អន្តរជាតិ
ស្ត្រី​ហ្ស៊ី​ម​បា​វ៉េ​បានទទួល​កិត្តិយស​ដោយ​ត្រូវបាន​គេ​សង់​រូបសំណាក​របស់លោក​ស្រី​ក្នុង​ទីក្រុង​ញូវយ៉ក​
12, Sep 2019 , 7:59 pm        
រូបភាព
រូបសំណាកលោកស្រី Tererai Trent គឺជា រូបសំណាកមួយក្នុងចំណោម​រូបសំណាក «តំណាង​ឲ្យ​ភាពស្មើគ្នា»​ រចនាឡើងដោយ​លោកស្រី Gille និងលោក Marc Schattner។
រូបសំណាកលោកស្រី Tererai Trent គឺជា រូបសំណាកមួយក្នុងចំណោម​រូបសំណាក «តំណាង​ឲ្យ​ភាពស្មើគ្នា»​ រចនាឡើងដោយ​លោកស្រី Gille និងលោក Marc Schattner។
ដោយ: VOA
​ញូវយ៉ក​/​វ៉ាស៊ីនតោន ៖​ស្ត្រី​ដែលជា​សប្បុរសជន​ជនជាតិ​ហ្ស៊ី​ម​បា​វ៉េ​មួយរូប​បានទទួល​កិត្តិយស​ដោយ​ត្រូវបាន​គេ​សង់​រូបសំណាក​របស់លោក​ស្រី​ក្នុង​ទីក្រុង​ញូយ៉ក​។ លោកស្រី​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ដទៃទៀត​ដែល​ត្រូវបាន​គេ​សង់​រូបសំណាក​ដែល «​តំណាង​ឲ្យ​ភាពស្មើគ្នា​» ដែល​ត្រូវបាន​សង់​ឡើង​ដោយ​ជាងចម្លាក់​ដែលជា​ស្វាមីភរិយា​មួយគូ គឺ​លោកស្រី Gillie និង​លោក Marc Schattner​។​



​លោកស្រី Tererai Trent ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​កម្មវិធី Oprah Winfrey នៅ​ឆ្នាំ​២០០៩ ហើយ​បាន​លើកទឹកចិត្ត​ដល់​មនុស្ស​ជាច្រើន​នៅក្នុង​ពិភពលោក​តាមរយៈ​រឿងរ៉ាវ​របស់លោក​ស្រី ដែល​ជម្នះ​ឧបសគ្គ​ដើម្បី​សម្រេច​សុ​បិ​ន្ត​នៃ​ការបញ្ចប់​ការសិក្សា​របស់លោក​ស្រី​។​

​នៅ​ដើមខែ​កញ្ញា​កន្លងទៅនេះ លោកស្រី Tererai Trent បានឃើញ​រូបសំណាក​របស់លោក​ស្រី​នៅ​ឈរ​ទន្ទឹមនឹង​រូបសំណាក​របស់លោក​ស្រី Oprah Winfrey ដែល​ធ្វើ​ពី​សំរិទ្ធ​នៅក្នុង​ទីក្រុង​ញូយ៉ក​។ លោកស្រី​គឺជា មនុស្ស​ស្រី​ដែលមាន​ដើមកំណើត​អាហ្វ្រិក​តែ​ម្នាក់​គត់ ដែល​បានទទួល​កិត្តិយស​ដោយ​ត្រូវបាន​គេ​សង់​រូបសំណាក​«​តំណាង​ឲ្យ​ភាពស្មើគ្នា​»​នេះ​។​

​អ្នក​អប់រំ និង​សប្បុរសជន​ជនជាតិ​ហ្ស៊ី​ម​បា​វ៉េ​រូបនេះ គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​១០​នាក់ ដែល​ត្រូវបាន​គេ​សង់​រូបសំណាក​ដែល «​តំណាង​ឲ្យ​ភាពស្មើគ្នា​» ដែល​ត្រូវបាន​សង់​ឡើង​ដោយ​ជាងចម្លាក់​ដែលជា​ស្វាមីភរិយា​មួយគូ គឺ​លោកស្រី Gillie និង​លោក Marc Schattner​។ រូបសំណាក​របស់លោក​ស្រី Trent នេះ មាន​ដៃ​ទាំងពីរ​លើកឡើង ដែល​មើលទៅ​ដូចជា​ការលើកដៃ​ស្វាគមន៍ ហើយ​មាន​ស្លឹក​ផ្កា​លី​លី នៅ​ព័ទ្ធជុំវិញ​នៅ​ផ្នែក​ខាងក្រោម​នៃ​រូបសំណាក​នេះ​។ ផ្កា​លី​លី​នេះ​ជា​ផ្កា​តំណាង​ឲ្យ​ប្រទេស​របស់លោក​ស្រី​។​

