FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA គ្រោង​ដក​ច្បាប់​ហាម​ស្ត្រី​អ៊ីរ៉ង់​ចូល​កីឡដ្ឋាន ក្រោយ​នារី​អ៊ីរ៉ង់​ម្នាក់​ដុត​សម្លាប់ខ្លួន​តវ៉ា​បម្រាម​នេះ​
12, Sep 2019 , 2:19 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នៅ​ថ្ងៃទី​១១ ខែកញ្ញា​ថា​នឹង​បញ្ជូន​មន្ត្រី​ខ្លួន​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​ឆាប់ៗ​នេះ​ដើម្បី​ពិនិត្យមើល​លទ្ធភាព​នៃ​ការអនុញ្ញាតិ​ឲ្យ​អ្នកគាំទ្រ​កីឡាបាល់ទាត់​ជា​ស្ត្រី​អ៊ឺ​រ៉ង់​អាច​ចូល​ទស្សនា​ការប្រកួត​ក្នុង​កីឡដ្ឋាន​វិញ​។ ជំនួប​អ៊ីរ៉ង់​-​កម្ពុជា ក្នុងការ​ប្រកួត​ជម្រុះ World Cup ជុំ​ទី​២ ខែក្រោយ អាច​នឹងមាន​អ្នកគាំទ្រ​ស្ត្រី​ចូលរួម​ផ្លូវការ​លើកដំបូង​។​



​ការប្រកាស​នេះ ធ្វើឡើង​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​អ្នកគាំទ្រ​ស្ត្រី​អ៊ីរ៉ង់​ម្នាក់​សម្រេច​ដុត​សម្លាប់ខ្លួន​នៅខាងមុខ​តុលាការ ដ្បិត​នាង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៦​ខែ ពីបទ​ព្យាយាម​ចូល​កីឡដ្ឋាន​ដោយ​បន្លំ​ខ្លួន​ស្លៀកពាក់​ជា​បុរស​។​


(រូបខាងមុខ) នាង Sahar Khodayari កាលនៅរស់ អំឡុងពេលនាងចូលរួមការប្រកួតមួយ

​នាង Sahar Khodayari ដែល​គេ​ស្គាល់​ថា «Blue Girl» ដោយសារ​នាង​ជា​អ្នកគាំទ្រ​ក្លិប​កីឡាបាល់ទាត់​ដែល​ប្រើ​ឯកសណ្ឋាន​ពណ៌​ខៀវ Esteghlal FC នៃ​លី​គ​កំពូល​អ៊ីរ៉ង (Pro League)​។ ដោយសារ​ស្រឡាញ់​កីឡា​នេះ​ខ្លាំង នារី​វ័យ​២៩​ឆ្នាំ​រូបនេះ បង្ខំចិត្ត​ក្លែងខ្លួន​ជា​ប្រុស​ព្យាយាម​ចូលក្នុង​កីឡដ្ឋាន​ដែល​ស្ថិត​ក្រុង​តេ​ហេ​រ៉ង់ ប៉ុន្តែ​នៅតែ​ត្រូវ​សន្តិសុខ​កំណត់​អត្តសញ្ញាណ​បាន ហើយ​ចាប់ឃុំខ្លួន​។

Khodayari បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ដោយសារ​ការដុត​ខ្លួនឯង​នៅ​ខាងក្រៅ​តុលាការ ដែល​នេះ​ជាការ​បង្ហាញ​ពី​ការបូជា​ជីវិត​ដើម្បី​ប្រឆាំង​បម្រាម​របស់​ប្រទេស​នាង​។

​ខណៈ​ស្ត្រី​បរទេស​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​មើល​ការប្រកួត ផ្ទុយទៅវិញ​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​បានកំណត់​ការហាម​ប្រាម​ស្ត្រី​ជនជាតិ​ខ្លួន​មិន​ឲ្យ​មាន​វត្តមាន​ក្នុង​កីឡដ្ឋាន​សម្រាប់​ការប្រកួត​របស់​ក្រុម​បុរស​តាំងពី​ឆ្នាំ​១៩៨១​មក ពោលគឺ​ចាប់ពី​ពេល​បដិវត្ត​អ៊ីស្លាម ឆ្នាំ ១៩៧៩​។​



​ក្រោយ​មរណភាព​របស់ Khodayari ដែល​ធ្វើ​ឲ្យ​មាន​កំហឹង​រីក​រាលដាល់​ពេញ​ប្រទេស​អ៊ីរ៉ង់ និង​បណ្តាញ​សង្គម​នោះ ស្ថាប័ន​គ្រប់គ្រងកីឡាបាល់ទាត់​ពិភពលោក បានចេញ​បញ្ជា​ឲ្យ​មន្ត្រី​របស់ខ្លួន​ទៅកាន់​អ៊ីរ៉ង់​ដើម្បី​ពិភាក្សា​ដក​ការហាមឃាត់​នេះ​វិញ​។ FIFA ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា គណៈប្រតិភូ​របស់ខ្លួន​៣​រូប នឹង​ទៅដល់​អ៊ីរ៉ង់​ឆាប់ៗ​នេះ ដើម្បី​វាយតម្លៃ​ពី​ការអនុញ្ញាត​ឲ្យ​ស្ត្រី​អ៊ីរ៉ង់​ចូលក្នុង​កីឡាដ្ឋាន​វិញ នា​ការប្រកួត​វគ្គ​ជម្រុះ World Cup 2022 ក្នុង​ខែតុលា​ខាងមុខ​។​

​យ៉ាងណាក៏ដោយ FIFA មិនបាន​បន្ថែម​ព័ត៌មាន​លម្អិត​ទាក់ទង​កាលបរិច្ឆេទ​នៃ​ដំណើរ​ទៅ​ប្រទេស​នេះឡើយ ខណៈដែល​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ដើម្បី​ទទួលភ្ញៀវ​កម្ពុជា​សម្រាប់​ការប្រកួត​ជម្រុះ World Cup ជុំ​ទី​២ ពូ​ល C នៅ​ថ្ងៃទី​១០ ខែតុលា​៕


Tag:
 World Cup
  FIFA
  អ៊ីរ៉ង់​
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com