អន្តរជាតិ
រដ្ឋាភិបាលថៃ ត្រៀមលុយជាង៣២លានដុល្លារ ជួយគាំទ្រកសិករ ប្រភពរូប៖ AFP
× ក្រសួងឧស្សាហកម្មថៃ ត្រៀមបញ្ចប់ផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់រដ្ឋាភិបាលក្នុងខែតុលា ខាងមុខ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងដោយបន្ថែមថា គម្រោងការនេះ រំពឹងចំណាយលុយ១ពាន់លានដុល្លារបាត ឬស្មើនឹងជាង ៣២,៨លានដុល្លារ ដើម្បីដាក់ដំណើរការវិធានការគាំទ្រកសិករថៃ។
តាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី១២ កញ្ញា លេខាធិការអចិន្ត្រៃយ៍នៃក្រសួងឧស្សាហកម្មថៃ ប៉ាសូ លូហាជន (Pasu Loharjun) បាននិយាយថា ក្រសួងលោក កំពុងពិភាក្សាជាមួយដៃគូពាក់ព័ន្ធ រួមទាំងធនាគារផងនោះ អំពីវិធានការចាំបាច់ ដែលគ្រោងដំណើរការនៅដើមឆ្នាំក្រោយ។
ការចំណាយ១ពាន់លានបាតនេះ នឹងដាក់បញ្ចូលជាផ្នែកមួយនៃកញ្ចប់ថវិកាប្រចាំឆ្នាំ២០២០របស់ក្រសួងឧស្សាហកម្ម ដែលចាប់ផ្តើមនៅខែក្រោយនេះ និងមានចំនួនសរុប១៤ពាន់លានបាត ឬស្មើនឹង ៤៥៩,៤លានដុល្លារ។
ក្រសួងកំពុងបង្កើតគំរូ២ទៅ៣បែបដើម្បីគាំទ្រកសិករថៃ ដោយការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ និងបង្កើនចំណូលគ្រួសារ។ លោកមន្ត្រីថៃ ប៉ាសូ គូសបញ្ជាក់បែបនេះ ដោយសង្កត់ធ្ងន់ថា វិស័យស្បៀងអាហារនឹងក្លាយជាការផ្តោតសំខាន់សម្រាប់ផែនការថ្មី ដែលនឹងអភិវឌ្ឍគំរូប្រើដំណាំដើម្បីផលិតអាហារកែច្នៃ និងជួយកសិករឲ្យទទួលបានទិន្នផលខ្ពស់ពីការដាំដុះរបស់ពួកគេ។
ទន្ទឹមនេះ រដ្ឋាភិបាលថៃ បានបញ្ជាឲ្យក្រសួងឧស្សាហកម្មដឹកនាំគម្រោងគាំទ្រវិស័យកសិកម្មនេះ ដោយដើរតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការកសាងប្រជាជាតិមួយ ដែលមាន «កសិករវៃឆ្លាត» ក្រោមផែនការ ឈ្មោះថា ប្រាឆា រ៉ាត់ (Pracha Rat) ។ តាមបាងកកប៉ុស្តិ៍ អគ្គនាយកនៃការិយាល័យសេដ្ឋកិច្ចឧស្សាហកម្ម ណាតាពល រែងស៊ីតពល (Nattapol Rangsitpol) បាននិយាយថា វិស័យស្បៀងអាហារកែច្នៃ ជាអាទិភាពទីមួយសម្រាប់រដ្ឋាភិបាលក្នុងការជួយគាំទ្រដល់កសិករថៃ។
សូមបញ្ជាក់ថា ផលិតកម្មកសិកម្ម គ្របដណ្តប់តែ ៩% នៃផលិតផលក្នុងស្រុកសរុប។ ទោះបីមានទំហំតិចតួចក្តី វិស័យកសិកម្ម ចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចថៃ ព្រោះថាភាគច្រើននៃប្រជាជនថៃ នៅតែប្រកបរបបចិញ្ចឹមជីវិតតាមរយៈការធ្វើកសិកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com