ជាតិ
ឡាវ ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជាមួយ​កម្ពុជា បន្ទាប់ពី​ចិន​
12, Sep 2019 , 8:19 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីស៊ូលីត នៅវិមានសន្តិភាព នាថ្ងៃទី១២ កញ្ញា ២០១៩
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីស៊ូលីត នៅវិមានសន្តិភាព នាថ្ងៃទី១២ កញ្ញា ២០១៩
​ភ្នំពេញ​៖ កម្ពុជា​-​ឡាវ បាន​ឯកភាពគ្នា លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ក្នុង​កម្រិត​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង លើ​ស្មារតី​សាមគ្គី​ភាពជា​ភាត​រៈ​នៃ​ភាគី​ទាំងពីរ​។ ឡាវ គឺជា​ប្រទេស​ទី​២​ហើយ បន្ទាប់ពី​ចិន ដែល​ប្រកាស​ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​កម្ពុជា​។​



​តាមរយៈ​ការប្រកាស​ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នេះ ភាគី​ទាំងពីរ បាន​ប្ដេជ្ញា​រួមគ្នា​អភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ ជាពិសេស​គោលការណ៍​ដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ស្រង់​ប្រសាសន៍​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ នៅ​ព្រឹក​ថ្ងៃទី​១២ កញ្ញា​នេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​ភាគី​ទាំងពីរ​បានបញ្ជាក់​ជាថ្មី​ពី​ការទុកចិត្ត និង​ការជឿជាក់​គ្នា​ទៅវិញទៅមក និង​ការគោរព​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ទៅវិញទៅមក (​រួមទាំង​)​ការមិន​ប្រើប្រាស់​កម្លាំង ឬ​ការ​គំរាម​ប្រើ​កម្លាំង ការដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី ព្រមទាំង​មិន​អនុញ្ញាតឱ្យ​ក្រុម​អ្នកនយោបាយ ឬ​កម្លាំងប្រដាប់អាវុធ​បរទេស​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់ខ្លួន ដើម្បី​ប្រឆាំងនឹង​ភាគី​ម្ខាង​ទៀតឡើយ​»​។​

​បន្ថែម​ពីនេះ​ភាគី​ទាំងពីរ​យល់ស្រប​គ្នា​ថា ការពង្រឹង​កិច្ចសហប្រតិបត្ដិការ​ផ្នែក​សង្គម​-​វប្បធម៌ ដែល​​រួមមាន​សុខុមាលភាព​សង្គម អប់រំ និង​កីឡា ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍ ការថែរក្សា​សុខភាព និង​យុវជន មិន​ត្រឹមតែ​ជួយ​គាំទ្រ​ដល់​ទំនាក់ទំនង​វិស័យសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​លើកកម្ពស់​ស្មារតី​មិត្តភាព​រវាង​ប្រជាជាតិ​ទាំងពីរ​ផងដែរ​។

​ក្រៅពី​ឯកភាព​បង្កើន​ទំនាក់ទំនង​ការទូត​កម្រិត​កំពូល​នេះហើយ ភាគី​ទាំងពីរ​ក៏បាន​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យបាន​ឆាប់​ផងដែរ​។ ដោយ​ក្នុងនោះ​មេដឹកនាំ​កម្ពុជា​-​ឡាវ សម្រេច​ប្រគល់​ភារកិច្ច​ឱ្យ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ព្រាង​ឱ្យបាន​ឆាប់​បំផុត​នូវ​សន្ធិសញ្ញា​សី្ត​ពី​ការ​ខណ្ឌសីមា​ព្រំដែន ពាក់ព័ន្ធ​កំណាត់​ព្រំដែន ដែល​បានកំណត់​ខណ្ឌសីមា​រួចហើយ ចំនួន​៨៦​ភាគរយ នៃ​ខ្សែ​ព្រំដែន​ភាគី​ទាំងពីរ​។ ចំពោះ​កំណាត់​ព្រំដែន ដែល​នៅ​សេសសល់​មិនទាន់​ខណ្ឌសីមា ភាគី​ទាំងពីរ នឹង​បន្ត​ពិភាក្សា​រិះរក​ផ្លូវ​ដោះស្រាយ​បញ្ហា​ដោ​យស​និ្ត​វិធី​ឱ្យបាន​ឆាប់​។ 

«​ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ប្រគល់​ភារកិច្ច​ជូន   គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ឱ្យ​ពិភាក្សាគ្នា​អំពី​ការដាំ​បង្គោល​ព្រំដែន​បន្ថែម​នៅលើ​កំណាត់​ព្រំដែន​ចំនួន ៨៦​ភាគរយ និង​ផលិត​ផែនទី​ព្រំដែន​ដោយ​បង្ហាញ​ពី​ខ្សែ​ព្រំដែន ដែល​ភាគី​ទាំងពីរ​បានទទួល​យក​សម្រាប់​ភ្ជាប់​ជា​ឧបសម្ព័ន្ធ​នៃ​សន្ធិសញ្ញា​ដូច​ពោល​ខាងលើ​។​លើសពីនេះ​ទៀត ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ឱ្យ​អនុវត្ត​នូវ​តួនាទី​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត ដើម្បី​ធានា​នូវ​សន្តិភាព និង​ស្ថិរភាព​នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ និង​ដើម្បី​ធ្វើឱ្យ​ព្រំដែន​កម្ពុជា​-​ឡាវ ក្លាយជា​ព្រំដែន​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជា​និរន្តរ៍​»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​។​

អត្ថបទទាក់ទង

​ឡាវ​គឺជា​ប្រទេស​ទី​២​ហើយ បន្ទាប់ពី​ចិន ដែល​ធ្វើជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​កម្ពុជា​។ គួររម្លឹកថា កាលពី​ខែធ្នូ ឆ្នាំ​២០១០ កម្ពុជា និង​ចិន បានសម្រេច​ដំឡើង​ទំនាក់ទំនង​ការទូត​ឲ្យ​ដល់​កម្រិត «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ដែលជា​កម្រិត​ខ្ពស់បំផុត​នៃ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​។ ការសម្រេច​នេះ ធ្វើឡើង​អំឡុង​ជំនួប​វាង​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ចិន វេន ជា​ប៉ាវ (Wen Jiabao) ។

​ជាការ​ពិត​ដែល​មិនអាច​ប្រកែក​បាន​នោះ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សុទ្ធតែ​ផ្ដល់​ប្រយោជន៍​ដល់​ភាគី​ទាំងសងខាង​។  ជារួម​ភាគី​ទាំងពីរ នឹង​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​វិស័យ​ជាច្រើន ស្ទើរតែ​ទាំងអស់​ទាំង​សេដ្ឋកិច្ច​, នយោបាយ​, សន្តិសុខ​,​ការទូត​,​ហិរញ្ញវត្ថុ​, ពាណិជ្ជកម្ម​, វប្បធម៌​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ផងដែរ​។ ដែល​ទំនាក់ទំនង​បង្កើតឡើង សំដៅ​សម្រេច​ឲ្យ​បាន​គោលដៅ​ដែល​បានដាក់​ចេញ ក៏ដូចជា​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ និង​ការជួយ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​ផ្សេង​៕


Tag:
 ហ៊ុន សែន​
  ថង​លូន ស៊ី​ស៊ូ​លី​ត​
  នយោបាយ​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com