​លោកស្រី Gillie Schattner ដែល​ជាងចម្លាក់​ម្នាក់​ក្នុងចំណោម​ជាងចម្លាក់​ពីរ​នាក់​ដែល​សង់​រូបសំណាក​របស់លោក​ស្រី Tererai Trent បាន​ថ្លែង​នៅឯ​ពិធី​បើក​បង្ហាញ​រូបសំណាក​នេះ យ៉ាង​ដូច្នេះ​ថា​៖

«​ការបង្ហាញ​រូបសំណាក​របស់​ស្ត្រី​ទាំងនេះ ដែល​ធំ​ជាង​រូបរាង​ពិត​របស់​ពួកគេ​នោះ នឹង​ជួយ​ផ្លាស់ប្តូរ​សង្គម​យើង​។ វា​ជាការ​ផ្លាស់ប្តូរ ដែល​លើកស្ទួយ​ជីវិត​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក​។ វា​ជាការ​ផ្លាស់ប្តូរ​ដែល​នឹងធ្វើ​ឲ្យ​មាន​សមភាព​យេនឌ័រ នៅក្នុង​ការប្រកប​វិជ្ជាជីវៈ ឧ​ស្សហកម្ម និង​នៅតាម​ផ្ទះ​»​។​

​ចំណែកឯ​លោកស្រី Trent វិញ​បាន​ថ្លែងថា​៖

«​ខ្ញុំ​មកពី​គ្រួសារ​ដ៏​ក្រីក្រ​មួយ​។ ខ្ញុំ​ធំ​ដឹងក្តី នៅក្នុង​ភាពក្រីក្រ​។ ខ្ញុំ​មានកូន​បួន​នាក់ មុនពេល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ​។ ក៏ប៉ុន្តែ ដោយសារ​ការគិត​ថា អំណាច​នៃ​ភាពជឿជាក់​ទៅលើ​ការសម្រេច​សុបិន​នោះ ថ្ងៃនេះ ខ្ញុំ​បានទទួល​ការអបអរ​។ ហើយ​ការគិត​ទៅដល់​ថា រូបសំណាក​របស់ខ្ញុំ​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ទីក្រុង​ញូយ៉ក ដែលជា​ទីក្រុង​ដ៏​ល្បី​បំផុត​ក្នុង​ពិភពលោក​នោះ គឺ​វា​មិនគួរ​ឲ្យ​ជឿ​ទាល់តែសោះ​។ សូម្បីតែ​យាយ និង​ម្តាយ​របស់ខ្ញុំ ក៏​មិនដែល​សុបិន​អំពី​រឿងនេះ​ដែរ​»​។​

​លោកស្រី Trent បាន​ធំ​ដឹងក្តី​នៅក្នុង​ភូមិ​មួយ ហើយ​ត្រូវបាន​បដិសេធ​មិន​ឲ្យ​ចូល​សាលារៀន​ដោយសារតែ ខ្លួន​ជាម​នុស្ស​ស្រី ដែល​រឿងនេះ ក៏បាន​កើតឡើង​ចំពោះ​ម្តាយ និង​យាយ​របស់​លោកស្រី​ផងដែរ​។ លោកស្រី បាន​រៀន​អាន​អក្សរ​ដោយ​សម្ងាត់ តាមរយៈ​ការប្រើ​សៀវភៅរ​បស់បង​ប្អូនប្រុស​របស់លោក​ស្រី ក៏ប៉ុន្តែ លោកស្រី​បាន​រៀបការ​ជាមួយ​មនុស្ស​ប្រុស​ដ៏​យង់ឃ្នង​ម្នាក់ នៅពេល​លោកស្រី​អាយុ ១១​ឆ្នាំ​។​

​ក៏ប៉ុន្តែ​លោកស្រី​មិន​អនុញ្ញាត​ឲ្យ​សុបិន​របស់លោក​ស្រី​រលា​យ​បាត់ទៅ​នោះទេ​។ លោកស្រី បាន​ផ្លាស់​មក​រស់នៅ​សហរដ្ឋអាមេរិក ហើយ​បានបញ្ចប់​ការសិក្សា ដែល​នៅ​ទីបំផុត​លោកស្រី បានទទួល​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត ក្រោយពី​ការខិតខំ​ប្រឹងប្រែង​អស់​រយៈពេល ២០​ឆ្នាំ​។ លោកស្រី​បាន​បង្រៀន​អំពី​សុខភាព​សាកល នៅ​សាកលវិទ្យាល័យ Drexel ហើយ​បច្ចុប្បន្ននេះ លោកស្រី​កំពុងតែ​គ្រប់គ្រង​មូលនិធិ​មួយ​ដែលមាន​ឈ្មោះថា Tererai Trent International Foundation ដែល​មូលនិធិ​នេះ​ផ្តោតទៅលើ ការផ្តល់​ការអប់រំ​ដល់​កុមារ​នៅក្នុង​តំបន់​ជនបទ​នៅក្នុង​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​។ លោកស្រី​ត្រូវបាន​គេ​ស្វែងរក​ដើម្បី​អញ្ជើញ​ឲ្យ​និយាយ​ជា​សាធារណៈ និង​ជា​អ្នកនិពន្ធ​។​

​លោកស្រី Trent បាន​ថ្លែងថា​៖

«​នៅពេលដែល​ស្ត្រី​ម្នាក់ ត្រូវបាន​គេ​បំបិតមាត់​នោះ មួយផ្នែក​នៃ​ស្ត្រី​យើងទាំងអស់គ្នា​ក៏​ត្រូវបាន​បំបិតមាត់​ដែរ​។ ក៏ប៉ុន្តែ នៅពេលដែល​ស្ត្រី​យើង​ងើបឡើង និង​បានការ​ទទួលស្គាល់​នៅក្នុង​វិស័យ​សាធារណៈ​នានា​នោះ យើងទាំងអស់គ្នា ក៏​ទទួលបាន​ភាព​រីករាយ​យ៉ាងពិត​ប្រាកដ ដោយ​ដឹងថា យើងទាំងអស់គ្នា គឺមាន​ភាពស្មើគ្នា​នឹង​បុរស​»​។​

​អ្នកស្រី Anesu Munengwa ដែលជា​អ្នកគ្រប់គ្រង​កម្មវិធី​នៃ​មូលនិធិ Tererai Trent International Foundation បាន​និយាយថា លោកស្រី Trent មិនបាន​ភ្លេចខ្លួន​ដោយសារ​ភាពល្បីល្បាញ​ទេ​។ លោកស្រី បាន​បន្តធ្វើ នូវ​អ្វីដែល​លោកស្រី​បានធ្វើ​ដោយ​ស្ងៀមស្ងាត់ ហេតុ​ដូច្នេះហើយ ជួនកាល​យើង​ត្រូវ​រំឭក​មនុស្ស​ទូទៅ​អំពី​ការងារ​ដែល​លោកស្រី​កំពុង​ធ្វើ និង​ផល​នៃ​ការងារ​នោះ​ទៅលើ​សហគមន៍​របស់លោក​ស្រី​»​។​

​រឿងរ៉ាវ​របស់លោក​ស្រី​បាន​លើកទឹកចិត្ត​មនុស្ស​ទូទៅ​នៅ​ជុំវិញ​ពិភពលោក​។ លោកស្រី Oprah Winfrey បានប្រកាសថា លោកស្រី​នឹង​ឧបត្ថម្ភ​ប្រាក់ ១​លាន ៥​សែន ដុល្លារ ដើម្បី​ជួយ​លោកស្រី Trent ក្នុង​ការសង់​សាលារៀន​។ រហូតដល់​សព្វថ្ងៃនេះ ពួកគេ​សង់សាលា​រៀន បាន ១២ អាគារ នៅក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ និង​បាន​ជួយ​កុមារ​ចំនួន ៣៨.០០០​នាក់ ឲ្យ​ទទួលបាន​ការអប់រំ​។ ឥឡូវនេះ ពួកគេ​ខ្លះ កំពុងតែ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​។​

