ជាតិ
សង្គមជាតិ
រដ្ឋបាលភ្នំពេញ ស្នើម្ចាស់ជលយាន កុំឲ្យដឹកលើសចំណុះ ខណៈទឹកទន្លេកំពុងឡើង រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានស្នើឲ្យម្ចាស់ជលយាន ដែលដឹកអ្នកដំណើរ ភ្ញៀវទេសចរ និង ដឹកទំនិញ រួមទាំងម្ចាស់កំពង់ផែ មិនត្រូវដឹកលើសចំណុះដែលបានកំណត់ឡើយ និងមិនត្រូវបើកនៅក្បែរច្រាំង ដែលនាំឲ្យបាក់ច្រាំង និងត្រូវបើកបន្ថយល្បឿនឲ្យនៅត្រឹម២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ដើម្បីធានាបាននូវសុខសុវត្ថិភាពផ្លូវទឹក ជៀសវាងការខូចខាតផលដំណាំ ផ្ទះសម្បែងរបស់ពលរដ្ឋ និងការបាក់ច្រាំងនៅរដូវទឹកទន្លេឡើង សាលារាជធានីភ្នំពេញស្នើឲ្យម្ចាស់ជលយាន ម្ចាស់កំពង់ផែទាំងអស់យកចិត្តទុកដាក់លើការបំពាក់ឧបករណ៍ការពារសុវត្តិភាពឲ្យបានគ្រប់គ្រាន់ ដោយត្រូវមានពោងក្បួន ពោងកង អាវពោង និងបំពង់សម្រាប់ពន្លត់អគ្គិភ័យ។ ម្ចាស់ជលយានទាំងអស់ក៏មិនត្រូវផ្ទុកអ្នកដំណើរ ភ្ញៀវទេសចរដែលលើសចំណុះពេលទឹកកំពុងហក់ឡើងផងដែរ។
សាលារាជធានីភ្នំពេញ បានស្នើឲ្យអ្នកបើកជលយាននៅពេលយប់ ត្រូវមានភ្លើងបំភ្លឺឲ្យបានគ្រប់គ្រាន់ និងត្រូវរៀបចំផ្លូវឡើងចុះកំពង់ផែចម្លងឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការផុងស្រុត ហើយមិនត្រូវបើកបរនៅក្បែរច្រាំង ដែលនាំឲ្យបាក់ច្រាំង បង្កឲ្យខូចខាតផ្លូវ ផលដំណាំផ្សេងៗ និងផ្ទះសម្បែងរបស់ពលរដ្ឋ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញស្តីពី ការធានានូវសុវត្ថិភាពចរាចរណ៍ផ្លូវទឹកនារដូវទឹកទន្លេឡើង ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា៕
Tag:
សាលារាជធានីភ្នំពេញ
ជលយាន្ត
អ្នកដំណើរ
ទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com