អន្តរជាតិ
ចិន​និង​ម៉ាឡេស៊ី បង្កើត​យន្តការ​រួមគ្នា​ដើម្បី​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
13, Sep 2019 , 8:39 pm        
រូបភាព
រូបភាព South China Morning Post
រូបភាព South China Morning Post
​ចិន និង​ម៉ាឡេស៊ី យល់ព្រម​បង្កើត​យន្តការ​កិច្ចពិភាក្សា​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈពេល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កំពុង​ចរចា​ជាមួយ​ហ្វី​លី​ពីន​អំពី​បញ្ហា​ជម្លោះ​នេះដែរ​។



​នា​ថ្ងៃទី​១២ ខែកញ្ញា បន្ទាប់ពី​មាន​ជំនួប​ជាមួយ​សម​ភាគី​ម៉ាឡេស៊ី​លោក Saifuddin Abdullah  លោក​ប្រមុខ​ការទូត​ចិន វ៉ាង យី បានប្រកាស​ពី​គម្រោងចរចា​រួមគ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅ​ទីក្រុង​ប៉េកាំង​។

​នៅក្នុង​ជំនួប​ទ្វេភាគី​មួយ​នេះ លោក វ៉ាង បាន​លើកឡើងថា ដោយ​សារភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​ភាពស្ងប់ស្ងាត់ ចិន​និង​ម៉ាឡេស៊ី​ប្តេជ្ញា​ក្នុងការ​ដោះស្រាយ​បញ្ហា និង​ចូលរួម​ក្នុង​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ ជា​ចុងក្រោយ​ភាគី​ទាំងពីរ​យល់ព្រម​បង្កើត​ឲ្យ​មាន​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​លើ​បញ្ហា​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត South China Morning Post ។​

​ចំណែក​រដ្ឋមន្ត្រី​កិច្ចការបរទេស​ម៉ាឡេស៊ី លោក Saifuddin Abdullah បាន​សាទរ​ចំពោះ​យន្តការ​មួយ​នេះ ហើយ​ថែមទាំង​ហៅ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ថា​ជា​បងប្រុស​ទៀតផង​។ ក្នុងនេះ​ន័យ លោក Saifuddin បាន​និយាយថា វិធានការ​នេះ​នឹងត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋ​ម​ន្រី្ត​ការបរទេស​ប្រទេស​ទាំងពីរ ហើយ​កិច្ចចរចា​ចុងក្រោយ​នេះ ក៏​ជា​ការឈាន​ជំហាន​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​សមុទ្រ​ចិន​មួយ​ទល់នឹង​មួយ​ដែរ​។

​កិច្ចព្រមព្រៀង​រវាង​ទីក្រុង​ប៉េកាំង និង​គូ​ឡា​ឡាំ​ពួ នឹង​ជួយ​ឲ្យ​ប្រទេស​ទាំងពីរ​កាត់បន្ថយ​ភាព​តានតឹង និង​នាំមក​នូវ​សន្តិភាព​នៅលើ​ផ្លូវ​នាវាច​រ​។ នេះ​ជាការ​យល់ឃើញ លោក Xu Liping អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​អន្តរជាតិ​។ លោក​បាន​បន្ថែមទៀតថា យន្តការ​នៃ​កិច្ចពិភាក្សា​គឺ មាន​គោលបំណង​រួម​ពីរ គឺ​ការដោះស្រាយ​ជម្លោះ និង​បញ្ហា​អធិបតេយ្យ និង​ការជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​ដូចជា​ការនេសាទ និង​សន្តិសុខ​ជាដើម​។

​សូមបញ្ជាក់ថា ចិន​មាន​បញ្ហា​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ​ជា​យូរ​មកហើយ​។ កាលពី​ខែសីហា​កន្លងទៅ ចិន​បាន​យក​ប៉ាល់​ស្រាវជ្រាវ​ដោយ​អម​មកជា​មួយ​នាវា​យាមល្បាត បាន​ចូលទៅក្នុង​ដែនទឹក​វៀតណាម ដើម្បី​ទប់ស្កាត់​ទីក្រុង​ហាណូយ​កុំ​ឲ្យ​យក​ប្រេង​ចេញពី​ក្នុង​តំបន់​។

​ចំណែក​នៅក្នុង​ដែនទឹក​ម៉ាឡេស៊ី ចិន​ក៏​ធ្លាប់​អនុវត្ត​វិធីសាស្ត្រ​ស្រដៀង​គ្នា​នេះដែរ​។ ស្របគ្នា​នឹង​ហេតុ​ការ​នេះដែរ ប្រជាជន​ហ្វីលីពីន​បាន​តវ៉ា​ប្រឆាំងនឹង​ទី​ក្រង​ប៉េកាំង បន្ទាប់ពី​ចិន​បាន​ពន្លិច​ទូក​នេសាទ​របស់​ហ្វីលីពីន​។ កិច្ចព្រមព្រៀង​រវាង​ទីក្រុង​ប៉េកាំង និង​គូ​ឡា​ឡាំ​ពួ​ខាងលើ គឺ​ស្រដៀង​គ្នា​ផងដែរ​ទៅនឹង​កិច្ចព្រមព្រៀងទ្វេភាគី ចិន​-​ហ្វីលីពីន និង​ចិន​-​ព្រុយ​ណេ​។


Tag:
 ហ្វីលីពីន​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com