​អ្នកស្រី Beatrice Nyamweda ដែលជា​មិត្ត​ភ័ក្ត្រ​របស់លោក​ស្រី Trent រយៈពេល​៣៥​ឆ្នាំ​មកហើយ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ ដើម្បី​ចូលរួម​ពិធី​បើក​បង្ហាញ​រូបសំណាក​នេះ​។ អ្នកស្រី បាន​និយាយថា ផល​ដែល​ទទួលបាន​ដោយសារ​លោកស្រី Trent កំពុងតែ​កើតមានឡើង​នៅក្នុង​សហគមន៍​នានា​ក្នុងប្រទេស​ហ្ស៊ី​ម​បា​វ៉េ ដែល​ការទទួលបាន​ឱកាស មានការ​ខ្វះខាត​។​

​អ្នកស្រី Beatrice Nyamweda ថ្លែងថា​៖

«​មាន​កុមារ​១០​នាក់ ដែល​បាន​ទៅ​សាលារៀន​របស់​អ្នកស្រី ហើយ​បច្ចុប្បន្ននេះ បានចាប់ផ្តើម​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ហើយ​។ លោកស្រី បាន​ផ្លាស់​ប្តូរជីវិត​កុមារ​ទាំងនេះ ដែល​ពួកគេ​ទាំងនោះ មាន​ប្រាជ្ញា​វ័យឆ្លាត ក៏ប៉ុន្តែ ខ្វះ​ធនធាន​។ ចំពោះ​រឿងនេះ ខ្ញុំ​មាន​មោទនភាព​ចំពោះ​លោកស្រី​»​។​

​នៅក្នុង​អំឡុងពេល​ពិធី​បើក​បង្ហាញ​រូបសំណាក លោកស្រី Trent បាន​និយាយថា ភាព​រីករាយ​ខ្លាំង​បំផុត​របស់​លោកស្រី គឺ​ការផ្តល់​ឲ្យ​បន្ត​នូវ​ឱកាស​ដែល​អ្នកស្រី​បានទទួល​។ អ្នកស្រី បានសម្រេច​ចិត្ត​យ៉ាង​មុតមាំ ក្នុងការ​បញ្ចប់​ភាពក្រីក្រ​ដែល​បន្ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ និង​ការដាក់​គំនាប​ទៅលើ​ស្ត្រី​នៅក្នុង​គ្រួសារ​របស់លោក​ស្រី​ជាច្រើន​ជំនាន់​។​

​លោកស្រី Trent បាន​ថ្លែងថា​៖

«​យាយ​របស់ខ្ញុំ ធ្លាប់​និយាយថា នៅពេលដែល​ខ្ញុំ​គិតដល់​យាយទួត​របស់ខ្ញុំ នៅពេលដែល​គាត់​កើត គឺ​គាត់​មាន​បន្ទុក​ជាប់​ខ្លួន​។ បន្ទុក​នោះ គឺ​ភាពក្រីក្រ និង​បន្ទុក​ដែល​ត្រូវ​រៀបការ​ទាំង​ខ្លួន​មិនទាន់​គ្រប់​អាយុ​។ ដូច្នេះ ក្នុងនាម​ជា​ស្ត្រី និង​ជា​បុគ្គល​ម្នាក់ យើង​មាន​ជម្រើស​ក្នុងការ​និយាយថា ខ្ញុំ​ចង់​បន្ត​បន្ទុក​ដ៏​អាក្រក់​នេះ ឬ ថា​តើ​ខ្ញុំ​ចង់​ធ្វើ​សកម្មភាព​អ្វីមួយ​នៅក្នុង​ជីវិត​របស់ខ្ញុំ ដើម្បី​បង្ហាញ និង​ថា​តើ​អ្វីដែល​ខ្ញុំ​ចង់​ឲ្យ​បន្តទៅ​មនុស្ស​ជំនាន់​ក្រោយ​? ខ្ញុំ​សម្រេច​ថា ខ្ញុំ​ចង់​ឲ្យ​បន្ត​ដល់​ក្មេងជំនាន់ក្រោយ នូវ​ការអប់រំ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com