«​មជ្ឈមណ្ឌល​ផលិតផល​ខ្មែរ​»ខេត្តកំពង់ចាម ប្រមូល​ផលិតផល​សក្តានុពល​តា​មភូមិ ​​រក​ទីផ្សារ​ឲ្យអ្នកផលិត
ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
«​មជ្ឈមណ្ឌល​ផលិតផល​ខ្មែរ​»ខេត្តកំពង់ចាម ប្រមូល​ផលិតផល​សក្តានុពល​តា​មភូមិ ​​រក​ទីផ្សារ​ឲ្យអ្នកផលិត
12, Sep 2019 , 10:30 am        
រូបភាព
​កំពង់ចាម​៖ មន្ទីរ​ពាណិជ្ជកម្ម ខេត្តកំពង់ចាម បានដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ផលិតផល​ខ្មែរ កាលពី​ថ្ងៃទី​៨ ខែកញ្ញា​នេះ ដើម្បី​ប្រមូលយក​ផលិតផល​សក្តានុពល​, ផលិតផល​អត្តសញ្ញាណ និង​ផលិតផល​កែច្នៃ​ក្នុងស្រុក​ទាំង​១០ នៃ​ខេត្តកំពង់ចាម​។ ការប្រមូល​ផលិតផល​ខ្មែរ​ទាំងនោះ ចង់បង្ហាញ​ដល់​ភ្ញៀវទេសចរ​ឲ្យ​ស្គាល់​ពី​ផលិតផល​តំណាង​ស្រុក​នីមួយៗ​របស់​ខេត្ត និង​អាច​ទិញ​នៅក្នុង​មជ្ឈមណ្ឌល​បាន ដោយ​មិនចាំបាច់​ចុះទៅ​ដល់​ភូមិ ឬ​សហគមន៍​អ្នក​ផលិត​ឡើយ​។ ជាពិសេស ជួយ​ផ្សព្វផ្សាយ​និង​រក​ទីផ្សារ​ឲ្យ​ម្ចាស់​ផលិតផល ខណៈដែល​ផលិតផល​អត្តសញ្ញាណរ​បស់​ពួកគាត់​មួយចំនួន​ស្ទើរតែ​បាត់បង់ និង​គ្មាន​ទីផ្សារ​។​

 
​នៅក្នុង​ពិធី​«​ផ្សព្វផ្សាយ​និង​ប្រឹក្សា​យោបល់​ផលិតផល​សក្តា​នុ​ខេត្តកំពង់ចាម​» កាលពី​ថ្ងៃទី​០៨-១០ ខែកញ្ញា ឆ្នាំ​២០១៩ របស់​មន្ទីរ​ពាណិជ្ជក​ម្ម ខេត្តកំពង់ចាម ដែល​សហការ​ជាមួយនឹង​ក្រសួងពាណិជ្ជកម្ម បានដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ផលិតផល​ខ្មែរ ដែល​ស្ថិតនៅក្នុង​បរិវេណ​មន្ទីរ​ពាណិជ្ជកម្ម​ផ្ទាល់​។ លោក ឈាង បូ​រិ​ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្តកំពង់ចាម បាន​ថ្លែងប្រាប់ ThmeyThmey 25 ថា មន្ទីរ បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង ក្នុង​គោលដៅ​ដាក់​បង្ហាញ​ដល់​ភ្ញៀវទេសចរ ដែល​ចូលមក​កម្សាន្ត​នៅ​ខេត្តកំពង់ចាម អាចមាន​ឱកាស​ចូល​មើ​ល​ផលិតផល​របស់​ខេត្ត​បាន​។ មកដល់ពេលនេះ ក្រុមការងារ​ប្រមូល​ផលិតផល​បាន​ជិត​២០​មុខ​ហើយ ហើយនឹង​បន្ត​ប្រមូល​បន្ថែមទៀត​។​


 (លោក ឈាង បូ​រិ​ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្តកំពង់ចាម)

