អន្តរជាតិ
អាមេរិក នឹងហាមបារីអេឡិចត្រូនិចមានរសជាតិដើម្បីទប់ស្កាត់ការប្រើប្រាស់ដោយយុវវ័យ រូបភាព AP
×
ដោយ៖ ងួន សុភាវត្តី
នៅថ្ងៃទី១១ ខែកញ្ញា រដ្ឋបាល ដូណាល់ ត្រាំ បានប្រកាសថា ក្នុងពេលឆាប់ៗនេះ សហរដ្ឋអាមេរិកនឹង ហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិក ដើម្បីកាត់បន្ថយការប្រើប្រាស់ដោយយុវជនអាមេរិកដែលកំពុងកើនឡើងខ្លាំង។ ម្យ៉ាង បារីអេឡិចត្រូនិកនេះ ក៏ជាកត្តាដែលនាំឲ្យមានករណីស្លាប់ដោយសារជំងឺសួតផងដែរ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា រូបលោកនិងភរិយារបស់លោក ព្រួយបារម្ភជាពន់ពេកក្នុងនាមជាម្តាយឪពុករបស់ក្មេងជំទងម្នាក់ អំពីបញ្ហាបារីអេឡិចត្រូនិចដែលបានសំលាប់មនុស្ស៦នាក់និង មនុស្សជាច្រើនទៀតធ្លាក់ខ្លួនឈឺ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ និយាយថា៖ « យើងសុទ្ធតែបានអានអំពីវា(បារីអេឡិចត្រូនិច) ហើយមនុស្សជាច្រើនទៀតក៏បានអានពីវា មនុស្សជាច្រើនកំពុងជួបបញ្ហាដោយសារបារីអេឡិចត្រូនិចនេះ»។
នៅសេតវិមាន លោក Ned Sharpless ប្រធានស្តីទីនៃរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ដែលធ្វើត្រួតពិនិត្យបារីអេឡិចត្រូនិក និងរដ្ឋមន្ត្រីសុខាភិបាល លោក Alex Azar បានឈរក្បែរលោក ត្រាំ ផងដែរ។ ទាក់ទងនឹងកាលបរិច្ឆេទចេញបម្រាម លោក Azar បញ្ជាក់ថា នឹងចេញនៅក្នុងសប្តាហ៍ខាងមុខនេះ ហើយនឹងចាប់ផ្ដើមនៅរយៈពេល៣០ថ្ងៃក្រោយ។ នៅពេលនោះ បារីអេឡិចត្រូនិកគ្រប់ក្លិនទាំងអស់ លើកលែងតែរសជាតិថ្នាំជក់(tobacco )ប៉ុណ្ណោះនឹងត្រូវដកចេញពីទីផ្សារ។
ក្នុងសេចក្ដីប្រកាសរបស់ខ្លួន ក្រសួងសុខាភិបាលអាមេរិកបញ្ជាក់ថា យុវជន គឺជាគោលដៅនៃការហាមបារីអេឡិចត្រូនិកមិនមែនរស់ជាតិថ្នាំជក់នេះ។ បើតាមរបាយការណ៍បឋមឆ្នាំ២០១៨ យុវជនជាច្រើនបានជក់បារីនេះក្នុងរយៈពេល៣០ថៃ្ងកន្លងទៅ។
យ៉ាងណាមិញ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក ក៏បានសរសេរនៅលើTwitter ទៀតថា«៖ ប្រសិនបើទិន្នន័យបង្ហាញថា ក្មេងជំទង់ផ្លាស់ប្តូរទៅប្រើប្រាស់រសជាតិថ្នាំជក់វិញ យើងនឹងធ្វើអ្វីដែលចាំបាច់ដើម្បីបន្តកាត់បន្ថយការប្រើប្រាស់របស់យុវជនចំពោះផលិតផលទាំងនេះ»។
ការព្រួយបារម្ភពីគ្រោះថ្នាក់នៃការប្រើប្រាស់បារីអេឡិចត្រូនិក កើនឡើងខណៈពេលដែលមានការរកឃើញថា មនុស្សជាង ៤៥០នាក់ដែលបានប្រើប្រាស់បារីអេឡិចត្រូនិចបានធ្លាក់ខ្លួនឈឺដោយមានរោគសញ្ញាស្រដៀងគ្នារួមមានការពិបាកដកដង្ហើមនិងឈឺទ្រូង មុនពេលចូលសម្រាកនៅមន្ទីរពេទ្យនិងដាក់នៅបំពង់ខ្យល់ជំនួយ។
គួររំលឹកថា បារីអេឡិចត្រូនិកមាននៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០០៦ ហើយត្រូវបានគេចាត់ទុកថាវាជាជម្រើសមួយដែលមានសុវត្ថិភាពជាងការជក់បារី។ អ្នកជំនាញបានព្រមានថា វាអាចចំណាយពេលរាប់ទសវត្សដើម្បីដឹងអំពីផលប៉ះពាល់រយៈពេលវែងរបស់បារីអេឡិចត្រូនិកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com