ONE Championship
កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល និង​ចៅក្រម ឆាប់ៗ​នេះ​
12, Sep 2019 , 11:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​លោក កែ ប៊ិន​សូរ​ស្មី  អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា ប្រកាសថា​សហព័ន្ធ​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល និង​ចៅក្រម​លើកដំបូង​នាពេល​ឆាប់ៗ​នេះ ពោលគឺ​ប្រហែលជា​នៅ​ចុងខែ​កញ្ញា​នេះ ដោយមាន​រយៈពេល​៣​ថ្ងៃ​។



​អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បាន​ឲ្យ​ដឹងថា ៖«​អ្នកចូលរួម ឬ សិក្ខាកាម​នឹង​ទទួលបាន​ការរៀនសូត្រ​ពី​ទ្រឹស្ដី​ផ្ដោតលើ​ច្បាប់ទម្លាប់​នៃ​ការប្រកួត​ត្រឹមត្រូវ ឬ មិនត្រូវ​, វគ្គ​អនុវត្ត​ផ្ទាល់​, របៀប​ដាក់ពិន្ទុ និង របៀប​ញែក​កីឡាករ​ឲ្យ​មាន​សុវត្ថិភាព រួមទាំង​មេរៀន​ជាច្រើន​ទៀត​»​។

​នេះ​ជាការ​បោះជំហាន​ពីមួយ​ដំណាក់​ទៅ​ដំណាក់កាល​ទៀត​ដើម្បី​ស្របតាម​គោលការណ៍​អភិវឌ្ឍន៍​ក្បាច់គុន​ចម្រុះ​នៅ​កម្ពុជា​។ ពេល​សិក្ខាកាម​, អាជ្ញាកណ្ដាល ឬ ចៅក្រម ទទួលបាន​វគ្គ​បណ្ដុះបណ្ដាល​ខាងលើ វា​ជាការ​ត្រៀមខ្លួន​មួយ​សម្រាប់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា និង ដៃគូ​ពាក់ព័ន្ធ​ក្នុង​គោលបំណង​ឈានទៅ​រៀបចំ​ការប្រកួត​ព្រឹត្តិការណ៍​គុន​ចម្រុះ​ឡើងវិញ​នៅក្នុង​ស្រុក​។



​វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវបាន​គេ​រំពឹងថា​មាន អាជ្ញាកណ្ដាល និង ចៅក្រម​ចំនួន ១០ រូប​ចូលរួម​។ នេះ​ជាការ​រៀបចំ​ដែលមាន​ការគ្រោងទុក​ពី​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​។ លោក អនុប្រធាន​សហព័ន្ធ​បាន​គូសបញ្ជាក់ថា ការបង្កើត​ធនធាន​កីឡាករ​ពិតជា​សំខាន់​ខ្លាំងណាស់ ប៉ុន្តែ ការបណ្ដុះបណ្ដាល​ចំណេះដឹង​សម្រាប់​គ្រូបង្វឹក និង ក្លិប​បន្ថែមទៀត​ឲ្យ​ទៅដល់​កម្រិត​ល្អ​ក៏​ជា​រឿង​មិនអាច​ខ្វះ​បានដែរ ហើយ​វា​ជា​មូលដ្ឋានគ្រឹះ​ឈានទៅ​រៀបចំ​ការប្រកួត​MMA នៅក្នុង​ស្រុក ដែល​ត្រូវការ​អាជ្ញាកណ្ដាល និង ចៅក្រម​មានចំណេះ​ជំនាញ​គ្រប់គ្រាន់​។ ពួកគេ​ជា​បាន​ដើរតួ​យ៉ាងសំខាន់​ដើម្បី​អភិវឌ្ឍ​គុន​ចម្រុះ​នៅ​កម្ពុជា​។

​វគ្គ​បណ្ដុះបណ្ដាល​ខាងលើ​មាន​គ្រូឧទ្ទេស ហ៊ុន ច័ន្ទ​រាជ្យ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា និង​ម្ចាស់​ក្លិប Cambodian Top Team អមដោយ​កីឡាករ​គុន​ចម្រុះ ពីររូប​ផ្សេងទៀត​ដែល​ជួយ​ក្នុង​ការប្រកួត​អនុវត្តន៍​ផ្ទាល់​។

​គួរ​ដឹង​ដែរ​ថា សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​កាល​ខែតុលា​ឆ្នាំ ២០១៨ ក្នុងនោះ​មាន​សមាជិក​ប្រតិបត្តិ​ចំនួន​៩​រូប​ដូចជា ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ជា​ប្រធាន​, លោក​ម៉ក់ សំអុល និង លោក កែ ប៊ិន​សូរ​ស្មី ជា​អនុប្រធាន ខណៈ​លោក ហ៊ុន ច័ន្ទ​រាជ្យ ជា​អគ្គលេខាធិការ​។ ចំណែក​កញ្ញា ឈិន រី​យ៉ា ជា​អគ្គលេខាធិការរង​, លោក អន សុ​វុ​ឌ្ឍី​យ៉ា ជា​អគ្គហិរញ្ញិក​, កញ្ញា សេង សុខ​សេរី ជា​អគ្គហិរញ្ញិក​រង និង ២​រូប​ទៀត​មាន​លោក ធន សកល និង លោក គង់ ចាន់​ទីណា​។ ក្រោយពី​ការរៀបចំ​រចនាសម្ព័ន្ធ​ស្រេចបាច់​សហព័ន្ធ​ក្មេងខ្ចី​មួយ​បានធ្វើ​សកម្មភាព​ជាច្រើន​ដូចជា​បង្កើត​វិ​ប​សាយ​ផ្ទាល់ខ្លួន​ដើម្បី​ទទួល​ចុះឈ្មោះ​កីឡាករ​និង​គ្រូបង្វឹក​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ជា​ហូរហែ​។ មួយទៀត​សហព័ន្ធ​បាន​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ក្លិប និង គ្រូបង្វឹក​នៅក្រៅ​ប្រទេស​មា​ន​ដូចជា​អាមេរិក កាណាដា អូស្ត្រាលី និង បារាំង​ជាដើម​៕

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថា​
​ប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។

© រក្សាសិទ្ធិដោយ thmeythmey.com