អន្តរជាតិ
សភា​អាមេរិក ចេញ​សំណើ​ច្បាប់​បញ្ឈប់​ការលក់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដ​ល់ហុង​កុង​
12, Sep 2019 , 4:52 pm        
រូបភាព
ប្រភពរូប៖ កាសែតហុងកុង South China Morning Post
ប្រភពរូប៖ កាសែតហុងកុង South China Morning Post
ដោយ:
​តំណាងរាស្ត្រ​អាមេរិក នៅ​ថ្ងៃទី​១១ ខែកញ្ញា បានប្រកាស​សេចក្ដីព្រាង​ច្បាប់​មួយ​អំពាវនាវ​ឲ្យ​បញ្ឈប់​ការលក់​សម្ភារ​គ្រប់គ្រង​កុបកម្ម​ដល់​កងកម្លាំង​សន្តិសុខ​ហុងកុង ខណៈ​ភាពវឹកវរ​ក្នុង​ទីក្រុង​នេះ ឈានដល់​ខែ​ទី​៤​។ ប៉េកាំង តាមរយៈ​ក្រសួងការបរទេស​ខ្លួន ក៏បាន​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​នេះ​ផងដែរ​។



​ប្រសិនបើ​អនុម័ត សេចក្តីព្រាងច្បាប់ មាន​ឈ្មោះថា «​ច្បាប់​ការពារ​ហុងកុង (PROTECT Hong Kong Act)» នឹង​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ពី​ការនាំចេញ​សម្ភារ​គ្រប់គ្រង​ក្រុមបាតុករ​ដែល​មិន​បង្ក​គ្រោះថ្នាក់ ដូចជា ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ខែល​ការពារ​ជាដើម ទៅ​ក្រុង​ហុងកុង ។ នៅ​ទីនោះ កម្លាំង​ប៉ូលិស​ហុងកុង កំពុង​រង​ការរិះគន់​កាន់តែខ្លាំង​ឡើង ជុំវិញ​សកម្មភាព​ពួកគេ​លើ​អ្នក​តវ៉ា​ហុងកុង​។​

​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​សមាជិកសភា​អាមេរិក​មកពី​បក្ស​ប្រជាធិបតេយ្យ លោក James McGover  , លោក Christopher Smith មកពី​បក្ស​សាធារណរដ្ឋ និង លោក Ro Khanna មកពី​បក្ស​ប្រជាធិបតេយ្យ​។ ការដាក់​បម្រាម​នេះ នឹង​ចូល​ជា​ធរមាន ៣០​ថ្ងៃ ក្រោយពី​វា​ក្លាយជា​ច្បាប់​។

​ទន្ទឹមនឹង​ហាមឃាត់​ការលក់​ឧបករណ៍​គ្រប់គ្រង​កុបកម្ម​ឲ្យ​ហុងកុង ច្បាប់​ថ្មី​នេះ ក៏​នឹង​តម្រូវ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិ​ក ធ្វើ​របាយការណ៍​លម្អិត​មួយ​ទៅកាន់​សភា​ស្តីពី​សម្ភារ​យោធា ដូចជា អាវុធ​គ្រឿងផ្ទុះ និង​ឧបករណ៍​ការពារ​នានា ដែល​បាន​នាំចេញ​ទៅកាន់​ទីក្រុង​ហុងកុង ក្នុងពេល​៥​ឆ្នាំ​ចុងក្រោយ​ផងដែរ​។

​តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post សមាជិកសភា​មកពី​បក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ New Jersey លោក Smith បញ្ជាក់ថា សភា Congress អាមេរិក ត្រូវ​បញ្ឈប់​លំហូ​នៃ​ការនាំចេញ​ឧបករណ៍​ទាំងនេះ​ទៅ​ហុងកុង រហូតដល់​វា​បញ្ជាក់​ច្បាស់​ថា ផលិតផល​អាមេរិក​នេះ ពុំ​ត្រូវ​ប្រើប្រាស់​ដើម្បី​គាប់សង្កត់​សេរីភាព​របស់​ប្រជាជន​ហុង​។

​ចំណែក​សមាជិកសភា​ម្នាក់ទៀត គឺ​លោក McGovern និយាយថា អាមេរិក គួរតែ​ទទួលស្គាល់​សិទ្ធិមនុស្ស​និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​ទាំងអស់​។ លោក សង្កត់ធ្ងន់ថា នេះ មានន័យថា ក្រុង​វ៉ាស៊ីនតោន ពុំគួរ​អនុញ្ញាត​ក្រុមហ៊ុន​អាមេរិក​លក់​ឧបករណ៍​នេះ​ទៅ​រដ្ឋាភិបាល​បរទេស នៅពេល​អាមេរិក​ឃើញ​ភស្តុតាង​ថា វា​កំពុង​ត្រូវបាន​ប្រើ​សម្រាប់​គោលបំណង​អសីលធម៌​និង​អយុត្តិធម៌​។

