អន្តរជាតិ
អាមេរិក ពន្យារពេល​ដំឡើង​ពន្ធ​លើ​ចិន ព្រោះ​ចំ​ថ្ងៃកំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទី​៧០
12, Sep 2019 , 3:33 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៊ី ជិនភីងនៅកិច្ចប្រជុំG20 អូសាកា ប្រទេសជប៉ុន
ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៊ី ជិនភីងនៅកិច្ចប្រជុំG20 អូសាកា ប្រទេសជប៉ុន
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១១ ខែកញ្ញា បានប្រកាសថា អាមេរិក​យល់ព្រម​ពន្យា​ពេល​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ប្រមាណ​២៥០​ពាន់​លាន​ដុល្លារ​ដែល​គ្រោង​អនុវត្ត​នៅ​ថ្ងៃទី​១ ទៅ​ថ្ងៃទី ១៥ ខែតុលា​វិញ​។ ការពន្យា​ពេលនេះ ត្រូវធ្វើឡើង​តាម​សំណើរ​ស្នើសុំ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល​ចិន​។​



​ការដំឡើង​ពន្ធ​ពី​២៥​ភាគរយ​ទៅ​៣០​ភាគរយ​លើ​ទំនិញ​ចិន​ចំនួន​២៥០​ពាន់​លាន​ដុល្លារ​ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១ ខែតុលា ត្រូវបាន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពន្យារ​ទៅកាន់​ថ្ងៃទី​១៥ ខែ​ដដែល​វិញ​។ បើតាម​លោក ត្រាំ ការពន្យារ​ពេលនេះ ធ្វើឡើង​តាម​សំណើ​ឧបនាយករដ្ឋមន្ត្រី Lui He ដែលជា​ប្រមុខ​ការចរចា​របស់​ចិន​ក្នុងការ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​។

​តាមរយៈ​ការសរសេរ​នៅលើ​Twitter លោក ត្រាំ បាន​លើកឡើងថា​៖ «​យើង​យល់ព្រម​លើ​ការពន្យា​ពេល​យកពន្ធ ២៥០​ពាន់​លាន​ដុល្លារ ហើយ​នេះ​គឺជា​កាយវិការ​ដ៏​ល្អ​មួយ​»​។ ល្អ​ត្រង់​ថា លោក ត្រាំ មិន​ចង់​ឲ្យ​ការដំឡើង​ពន្ធ​របស់​អាមេរិក ប៉ះពាល់​ការអបអរ​ថ្ងៃ​គំរប់​ខួប​ទី​៧០ នៃ​កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃទី​១ ខែតុលា​ឡើយ​។​

​ការអះអាង​របស់​ប្រធានាធិបតី​អាមេរិក​បែបនេះ ក៏​ធ្វើឡើង​បន្ទាប់ពី​ចិន បាន​ដក​ទំនិញ​អាមេរិក ១៦​ប្រភេទ​ចេញពី​បញ្ជី​នៃ​ការដំឡើង​ពន្ធ​របស់ខ្លួន​រយៈពេល​មួយឆ្នាំ​។ ទំនិញ ១៦​ប្រភេទ​នេះ​មានដូចជា​ផលិតផល​គ្រឿង​សមុទ្រ ថ្នាំ​ប្រឆាំងនឹង​ជំងឺមហារីក និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ជាដើម​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ពន្ធ​គយ និង​ក្រុមប្រឹក្សារដ្ឋ​របស់​ចិន​។

​យ៉ាងណាក៏ដោយ ការ​ទំនិញ ដែល​ត្រូវបាន​ពន្យា​ពី​ការយកពន្ធ​ទាំងនោះ គឺ​មិន​រាប់​ប​ញ្ជូ​ល​ជាមួយ​ផលិតផល​កសិកម្ម​ឡើង ព្រោះ​វា​អាច​បំផ្លាញ​ដល់​កិច្ចព្រមព្រៀង​ចុងក្រោយ​របស់​ប្រទេស​ទាំង​ពីរបាន​។ ម្យ៉ាងទៀត​ការពន្យា​លើ​ការយកពន្ធ​នេះ គឺ​ដាក់​នៅលើ​ពន្ធ ដែល​ត្រូវ​តម្លើង​ចាប់ពី ២៥​ភាគរយ ដល់​៣០​ភាគរយ​។

​សូមបញ្ជាក់ថា​អ្នកតំណាង​របស់​ចិន និង​អាមេរិក នឹងមាន​ជំនួប​ចរចា​ពាណិជ្ជកម្ម​ជាមួយគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ដើមខែ​តុលា​ខាងមុខនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ពី​ការយកពន្ធ​ពីគ្នា​ទៅវិញទៅមក​ដ៏​ច្រើន​ស​ន្ទឹ​កស​ន្ទា​ប់​។ តាមពិតទៅ ចិន និង​អាមេរិក ក៏​ទើបតែ​ចាប់ផ្តើម​យកពន្ធ​ពីគ្នា​ទៅវិញទៅមក​ជា​លើកដំបូង ក្នុងតម្លៃ​ជាច្រើន​ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃទី​១ ខែកញ្ញា​៕
 

Tag:
 ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com