អន្តរជាតិ
រុះរើគណៈរដ្ឋមន្ត្រីលើកទី៧ លោក អាបេ ប្ដូរដ្ឋមន្ត្រីការពារជាតិ និងការបរទេស នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ និងសមាជិកគណៈរដ្ឋមន្រ្តីថ្មី។ រូបភាព AFP
× នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅថ្ងៃទី១១ ខែកញ្ញា បានប្រកាសរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួន ខណៈលោកកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រីយូរជាងគេរបស់ជប៉ុន។ ជាការរុះរើលោកទី៧ លោក អាបេ បានផ្លាស់ប្ដូរតំណែងរដ្ឋមន្ត្រីការពារជាតិ និងការបរទេស ហើយតែងតាំងអ្នកនយោបាយវ័យក្មេងមានប្រជាប្រិយភាពម្នាក់ជារដ្ឋមន្ត្រី។ ដូចរាល់ដងដែរ ស្ត្រីនៅតែមានចំនួនតិចតួចដដែលក្នុងក្បាលម៉ាស៊ីនរដ្ឋាភិបាលជប៉ុនថ្មី។
រដ្ឋមន្ត្រីពាណិជ្ជកម្ម តូស៊ីមីស៊ុ ម៉ូតេគី ក្លាយជារដ្ឋមន្ត្រីការបរទេស ឯរដ្ឋមន្ត្រីការបរទេស តារ៉ូ កូណូ ក្លាយជារដ្ឋមន្ត្រីការពារជាតិ ហើយអ្នកនយោបាយវ័យក្មេង ស៊ីនជីរ៉ូ កូអ៊ីស៊ូមី ក្លាយជារដ្ឋមន្ត្រីបរិស្ថាន ខណៈអតីតកីឡាការិនីអូឡាំពិក សេកូ ហាស៊ីម៉ូតុ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីរៀបចំកីឡាអូឡាំពិកឆ្នាំ២០២០ ។ នេះជាការផ្លាស់ប្ដូរគួរឲ្យចាប់អារម្មណ៍ក្នុងការរុះរើគណៈរដ្ឋមន្ត្រីលើកទី៧ របស់នាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ នៅថ្ងៃទី១១ ខែកញ្ញា។
ការផ្លាស់ប្ដូររដ្ឋមន្ត្រីពេលនេះ ត្រូវបានមើលឃើញថា ជាការទាក់ទាញអ្នកបោះឆ្នោតជប៉ុន ខណៈលោក អាបេ កំពុងស្ថិតលើដំណើរផ្លូវទៅកាន់តំណែងនាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់ជប៉ុននៅខែវិច្ឆិកាខាងមុខ។ ក្រៅពីផ្លាស់ប្ដូររដ្ឋមន្ត្រីជាច្រើន លោក អាបេ បានរក្សាទុកសម្ព័ន្ធមិត្តសំខាន់ៗក្នុងជួររដ្ឋាភិបាលដដែល។ លោក តារ៉ូ អាសូ បន្តតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច ខណៈលោក យូស៊ីហ៊ីដេ ស៊ូហ្កា បន្តជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រីដ៏មានឥទ្ធិពល។
ការតែងតាំងលោក ម៉ូតេគី ជារដ្ឋមន្ត្រីការបរទេស ត្រូវបានមើលឃើញថា ជារង្វាន់សម្រាប់រូបលោកដែលប្រឹងប្រែងក្នុងវិស័យពាណិជ្ជកម្ម ពិសេសការចរចាជាមួយអាមេរិកអំឡុងពេលកាន់តំណែងរដ្ឋមន្ត្រីពាណិជ្ជកម្ម។ ចំណែកការតែងតាំងលោក កូណូ ជាប្រមុខការពារជាតិថ្មីជំនួសលោក តាកេស៊ី អ៊ីវ៉ាយ៉ា នោះ អាចជាការពង្រឹងជំហររឹងត្អឺងថែមទៀតរបស់ក្រុងតូក្យូ ស្របពេលដែលទំនាក់ទំនងជាមួយក្រុងសេអ៊ូលកំពុងយ៉ាប់យ៉ឺន។
ការតែងតាំងគួរឲ្យចាប់អារម្មណ៍នោះ គឺវត្តមានលោក ស៊ីនជីរ៉ូ ក្នុងតំណែងរដ្ឋមន្ត្រីបរិស្ថាន។ លោក ស៊ីនជីរ៉ូ ជាកូនប្រុសអតីតនាយករដ្ឋមន្ត្រី ជូនីឈីរ៉ូ កូអ៊ីស៊ូមី ដែលជាមេដឹកនាំទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីសំណាក់ប្រជាជនជប៉ុន។ ក្នុងវ័យ៣៨ឆ្នាំ លោក ស៊ីនជីរ៉ូ ក្លាយជារដ្ឋមន្ត្រីវ័យក្មេងជាងគេទីបីរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទីពីរ។ លោក អាបេ ជឿជាក់ថា រដ្ឋមន្ត្រីវ័យក្មេងនេះ នឹងកាន់ការងារបានល្អ។
ជាសមាជិកសភាជាន់ទាបរបស់ជប៉ុនផងនោះ លោក ស៊ីនជីរ៉ូ ត្រូវបានមើលឃើញថា ជាតារារះក្នុងឆាកនយោបាយនយោបាយរបស់ជប៉ុន និងទំនងជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីបន្តពីលោក អាបេ នៅឆ្នាំ២០២១ ផងដែរ។ ការតែងតាំងអ្នកនយោបាយវ័យក្មេងជារដ្ឋមន្ត្រីបែបនេះ នឹងជួយលើកស្ទួយប្រជាប្រិយភាពបក្សកាន់អំណាចប្រជាធិបតេយ្យសេរីមួយកម្រិតទៀតពិសេសក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេងតែម្ដង។
រឿងគួរឲ្យចាប់អារម្មណ៍មួយទៀត គឺចំនួនស្ត្រីក្នុងជួររដ្ឋាភិបាលថ្មី។ លោក អាបេ តែងតាំងស្ត្រីពីរនាក់ប៉ុណ្ណោះជារដ្ឋមន្ត្រីក្នុងការរុះរើលើកនេះ។ ក្រៅពីលោកស្រី ហាស៊ីម៉ូតុ ដែលទទួលបន្ទុកការរៀបចំកីឡាអឡាំពិក លោកស្រី សាណេ តាកាអ៊ិឈិ គឺជារដ្ឋមន្ត្រីមហាផ្ទៃ។ រដ្ឋមន្ត្រីរូបនេះ ជាអ្នកនយោបាយប្រកាន់តឹង និងជាតិនិយមខ្លាំង។ ជារឿយៗ លោកស្រី តាកាអ៊ិឈិ តែងធ្វើដំណើរទៅកាន់វិហារយ៉ាស៊ូគូនីដើម្បីរំឭកគុណយោធាជប៉ុន ទោះជាទីតាំងនេះជារឿងចម្រូងចម្រាសក្ដី៕
Tag:
ជប៉ុន
ស៊ិនហ្សូ អាបេ
© រក្សាសិទ្ធិដោយ thmeythmey.com