អន្តរជាតិ
រដ្ឋមន្ត្រី​បរិស្ថាន​ជប៉ុន​ថ្មី ចង់​បិទ​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ទូទាំងប្រទេស
12, Sep 2019 , 7:39 pm        
រូបភាព
Shinjiro Koizumi រដ្ឋមន្ត្រីបរិស្ថានជប៉ុនថ្មី (Bloomberg)
Shinjiro Koizumi រដ្ឋមន្ត្រីបរិស្ថានជប៉ុនថ្មី (Bloomberg)
ដោយ:
​ទើប​ទទួលបាន​តំណែង​ថ្មី​ក្នុង​ការរុះរើ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​ទី ១១ កញ្ញា រដ្ឋមន្ត្រី​បរិស្ថាន​ជប៉ុន ស៊ីន​ជី​រ៉ូ កូ​អ៊ី​ស៊ូ​មី (Shinjiro Koizumi) មានបំណង​បិទ​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ក្នុងប្រទេស​ជប៉ុន ដើម្បី​បញ្ចៀស​មហន្តរាយ​ច្រំ​ដែល​ដូច​នៅ Fukushima ក្នុង​ឆ្នាំ​២០១១ ។



«​ខ្ញុំ​ចង់​សិក្សា​ពី​វិធីសាស្ត្រ ដែល​យើង​នឹង​កម្ទេច​រ៉េ​អា​ក់ទ័រ​ទាំងនោះ​ចោល មិនមែន​ពី​របៀប​រក្សាទុក​ពួកវា​ទេ​»​។ លោក Shunjiro Kiuzumi បានបញ្ជាក់​បែបនេះ ក្នុង​សន្និសីទ​ព័ត៌មាន​លើកដំបូង កាលពី​ល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ក្រោយពី​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​បរិស្ថាន ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងបរិស្ថាន​ដែល​បច្ចុប្បន្ន​មាន​លោក Koizumi ជា​ប្រមុខ ជា​អ្នកគ្រប់គ្រង​លើ​និយ័ត​ករ​នុយក្លេអ៊ែរ​របស់​ជប៉ុន​។

​ការលើកឡើង​របស់​កូនប្រុស​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Junichiro Koizumi ដែលជា​បុគ្គល​ប្រឆាំង​នុយ​ក្លេ​អែរ​ដែរនោះ ទំនងជា​បង្កើត​ភាពចម្រូងចម្រាស​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់លោក អា​បេ (LDP)​។ បក្ស​កាន់អំណាច​នៅ​ជប៉ុន​នេះ  គាំទ្រ​ការវិល​ត្រលប់​មកវិញ​នូវ​ថាមពលនុយក្លេអ៊ែរ ដោយ​ដាក់ចេញ​ច្បាប់​សុវត្ថិភាព​តឹងរ៉ឹង​ថ្មី ក្រោយ​ហេតុការណ៍​ដ៏​រន្ធត់​នៅ Fukushima ។​

​រ៉េ​អា​ក់ទ័រ​ចំនួន ៣ នៅ​ស្ថានីយ៍ Fukushima Daiichi ដំណើរការ​ដោយ​ក្រុមហ៊ុន Tokyo Electri Power បាន​ដួលរលំ ក្រោយ​រង​ការ​ប្រហារ​ពី​គ្រោះរ​ញ្ជូ​យ​ដី និង​រលក​ស៊ូណាមិ​ដ៏​ធំ​សម្បើម​មួយ ក្នុង​ខែមីនា ឆ្នាំ​២០១១ ។ ការបាក់​រលំ​នេះ បណ្តាល​ឲ្យ​ធ្លាយ​វិទ្យុសកម្ម​ចេញមកក្រៅ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​បង្ខំ​ឲ្យ​មនុស្ស ១៦​ម៉ឺន​នាក់​ភៀសខ្លួន ហើយ​មនុស្ស​ជាច្រើន ពុំ​ត្រឡប់មកវិញ​ឡើយ​។​

​រ៉េ​អា​ក់ទ័រ​ជាច្រើន​ក្នុងប្រទេស​ជប៉ុន ដែល​មុន​កើតហេតុ​ការណ៍​នៅ Fukushima ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ៣០ សម្រាប់​ប្រទេស​នេះ កំពុង​ឆ្លងកាត់​ដំណើរការ​នៃ​ការស្នើសុំ​អាជ្ញាធរ​ជាថ្មី ក្រោម​ស្ដង់ដារ​សុវត្ថិភាព​ថ្មី​ដែល​ដាក់ចេញ​។ ហេតុផល​គឺថា គ្រោះមហន្តរាយ​នោះបាន​កើតឡើង​ដោយសារតែ​ចន្លោះប្រហោង​នៃ​ប្រតិបត្តិការ និង​និយ័តកម្ម​តឹងរ៉ឹង​។

​បច្ចុប្បន្ន ជប៉ុន មាន​រ៉េ​អា​ក់ទ័រ​ចំនួន ៦ ដែល​កំពុង​ប្រតិបត្តិការ ក្នុងចំណោម​រ៉េ​អា​ក់ទ័​រទាំង​៥៤​។​
 
​ឪពុក​របស់លោក​រដ្ឋ​មន្ត្រី​បរិស្ថាន​ជប៉ុន Shinjiro Koizumi ដែលជា​នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយភាព ឥឡូវ​ចូលនិវត្តន៍​ពីស​ភា បាន​រិះគន់​ខ្លាំងៗ​លើ​ការប្រើប្រាស់​ថាមពល​អា​តូ​មិ​ក ក្រោយ​វិបត្តិ​នុយក្លេអ៊ែរ នៅ Fukushima ៕

Tag:
 ជប៉ុន​
  បរិស្ថាន​
  Shinjiro Koizumi
  រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com