​ផលិតផល​សក្តានុពល​, ផលិតផល​អត្តសញ្ញាណ និង​ផលិតផល​កែច្នៃ​ផ្សេងៗ ដែល​មជ្ឈមណ្ឌល​ផលិតផល​ខ្មែរ ប្រមូលបាន​តាម​ស្រុក​ទាំង​១០ នៅក្នុង​ខេត្តកំពង់ចាម នេះ ត្រូវបាន​លោក ឈាង បូ​រិ​ន បញ្ជាក់ថា​៖ «​យើង​យកមក​ដាក់​ផ្សព្វផ្សាយ ហើយ​បើ​អ្នកទស្សនា​ចូល​ទិញ យើង​ក៏​លក់ ហើយ​ចំណូល​បាន​ពី​ការលក់​ក៏​ផ្តល់​ឲ្យ​ម្ចាស់​ផលិត​វិញ គឺ​យើង​ជួយ​គាត់ យើង​មិនមែន​លក់​យកប្រាក់​ចំណេញ​ទេ​។ គោលដៅ​របស់​យើង គឺ​ចង់​ប្រមូល​ផលិតផល​ខ្មែរ​ទាំងអស់ មក​ដាក់​បង្ហាញ​ភ្ញៀវទេសចរ​បានដឹងថា មន្ទីរ​យើង​មាន​ទំនាក់ទំនង​ជាមួយ​ផលិតផល​ក្នុង​ខេត្ត​។ ក្នុងនាម​យើង​ជាម​ន្ទីរ ដែល​ជួយ​រក​ទីផ្សារ​ឲ្យ​ម្ចាស់​ផលិតផល យើង​មាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ផលិតផល​នៅក្នុង​ខេត្ត ក៏ដូចជា​ផលិតផល​ខ្មែរ​មួយចំនួនទៀត​»​។​


 
​មជ្ឈមណ្ឌល​ផលិតផល​ខ្មែរ ដែល​ស្ថិតក្នុង​បរិវេណ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នៅក្បែរ​ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម បានដាក់​ឲ្យ​ដំណើរការ​នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០១៩ នេះ គឺ​ប្រមូល​ផលិតផល​ខ្មែរ​ក្នុង​ខេត្តកំពង់ចាម បាន​ជិត​២០​មុខ​ហើយ សម្រាប់​ដាក់​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា និង​លក់​ជូន​អតិថិជន​នៅក្នុង​មជ្ឈមណ្ឌល​នេះ​ផ្ទាល់​ក្នុងតម្លៃ​ដូចគ្នា ដោយ​អ្នកទិញ​មិនចាំបាច់​ចុះទៅ​ដល់​ភូមិ ឬ​សហគមន៍​របស់​ម្ចាស់​ផលិតផល​ឡើយ​។ 


 
​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្ត​កំង់​ចាម លោក ឈាន បូ​រិ​ន បាន​ឲ្យ​ដឹង​ទៀតថា មន្ទីរ​បាន​ចុះទៅ​ស្រាវជ្រាវ​នៅតាម​មូលដ្ឋាន រក​ផលិតផល​ដែលមាន​លក្ខណៈ​ជា​ប្រពៃណី ឬបន្ត​ពី​ដូនតា យក​ផលិតផល​របស់គាត់​ម​ក​ដាក់​បង្ហាញ​នៅក្នុង​ការតាំងពិព័រណ៍​ផ្សេងៗ ដែល​មន្ទីរ​ពាណិជ្ជកម្ម​រៀបចំ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់គាត់​ឲ្យ​មាន​ទីផ្សារ​កាន់តែច្រើន​។ បច្ចុប្បន្ន ផលិតផល​មួយចំនួន​របស់​ខេត្តកំពង់ចាម ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​កូរ៉េខាងត្បូង និង​កំពុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ថៃ និង​ចិន ដើម្បី​ពង្រីក​ទីផ្សារ​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត​។ នេះ​បើតាម​លោក ឈាង បូ​រិ​ន អះអាង​ប្រាប់ ThmeyThmey 25 ៕









Tag:
 ផលិតផល​
  ទីផ្សារ​
  ទេសចរណ៍​
  កំពង់ចាម​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com