​ក្នុង​សន្និសីទ​ព័ត៌មាន​ជាប្រចាំ​នៅ​ថ្ងៃ​ពុធ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន អ្នកស្រី Hua Chunying បាន​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​សំណើ​ច្បាប់​សមាជិកសភា​អាមេរិក​ដែល​ដាក់​បម្រាម​ការលក់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដ​ល់​ប៉ូលិស​ហុងកុង ដោយ​ចោទ​ជា​សំណួរ​បែប​ឌឺដង​ថា តើ​សហរដ្ឋអាមេរិក​ចង់ទុក​ឧបករណ៍​ទាំងនោះ​ប្រើ​ក្នុងប្រទេស​ក្នុង​ឯង​ឬ​យ៉ាងណា​។

​ក្រៅពី​សហរដ្ឋអាមេរិក រដ្ឋាភិបាល​ចក្រភព​អង់គ្លេស កាលពី​ខែមិថុនា បាន​ផ្អាក​នាំចេញ​ឧបករណ៍​ទប់ទល់​បាតុកម្ម​របស់ខ្លួន​ទៅ​ហុងកុង​។ យោងតាម​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Jeremy Hunt ការដាក់​បម្រាម​នេះ នឹង​បន្ត​អនុវត្ត រហូតដល់​ក្តីកង្វល់​ពី​សិទ្ធិមនុស្ស និង​សេរីភាព​មូលដ្ឋាន​ក្នុង​ទីក្រុង​នេះ ត្រូវបាន​ដោះស្រាយ​។ ទន្ទឹមនេះ ក្នុង​ខែកក្កដា សេចក្តីសម្រេច​មួយ ត្រូវបាន​អនុម័ត​ដោយ​សភា​អឺរ៉ុប ដោយ​ស្នើ​ឲ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់​ដាក់​ចេញ​យន្តការ​គ្រប់គ្រង​ការនាំចេញ​ខ្លួន ក្នុង​គោលដៅ​កុំ​ឲ្យ​ចិន​និង​ហុងកុង​ទទួលបាន​ប​ច្ចក​វិទ្យា​នានា ដែល​អាច​យកទៅ​ប្រើ​ដើម្បី​រំលោភសិទ្ធិ​មនុស្ស​។

​និយាយ​ដល់​ការរំលោភ​សិទ្ធិមនុស្ស ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កាលពី​ខែ​មុន បាន​លើកឡើងថា ខ្លួន​បាន​ពិនិត្យឡើងវិញ​នូវ​ភស្តុតាង​ជឿជាក់​បាន ដែល​បង្ហាញថា មន្ត្រី​អនុវត្ត​ច្បាប់​នៅក្នុង​ទីក្រុង​ហុងកុង​បាន​ប្រើប្រាស់​អាវុធ​មិន​បង្ក​គ្រោះថ្នាក់​ក្នុង​វិធី ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ស្ដង់ដារ​និង​បទដ្ឋាន​អន្តរជាតិ​។​

​កម្លាំង​ប៉ូលិស​ហុងកុង ត្រូវ​មើលឃើញថា បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​ក្រុមបាតុករ តំបន់​ចង្អៀតៗ និង​ចំៗ​លើ​អ្នក​តវ៉ា​ជាច្រើន​ករណី ដែល​បង្ក​របួស​ធ្ងន់ធ្ង​រ ឬ​ហានិភ័យ​ដល់​សុខភាព​ពួកគេ ។ ការិយាល័យ UN បញ្ជាក់​បែបនេះ ដោយ​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​បន្ទា​ន់​មួយ​លើ​ហេតុការណ៍​នេះ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ បានចាប់ផ្តើម​ក្នុង​ខែមិថុនា​ដោយសារ​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​មួយ ការប៉ះទង្គិច​ហិង្សា​រវាង​ប៉ូលីស​និង​ក្រុមបាតុករ ធ្វើ​មនុស្ស​រាប់សិប​នាក់​ចូល​មន្ទីរពេទ្យ​។ បន្ទាប់ពី​សេចក្តីប្រកាស​កាលពី​សប្តាហ៍​មុន​ថា សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ដក​ជា​ផ្លូវការ ក្រុមបាតុករ​ហុងកុង នៅតែ​បន្ត​ដើរ​លើ​ដងផ្លូវ​តវ៉ា​ទាមទារ​៤​យ៉ាង​ទៀត ដែល​ក្នុងនោះ​ក៏មាន​ស៊ើបអង្កេត​ឯករាជ្យ​លើ​ការប្រើប្រាស់​កម្លាំង​ប៉ូលីស​លើ​ពួកគេ​។ ទោះ​បែបនេះ​ក្តី លោកស្រី ការី ឡាំ មេដឹកនាំ​ហុងកុង នៅតែ​បន្ត​បដិសេធ​ការស្នើសុំ​នេះ​ដដែល​។ គិត​មកដល់ពេលនេះ អាជ្ញាធរ​ហុងកុង បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ចំនួន ១៨០០​គ្រាប់​ហើយ ចាប់តាំងពី​ខែមិថុនា​មក​។ នេះ​បើតាម​តួលេខ​ពី​ប៉ូលិស​ហុងកុង​៕

Tag:
 សហរដ្ឋអាមេរិក​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com