ជាតិ
ឧទ្យានុរក្សអាចប្រើប្រាស់កាំភ្លើង សម្រាប់ការពារខ្លួននៅពេលចុះល្បាត រូបភាពពីក្រសួងបរិស្ថាន
× ភ្នំពេញ៖ ឧទ្យានុរក្សអាចប្រើប្រាស់អាវុធប្រភេទCKCនៅពេលចុះល្បាត ដើម្បីទប់ស្តាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់រូបភាព ក្នុងតំបន់ការពារធម្មជាតិនៃដែនសមត្ថកិច្ចរបស់ខ្លួន។ នេះបើតាមការសេចណែនាំរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ កញ្ញា ។
ក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា ឧទ្យានុរក្សមិនអាចបាញ់កាំភ្លើងដោយសេរីបានទេ នៅពេលបំពេញបេសកកម្មចុះល្បាត លើកលែងតែត្រូវការពារខ្លួននូវគ្រោះថ្នាក់ចំពោះមុខ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។ បើតាមក្រសួងបរិស្ថាន ក្រោយពីចុះល្បាតរួច ឧទ្យានុរក្សត្រូវទុកអាវុធក្នុងឃ្លាំងវិញ ហើយឃ្លាំងអាវុធ គឺមានតែប្រធានអង្គភាព និងប្រធានស្នាក់ការប៉ុណ្ណោះ ដែលមានសិទ្ធិគ្រប់គ្រង និងកាន់សោឃ្លាំង។
សេចក្តីណែនាំរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ដូច្នេះថា៖«ក្នុងករណីបាត់អាវុធ ប័ណ្ណសម្គាល់អាវុធ និងគ្រាប់រំសេវ ឧទ្យានុរក្សត្រូវរាយការណ៍ជាបន្ទាន់មិនឲ្យលើស២៤ម៉ោង។ មន្ត្រីឧទ្យានុរក្ស ដែលមានសិទ្ធិប្រើប្រាស់អាវុធទាំងអស់ ត្រូវហាមដាច់ខាតនូវរាល់ការលក់ ការផ្ទេរ ខ្ចីអាវុធ និងគ្រាប់រំសេវទៅឲ្យបុគ្គលណាមួយ»។
ដោយឡែកប្រធានមន្ទីរបរិស្ថាន និងប្រធានរដ្ឋបាលតំបន់អភិរក្សធម្មជាតិរាជធានី-ខេត្ត ត្រូវស្នើសុំគ្រូបង្វឹកជាយោធាចារ្យតាមបណ្ដាលភូមិភាគ ដើម្បីហ្វឹកហ្វឺនបណ្ដុះបណ្ដាល ដល់ប្រធានមន្ទីរបរិស្ថាន និងមន្រី្តឧទ្យានុរក្ស ក្នុងការប្រើប្រាស់និងថែទាំអាវុធCKC ។ ជាពិសេសត្រូវធ្វើរបាយការណ៍អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រង និងប្រើប្រាស់អាវុធ ទៅអគ្គនាយកដ្ឋានការពារ និងអភិរក្សធម្មជាតិ ដើម្បីបូកសរុបការងារ បញ្ជូនទៅក្រសួងបរិស្ថាន។ នេះបើតាមសេចក្តីណែនាំក្រសួង៕
© រក្សាសិទ្ធិដោយ thmeythmey.com