អន្តរជាតិ
កូរ៉េខាងត្បូង ប្ដឹង​ជប៉ុន​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រឿង​រឹតត្បិត​ការនាំចេញ​
12, Sep 2019 , 9:39 pm        
រូបភាព
ទង់ជាតិកូរ៉េខាងត្បូង និងជប៉ុន, ប្រភព (Nikkei Asian Review)
ទង់ជាតិកូរ៉េខាងត្បូង និងជប៉ុន, ប្រភព (Nikkei Asian Review)
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១១ ខែកញ្ញា បានដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organization-WTO) លើ​ការ​រឹតត្បិត​សារធាតុ​កម្រ​បី​ប្រភេទ​របស់​ជប៉ុន​។ ការ​រឹតត្បិត​នេះ ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​រវាង​ទីក្រុង​តូ​ក្យូ និង​សេ​អ៊ូ​ល​។



​ការឈាន​ជំហាន​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​មួយ​នេះ គឺ​កើតឡើង​បន្ទាប់ពី​ជប៉ុន​បាន​រឹតត្បិត​លើ​ការនាំចេញ​ធាតុ​កម្រ​របស់ខ្លួន ដែល​ពាក់ព័ន្ធ​ទៅនឹង​ការផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​របស់​កូរ៉េខាងត្បូង​ដូចជា​អេក្រង់​ទូរ​សព្ទ​ជាដើម ក្នុង​រយៈពេល​២​ខែ​កន្លងមកនេះ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១១ ខែកញ្ញា  រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម Yoo Myung-hee បាន​លើកឡើងថា​៖  «​កូរ៉េខាងត្បូង​បានសម្រេច​ចិត្ត​ដាក់ពាក្យ​ប្តឹងទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក លើ​ករណី​ជប៉ុន​រឹតត្បិត​ការនាំចេញ​ធាតុ​កម្រ បី​ប្រភេទ ដែល​ចាំបាច់​ក្នុង​ការផលិត បន្ទះ​ឈី​ប និង​អេក្រង់​ទូរ​សព្ទ​»​។ លោកស្រី​បានបញ្ជាក់​ទៀតថា សកម្មភាព​របស់​ជប៉ុន​បែបនេះ គឺ​ប្រៀបដូចជា​ការរើសអើង​កូរ៉េខាងត្បូង​ដោយផ្ទាល់​តែម្តង ហើយ​វា​ជា​សកម្មភាព​នយោបាយ​សុទ្ធសាធ ដែល​ជប៉ុន​សងសឹក​លើ​រឿង​សាលក្រម​តុលាការ​របស់​កូរ៉េខាងត្បូង​។

អត្ថបទទាក់ទង

​ទីក្រុង​សេ​អ៊ូ​ល ធ្លាប់​ព្រមាន​ទីក្រុង​តូ​ក្យូ​ម្តង​ហើយ​លើ​រឿង​ដាក់​ពាក្យបណ្តឹង​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ពាក់ព័ន្ធ​នឹង​រឿង​រឹតត្បិត​ការនាំចេញ​ធាតុ​កម្រ​នេះ​។ ជប៉ុន​បំពាន​មាត្រា​១១ នៃ​កិច្ចព្រមព្រៀង​ទូទៅ​ស្តីពី​តារាង​ពន្ធ និង​ពាណិជ្ជកម្ម ដែល​ហាមឃាត់​រាល់​ភាគី​នៃ​កិច្ចព្រមព្រៀង​ទាំងអស់ ពី​ការ​រឹតត្បិត​លើ​ការនាំចេញ​ក្នុង​ទំហំ​ណាមួយ លើកលែងតែ​ការនាំចេញ​ផលិតផល​ទាំងនោះ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។

​បន្ថែម​ពីលើ​នេះ​ទៅទៀត ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​កូរ៉េខាងត្បូង បាន​លើកឡើងថា តាម​ពាក្យបណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ភាគី​ទាំងពី​ត្រូវតែ​ដោះស្រាយ​បញ្ហា​ក្នុង​រយៈពេល​ពីរ​ខែ​។ ប្រសិនបើ ការចរចា​បរាជ័យ ក្រុមប្រឹក្សា​ដោះស្រាយ​ជម្លោះ​របស់ WTO នឹង​បង្កើត​គណកម្មាធិការ​មួយ ដើម្បី​ពិនិត្យមើល​សំណុំរឿង​។ ចំណែក​នីតិវិធី​វិញ អាច​ត្រូវ​ប្រើ​រយៈពេល​ច្រើនជាង​បី​ឆ្នាំ​ឯណោះ​។

​សូមបញ្ជាក់ ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេសជិតខាង​ទាំងពីរ​នេះ គឺ​កើតចេញ​សាលក្រម​តុលាការ​កំពូល​របស់​កូរ៉េខាងត្បូង ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ផ្តល់​សំណង ទៅ​ប្រជាជន​កូរ៉េខាងត្បូង​។ ប៉ុន្តែ​សេចក្តីសម្រេច​មួយ​នេះ ត្រូវបាន​ភាគី​ជប៉ុន​ច្រានចោល ហើយ​អះអាង​ជប៉ុន​បាន​ដោះស្រាយ​រួចរាល់​ហើយ តាំងពី​ប្រទេស​ទាំងពីរ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ក្នុង​ឆ្នាំ ១៩៦៥​មក​ម្លេះ​។ ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​នេះហើយ ទើប​ធ្វើ​ឲ្យ​ភាគី​ជប៉ុន និង​កូរ៉េខាងត្បូង មើលមុខ​គ្នា​មិនត្រូវ និង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្តបាន​៕


Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com