ជាតិ
កម្ពុជាសម្រេចទិញអគ្គិសនី២៤០០មេហ្គាវ៉ាត់ពីឡាវ ដោយទឹកប្រាក់ជិត៥ពាន់លានដុល្លារ រយៈពេល៣០ឆ្នាំ
× ភ្នំពេញ៖ រដ្ឋាភិបាល បានសម្រេចទិញអគ្គិសនី២៤០០មេហ្គាវ៉ាត់ពីឡាវ ដោយទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ រយៈពេល៣០ឆ្នាំ ដើម្បីយកមកផ្គត់ផ្គង់ និងបំពេញតម្រូវការអ្នកវិនិយោគ និងពលរដ្ឋកម្ពុជា។ គម្រោងទិញអគ្គិសនីនេះ ត្រូវបានប្រមុខរដ្ឋាភិបាលអនុម័ត នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១១ កញ្ញា។
ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា ឱ្យមានសុវត្ថិភាព និងបរិមាណគ្រប់គ្រាន់នោះ រដ្ឋាភិបាល បានសម្រេចនាំចូលថាមពលអគ្គិសនីពីប្រទេសឡាវបន្ថែមទៀត ក្រៅពីការអភិវឌ្ឍប្រភពថាមពលអគ្គិសនីក្នុងស្រុក។ ក្រោយពីបានព្យាករលើតម្រូវការវិនិយោគ និងអគ្គិសនីនេះ រដ្ឋាភិបាល ក៏បានសម្រេចអនុម័តលើគម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០មេហ្គាវ៉ាត់ ពីរោងចក្រ២កន្លែង ក្នុងប្រទេសឡាវ ដែលត្រូវផ្គត់ផ្គង់ផ្ដាច់មុខមកកម្ពុជា តាមរយៈការភ្ជាប់ផ្ទាល់មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា។ បើតាមរដ្ឋាភិបាលកម្ពុជា គម្រោងវិនិយោគលើអគ្គិសនី គឺមានទំហំទឹកប្រាក់ ៤,៩៧០ លានដុល្លារអាមេរិក ដោយមានអាណត្តិនៃកិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រយៈពេល៣០ឆ្នាំ។
«ក្នុងបរិបទនេះ រាជរដ្ឋាភិបាល បានតម្រង់ទិសជាអាទិភាពទៅរកប្រទេសឡាវ ព្រោះការនាំចូលថាមពលអគ្គិសនីពីប្រទេសឡាវ មានលក្ខណៈអនុគ្រោះទាំងថ្លៃ ទាំងបរិមាណ និងលក្ខខណ្ឌទិញលក់ល្អប្រសើរ ហើយមានសុវត្ថិភាពយូរអង្វែង»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានបន្ថែមថា គម្រោងដែលរដ្ឋាភិបាលបានសម្រេចនេះ នឹងដាក់ស្នើទៅស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីសុំការអនុម័តយល់ព្រមបន្ថែមទៀត។
សម្រាប់ប្រមុខរដ្ឋាភិបាល គម្រោងទិញអគ្គិសនីពីប្រទេសឡាវនេះ វាផ្ដល់អត្ថប្រយោជន៍៧ចំណុចដល់កម្ពុជា រួមមាន៖ ទី១ ការទទួលបានថ្លៃអគ្គិសនី ៧,៧ សេនដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលមានតម្លៃទាប បើធៀបនឹងបណ្ដារោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មផ្សេងទៀតនៅកម្ពុជា និងមានថ្លៃថេរ ដែលឆ្លើយតបនឹងគោលនយោបាយបញ្ចុះថ្លៃភ្លើង របស់រដ្ឋាភិបាល។ ទី២ លក្ខខណ្ឌបច្ចេកទេស និងសេដ្ឋកិច្ចនៃកិច្ចព្រមព្រៀងភាគីទាំងពីរ មានលក្ខណៈប្រសើរជាងកិច្ចព្រមព្រៀង ដែលធ្លាប់មានកន្លងមក។ ទី៣ តម្លៃអគ្គិសនីទាប វាជួយឱ្យកម្ពុជាកាត់បន្ថយការទិញថាមពលអគ្គិសនី ដែលមានតម្លៃខ្ពស់ពីប្រទេសវៀតណាម និងថៃ នាពេលបច្ចុប្បន្ន។ ទី៤ ប្រភពអគ្គិសនីពីឡាវនេះ អាចធានាបានការផ្គត់ផ្គង់ថាមពលបន្ថែម ដល់ប្រព័ន្ធអគ្គិសនីជាតិឱ្យមានស្ថិរភាព ជាពិសេសនៅរដូវប្រាំង។ ទី៥ កម្មករនិយោជិតអគ្គិសនីកម្ពុជា អាចទទួលបានចំណេះដឹង ពង្រឹងជំនាញបន្ថែមទៀត តាមរយៈការសិក្សាផ្ទាល់ នៅរោងចក្រអគ្គិសនី ក្នុងប្រទេសឡាវ។ ទី៦ កម្ពុជា អាចមានលទ្ធភាពបន្ថែមទៀត ក្នុងការវិនិយោគសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់៥០០គីឡូវ៉ុល ដែលអនុញ្ញាតឱ្យកម្ពុជា អាចទិញថាមពលដែលមានថ្លៃទាបសមរម្យពីបណ្ដុំស្ថានីយវារីអគ្គិសនី នៅភាគខាងត្បូងនៃប្រទេសឡាវ និងចុងក្រោយ កម្ពុជា ក៏មិនរងផលប៉ះពាល់បរិស្ថាន ដោយសារអគ្គិសនីផងដែរ។
មូលហេតុដែលនាំឱ្យកម្ពុជា ត្រូវការអគ្គិសនីបន្ថែមនេះ ដោយសារតែសកម្មភាពវិនិយោគបានកើនឡើងយ៉ាងគំហុក ជាពិសេសវិស័យសំណង់ ដែលបានជះឥទ្ធិពលនៃការប្រើប្រាស់អគ្គិសនី ទាំងនៅក្នុងឆ្នាំ២០១៩នេះ និងនៅឆ្នាំបន្តបន្ទាប់ទៀតកើនឡើង លើសពីការគ្រោងទុក។ នេះបើតាមរដ្ឋាភិបាលកម្ពុជា។
បច្ចុប្បន្នកម្ពុជាមានសមត្ថភាពប្រើប្រាស់អគ្គិសនីបាន៨៦ភាគរយប៉ុណ្ណោះ ខណៈពេលដែលរាជរដ្ឋាភិបាលប្តេជ្ញាឲ្យបាន១០០ភាគរយនៅឆ្នាំ២០២១។ ត្រង់ចំណុចលោក វិចទ័រ ហ្សូនា អគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់ត្រឹមតែ២៦០០មេហ្គាវ៉ាត់ ស្របពេលតម្រូវការជាក់ស្ដែងបច្ចុប្បន្នខ្ទង់៣០០០មេហ្គាវ៉ាត់ ទើបអាចផ្គត់ផ្គង់តំបន់សេដ្ឋកិច្ច ទីកន្លែងកម្សាន្ត លំនៅដ្ឋានដែលនៅដាច់ស្រយោល របស់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់។
កន្លងមករដ្ឋាភិបាល បានបញ្ចេញមូលនិធិឧបត្ថម្ភធនដល់វិស័យអគ្គិសនីជាង១០០លានដុល្លារក្នុងឆ្នាំ២០១៩ ដើម្បីអនុវត្តផែនការអនុគ្រោះថ្លៃអគ្គិសនី សម្រាប់ជួយដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម។
សម្រាប់ប្រជាពលរដ្ឋ ដែលប្រើប្រាស់អគ្គិសនីចាប់១គីឡូវ៉ាត់ដល់១០គីឡូវ៉ាត់ក្នុងមួយខែ ហើយត្រូវបង់ថ្លៃ៤៨០រៀលនោះ នឹងត្រូវបញ្ចុះតម្លៃមកបង់ត្រឹម៣៨០រៀល ។ ចំណែកពលរដ្ឋប្រើប្រាស់ពី១១ ដល់៥០គីឡូវ៉ាត់មួយខែ ដែលត្រូវបង់ថ្លៃ៦១០រៀល ត្រូវបញ្ចុះថ្លៃមកត្រឹម៤៨០រៀលវិញ នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ នេះបើតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្ដេច ហ៊ុន សែន ក៏បានកំណត់តម្លៃអគ្គិសនី សម្រាប់ពលរដ្ឋដែលប្រើប្រាស់អគ្គិសនីចាប់ពី៥១គីឡូវ៉ាត់ឡើងទៅដល់២០០គីឡូវ៉ាត់ ដែលបញ្ចុះពីតម្លៃ៧៧០រៀលនោះ នឹងត្រូវចុះមកត្រឹម៦១០រៀលវិញ។ រីឯពលរដ្ឋដែលប្រើប្រាស់ភ្លើងចាប់ពី២០១គីឡូវ៉ាត់ឡើងទៅ ដែលបង់ថ្លៃ៧៧០រៀល នឹងត្រូវចុះមកបង់ថ្លៃត្រឹម៧៤០រៀលនៅឆ្នាំ២០១៩ និងតម្លៃ៧៣០រៀល នៅឆ្នាំ២០២០៕
Tag:
ហ៊ុន សែន
អគ្គិសនី
ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com