FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកវិភាគ​៖ កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី​នឹង​អន្តរាយ ដោយសារ​អ្នកគាំទ្រ​ខ្លួន​
12, Sep 2019 , 10:19 pm        
រូបភាព
​អំពើ​ហឹ​ង្សា​បង្កដោយ​ក្រុម​អ្នកគាំទ្រ​ក្រុមកីឡា​បាល់ទាត់​ឥណ្ឌូណេស៊ី​ដែល​ផ្ទុះឡើង​ក្នុងជំនួប​ឥណ្ឌូណេស៊ី​ទល់​ម៉ាឡេស៊ី ក្នុង​វគ្គ​ជម្រុះ World Cup 2020 បើកឆាក​ពូ​ល G បានធ្វើ​ឲ្យ​មាន​រូបភាព​មិនល្អ​លើ​ឆាក​អន្តរជាតិ និង​ប៉ះពាល់​ដល់​វិស័យ​បាល់ទាត់​ឥណ្ឌូណេស៊ី​។ នេះ​ជាការ​មើលឃើញ​របស់លោក John Duerden អ្នកវិភាគ​កីឡាបាល់ទាត់​ដ៏​ល្បី​ប្រចាំ​តំបន់​អាស៊ី​។​



អត្ថបទទាក់ទង

​ក្នុង​ជ័យជម្នះ​របស់​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ៣-២ លើ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី នា​កីឡដ្ឋាន Gelora Bung Karno ក្នុង​ក្រុង​ហ្សា​ការ​តា កាល​ថ្ងៃទី​៥ កញ្ញា ដែលមាន​អ្នកទស្សនា​ផ្ទាល់​រហូត​៨​ម៉ឺន​នាក់​នោះ ជាការ​ប្រកួត​ដែល​ទទួល​ការរំខាន​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​ម្ចាស់ផ្ទះ រហូត​បង្ក​ឲ្យ​មាន​អ្នករបួស និង​បង្ខំ​ឲ្យ​ពន្យា​ពេល​ប្រកួត​ផង ដើម្បី​ឲ្យ​ក្រុម​សន្តិសុខ កងទ័ព និង​ប៉ូ​លស​ចូលទៅ​គ្រប់គ្រង​ស្ថានការណ៍​។​

​ជាមួយ​ឥរិយាបទ​មិន​សមរម្យ តាមរយៈ​ហិង្សា​របស់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​នេះ សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី (FAM) ថា​នឹងដាក់​ពាក្យបណ្តឹង​ទៅកាន់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ដោយ​ចោទ​សម​ភាគី​របស់ខ្លួន​នៅ​ហ្សា​ការ​តា​មិន​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ​គ្រប់គ្រាន់​សម្រាប់​ក្រុម​ភ្ញៀវ​។​



​លើសពីនេះ​ទៀត រដ្ឋមន្ត្រី​យុវជន និង​កីឡា​ម៉ាឡេស៊ី លោក Syed Saddiq ដែល​ស្ថិតក្នុង​ហេតុការណ៍​ច្របូកច្របល់​ដែរនោះ ក៏បាន​សរសេរ​លើ​បណ្តា​ញ​សង្គម Twitter ផ្ទាល់​របស់លោក ថា​លោក​នឹងដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ដោយ​ខ្លួនឯង​ទៅកាន់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ផងដែរ ក្រោយ​មាន​អ្នកគាំទ្រ​ម៉ាឡេស៊ី​ម្នាក់​របួសធ្ងន់​ក្នុង​ហេតុការណ៍​នោះ​។​

​លោក John Duerden ដែលជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាល់ទាត់​អាស៊ី​សម្រាប់​វិទ្យុ BBC, ESPN, The Guardian, New York Times និង​ទស្សនា​វ​ដ្តី​បាល់ទាត់​ពិភពលោក​ផង​នោះ លើកឡើងថា​នេះ​មិនមែនជា​លើក​ទី​១​ឡើយ​សម្រាប់​ឥណ្ឌូណេស៊ី​។​

​លោក Duerden មើលឃើញ​ជារួម​ថា ទង្វើ​របស់​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​ឥណ្ឌូណេស៊ី​បែបនេះ អាច​នឹង​នាំ​អន្តរាយ​ដល់​កេ​រ្ត៍​ឈ្មោះ​ក្នុង​វិស័យ​បាល់ទាត់​របស់​ពួកគេ ស្រប​ពេលដែល​ប្រទេស​នេះ​មាន​ភាពល្បីល្បាញ​និង​ជា​ក្រុម​ខ្លាំង​មួយ ក្នុងចំណោម​ក្រុម​ល្អៗ​ផ្សេងទៀត​នៅ​តំបន់​អាស៊ាន​។​

​ឥណ្ឌូណេស៊ី ធ្លាប់​មានរឿង​ក្តីក្តាំ​ម្តង​រួចមកហើយ​ជាមួយ​ម៉ាឡេស៊ី និង​ថែមទាំង​ត្រូវ FIFA ដាក់ពិន័យ​ផង​។ នៅឯ​កីឡដ្ឋាន​ដដែល​នេះ កាលពី​ឆ្នាំ​២០១១ មាន​អ្នកគាំទ្រ​ពីរ​នាក់ បាន​ស្លាប់​នៅពេល​ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​ទាំងពីរ​ប៉ះគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (SEA Games 2011)៕

Tag:
 World Cup
  ជម្រើសជាតិ​
  Syed Saddiq
© រក្សាសិទ្ធិដោយ thmeythmey.com