អន្តរជាតិ
នយោបាយអន្តរជាតិ
អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Habibie ទទួលមរណភាពក្នុងវ័យ៨៣ឆ្នាំ អតីតប្រធានាធិបតីឥណ្ឌូណេស៊ី Habibie ទទួលមរណភាព។ រូបភាព The Jakarta Post
×
អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Bacharuddin Jusuf Habibie បានទទួលមរណភាពនៅថ្ងៃពុធទី ១១ខែកញ្ញា។ រូបលោក គឺជាប្រធានាធិបតីដែលបានធ្វើកំណែទម្រង់ប្រជាធិបតេយ្យនៅឥណ្ឌូណេស៊ីក្រោយធ្វើរដ្ឋប្រហារទម្លាក់របបផ្តាច់ការរបស់លោក Suharto និងប្រគល់ឯករាជ្យដល់ទីម័រខាងកើតផងដែរ។
លោក Bacharuddin Jusuf Habibie ប្រធានាធិបតីទីបីរបស់ឥណ្ឌូណេស៊ី បានទទួលមរណភាពនៅអាយុ៨៣ឆ្នាំនៅថ្ងៃទី១១ ខែកញ្ញា ក្រោយសំរាកព្យាបាលនៅពេទ្យយោធាក្នុងរដ្ឋធានីហ្សាការតាអស់រយៈពេលជិតពីរសប្តាហ៍។ កូនប្រុសរបស់លោកបានបញ្ជាក់ថា លោក Habibie បានចូលសំរាកនៅមន្ទីរពេទ្យនៅថ្ងៃទី១ខែកញ្ញា ដោយបញ្ហាជំងឺបេះដូង។
លោក Habibie ត្រូវបានជ្រើសរើសអោយដឹកនាំឥណ្ឌូនេស៊ីកដោយឧត្តមសេនីយ៍ Suharto នៅពេលដែលមានបាតុកម្មដ៏ធំពីសិស្សនិស្សិតនៅឆ្នាំ១៩៩៨ ប្រឆាំងមេដឹកនាំផ្តាច់ការដែលកាន់អំណាច៣២ឆ្នាំរូបនេះ និងទាមទារឲ្យដោះស្រាយបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
មុននឹងត្រលប់មកជួយស្តារសេដ្ឋកិច្ចឥណ្ឌូនេស៊ីក្នុងរបបផ្តាច់ការរបស់លោកSuharto លោក Habibie ដែលជាវិស្វករដែលបានសិក្សានៅហូឡង់ និងអាល្លឺម៉ង់ បានចំណាយពេលជិតពីរទសវត្សរ៍ធ្វើការនៅក្រុមហ៊ុនផលិតយន្តហោះMesserschmitt-Boelkow-Blohm របស់អាល្លឺម៉ង់ផងដែរ។
បន្ទាប់ពីក្លាយជាប្រធានាធិបតីរួចមក លោក Habibie បានសុំទោសប្រជាជនឥណ្ឌូណេស៊ីដែលរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្សកន្លងមក និងរៀបចំឥណ្ឌូណេស៊ីអោយក្លាយទៅជាប្រទេសប្រជាធិបតេយ្យវិញ។ លោកបានបញ្ជាអោយមានការដោះលែងអ្នកទោសនយោបាយ ផ្តល់សេរីភាពសារព័ត៌មាន និងរៀបចំអោយមានការបោះឆ្នោតជាសកលផង។ លោកក៏បានអនុញ្ញាតអោយមានការបង្រៀនភាសាចិនផងដែរ បន្ទាប់ពីមានការហាមឃាត់ជិតបីទសវត្សរ៍ក្នុងរបបលោក Suharto។
នាកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងឆ្នាំ១៩៩៨ លោក Habibie ក៏បានជំរុញលើកទឹកចិត្តកម្ពុជាឲ្យក្លាយជាសមាជិកអាស៊ានផងដែរ។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាក្លាយជាសមាជិកអាស៊ានផ្លូវការ។
លោក Habibie កើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៣៦ ជាកូនទី៤ក្នុងចំណោមបងប្អូន៨នាក់។ ឪពុករបស់លោកគឺជាជនជាតិដើម Sulawesi និងម្តាយរបស់លោកជាអ្នកមានម្នាក់នៅ Yogyakarta ។ ប្រពន្ធរបស់លោកគឺជាគ្រូពេទ្យវេជ្ជសាស្ត្រមួយរូបហើយបានទទួលមរណភាពនៅឆ្នាំ២០១០កន្លងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com