អន្តរជាតិ
ចិន​បាន​ស្តីបន្ទោស​អាល្លឺម៉ង់​អំពី​ការជួប​ជាមួយ​សកម្មជន​ក្រុង​ហុងកុង​
12, Sep 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ចិន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​អាល្លឺម៉ង់​នៅក្នុង​ទីក្រុង​ប៉េកាំង​បន្ទាប់ពី​ជំនួប​កាលពីពេល​ថ្មីៗ​នេះ​រវាង​លោក Joshua Wong សកម្មជន​ក្រុង​ហុងកុង​និង​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ ដោយបាន​ប្រកាសថា ជំនួប​នោះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​។​



​លោក Ken Wu ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ស្តីបន្ទោស​ជា​សាធារណៈ​ដល់​បេស​កក​ជន​អាល្លឺម៉ង់​នៅក្នុង​ការជំទាស់​ប្រឆាំង​ជំនួប​កាលពី​ថ្ងៃ​ពុធ​ម្ស៉ិ​ល​មិញ ២​ថ្ងៃ បន្ទាប់ពី​លោក Heiko Maas រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ បាន​ជួប​ជាមួយ​លោក Wong នៅក្នុង​ទីក្រុង​ប៉េកាំង​។​

​ឯកអគ្គរដ្ឋទូត​ចិន​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​នៅក្នុង​រដ្ឋធានី​ប៊ែ​រ​ឡាំង​ថា ជំនួប​នេះ​នឹងមាន​ផលវិបាក​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ទ្វេភាគី ហើយ​ភាគី​ចិន​ត្រូវតែមាន​ប្រតិកម្ម​។​

​លោក Wong សកម្មជន​ក្រុង​ហុងកុង​បាន​ទៅដល់​ទីក្រុង​ប៊ែ​រ​ឡាំង​កាលពី​យប់​ថ្ងៃ​ចន្ទ​ហើយ​ត្រូវបាន​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោក Maas​។ ឯកអគ្គរដ្ឋទូត​ចិន​លោក Wu បាន​និយាយថា សមាជិកសភា​អាល្លឺម៉ង់​ក៏បាន​ជួប​ជាមួយ​លោក Wong ដែរ​។​

​ឯកអគ្គរដ្ឋទូត​ចិន​លោក Wu បាន​និយាយទៀតថា «​យើង​មិន​បានដឹង​ពី​គោលដៅ​របស់​អ្នកនយោបាយ​ទាំងអស់​នោះទេ​។ តើ​ពួកគេ​ប្រាកដជា​មានការ​ព្រួយ​កង្វល់​អំពី​សេរីភាព ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ក្រុង​ហុងកុង​មែនឬ​? ឬមួយ​ពួកគេ​គ្រាន់តែ​ចង់​បញ្ឆេះ​ភ្លើង​ហើយ​ធ្វើ​ឲ្យ​រឿងនេះ​ក្លាយជា​បញ្ហានយោបាយ​ឬ​?​។ មិនមាន​ការឆ្លើយតប​ភ្លាមៗ​មកពី​អាល្លឺម៉ង់​ទេ ក៏ប៉ុន្តែ​ជម្លោះ​នោះបាន​កើតមាន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក ស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​វិលត្រឡប់​មកពី​បំពេញ​ទស្សនកិច្ច​ប្រទេស​ចិន​វិញ​។ លោកស្រី Merkel បាន​មានប្រសាសន៍​កាលពីមុន​ថា លោកស្រី​បាន​ប្រាប់​ពួក​មេដឹកនាំ​ចិន​ថា ការលើកស្ទួយ​សិទ្ធិមនុស្ស​ជាការ​ចាំបាច់​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com