ជាតិ
នាយករដ្ឋមន្រី្តឡាវ មកដល់កម្ពុជា! (រូបតំណាង)នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ធ្វើសន្និសីទកាសែតជាមួយគ្នា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
× ភ្នំពេញ៖ នាយករដ្ឋមន្រី្តឡាវ លោក ថងលូន ស៊ីស៊ូលីត បានមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ កញ្ញានេះ។ លោក ថងលូន ស៊ីស៊ូលីត នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ កញ្ញា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បម្រើផលប្រយោជន៍ប្រទេសទាំងពីរ។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី៧កញ្ញា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវនេះ ធ្វើឡើងក្រោយពេលដែលលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានទៅទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីពិភាក្សាពីរឿងព្រំដែននៃប្រទេសទាំងពីរ។ក្នុងពេលដែលលោក ប្រាក់ សុខុន ជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៊ីត គឺបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ត្រង់ទៅត្រង់មក ទាក់ទងដំណោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងកាបរទេសកម្ពុជា។
កាលពីថ្ងៃទី១៤ ខែសីហា កងទ័ពឡាវ មានគ្នាប្រមាណ២០នាក់ បានចូលមកកាន់កាប់តំបន់នេះ ដោយសំអាងថា តំបន់នោះជាទឹកដីរបស់ពួកគេ។ក្រោយទទួលបានដំណឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត តាមទូរសព្ទ នៅថ្ងៃទី២៤ សីហា ដោយស្នើសុំឱ្យរក្សាភាពស្ងៀមស្ងាត់នៅតំបន់ព្រំដែននេះដែរ។ តាមរយៈការចរចាគ្នានោះប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីឡាវដកទ័ពចេញពីតំបន់មុំបីនោះ ហើយកម្ពុជាក៏ដកកម្លាំងចេញដូចគ្នាដែរ ដើម្បីទុកពេលចរចាបន្តទៀត។ កងទ័ពកម្ពុជា និងឡាវ បានដកចេញរៀងខ្លួនពីព្រំដែន នៅចំណុចតំបន់មុំ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ សីហា៕
© រក្សាសិទ្ធិដោយ thmeythmey.com