ​គឺ​ធ្វើយ៉ាងណា​ជួយ​ក្រុម និង​បន្ត​ការលេង​ឲ្យ​បានល្អ​។​



 «​ដូចដែល​ខ្ញុំ​បាន​និយាយ​អ៊ីចឹង​! ខ្ញុំ​មិន​គិតពី​ពានរង្វាន់​ណាមួយ​ឡើយ ព្រោះនេះ​ជា​ផលវិបាក ដើម្បី​ឲ្យ​ពួកយើង​អាច​ឈ្នះ​រួមគ្នា​។ ការគិត​ដូច្នេះ​វា​ល្អ ខ្ញុំ​មិន​កុហក​ទេ​។ អ្វីដែល​សំខាន់​គឺ​ជួយ​ក្រុម​។ ខ្ញុំ​រកបាន​១​គ្រាប់​ពេល​លេង​ទៅ​ល់​ស៊ែ​ប៊ី និង​៤​គ្រាប់​ជាមួយ​លី​ទុយ​អា​នី​នៅទីនេះ ខ្ញុំ​ពិតជា​រីករាយ​ណាស់ ហើយ​នេះ​ជា​អ្វីដែល​ខ្ញុំ​ត្រូវ​បន្តធ្វើ​បែបនេះ​ទៀត​»​។ ម្ចាស់​ពាន Ballon d’Or ៥​សម័យ​អះអាង​ដូច្នេះ​។​

​ឆ្លងកាត់​ការប្រកួត​៤​លើក​ក្នុង​វគ្គ​ជម្រុះ Euro 2020 ម្ចាស់​ការពារ​ជើងឯក​មួយ​នេះ រកបាន​៨​ពិន្ទុ ពី​ការប្រកួត​៤​លើក ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ ពូ​ល B តាម​ពីក្រោយ​អ៊ុយ​ក្រែ​ន​ដែល​ឈរ​កំពូល​តារាង​មាន​១៣​ពិន្ទុ ក្នុងការ​ប្រកួត​៥​លើក​។ ស៊ែ​ប៊ី​នៅ​លេខ​៣​មាន​៧​ពិន្ទុ លុច​សំបូ​មាន​៤​ពិន្ទុ​នៅ​លេខ​៤ ហើយ​លី​ទុយ​អា​នី​នៅ​បាត​តារាង​មាន​១​ពិន្ទុ​៕


Tag:
 Euro 2020
  Ballon d’Or
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com