អន្តរជាតិ
បង់​ក្លា​ដែស​បន្ទោ​សមី​យ៉ាន់​ម៉ា​រឿង​បរាជ័យ​នាំ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ត្រលប់​ទៅវិញ​
13, Sep 2019 , 9:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina ។ រូបភាព AFP
នាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina ។ រូបភាព AFP
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស Sheikh Hasina បាន​បន្ទោស​មី​យ៉ាន់​ម៉ា​ចំៗ​ពី​រឿង​បរាជ័យ​នាំយក​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​។ មេដឹកនាំ​បង់​ក្លា​ដែ​ស និយាយថា មី​យ៉ាន់​ម៉ា​មិនបាន​ព្យាយាម​គ្រប់គ្រាន់​ដើម្បីអោយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជឿជាក់​និង​ត្រលប់​ទៅ​ភូមិ​ខ្លួន​វិញ​។​



​បរាជ័យ​មិនអាច​ឲ្យ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់​ទៅវិញ​បាន ជា​កំហុស​របស់​មី​យ៉ាន់​ម៉ា​។ នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែស​លោកស្រី Sheikh Hasina មាននិយាយ​បែបនេះ ៣​សប្តាហ៍​បន្ទាប់ពី​មី​យ៉ាន់​ម៉ា​បាន​បរាជ័យ​ម្តងទៀត​ក្នុងការ​នាំយក​ជនជាតិ​ភាគតិច​នេះ​ទៅវិញ​។​

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧៤​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ចេញពី​ភូមិ​របស់ខ្លួន​ក្នុង​រដ្ឋ​Rakhine​នៅ​ឆ្នាំ​២០១៧ បន្ទាប់​ការវាយប្រហារ​ពី​យោធា​មី​យ៉ាន់​ម៉ា​។ ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ជិត​២​សែន​នាក់​បាន​នឹង​កំពុង​រស់នៅក្នុង​ជំរុំ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​បង់​ក្លា​ដេ​ស​។​

​ក្នុង​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​១១​ខែកញ្ញា លោកស្រី Hasina និយាយថា បង់​ក្លា​ដែ​ស​មើលឃើញថា មី​យ៉ាន់​ម៉ា​មិនអាច​ធ្វើអោយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជឿជាក់ និង​វិល​ត្រលប់​ទៅដោយ​សុវត្ថិភាព​វិញ​បានទេ​។ លោកស្រី​ក៏បាន​បន្តថា​៖ « ពួកយើង​បានរៀបចំ​រួចហើយ ប៉ុន្តែ​ការធ្វើ​មាតុភូមិនិវត្តន៍​នៅតែ​មិនទាន់​កើតមាន​។ យើង​នៅតែ​មិនទាន់​ឃើញ​មាន​ភាព​ជឿជាក់ថា ពួកគេ​អាច​ត្រលប់​ទៅកាន់​កាប់​ផ្ទះ ដី និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅឡើយ​»​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​អះអាងថា បាន​ទាក់ទង​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយចំនួន​ដើម្បី​ជួយ​ដោះស្រាយ រួមមាន ចិន ឥណ្ឌា និង​ជប៉ុន​ជាដើម​។​

​ការអធិប្បាយ​របស់លោក​ស្រី Hasina បានបង្ហាញ​ពី​ភាពមិន​សប្បាយចិត្ត​រប​ស់បង់​ក្លា​ដែស​ចំពោះ​កង្វះខាត​ដំណោះស្រាយ​របស់​មី​យ៉ាន់​ម៉ា​ក្នុងការ​នាំយក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ត្រលប់​ទៅវិញ​។ ស្របគ្នា​នេះ អាជ្ញាធរ​បង់​ក្លា​ដែ​ស ក៏​ចាប់ផ្ដើម​បង្ក្រាប​សកម្មភាព​ខុសច្បាប់​ដែល​លេច​រូបរាង​ក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។

​សំណើ​ដែល​បាន​ដាក់អោយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ត្រលប់​ទៅវិញ​ត្រូវបាន​ច្រានចោល​ច្រើនលើក មេដឹកនាំ​រ៉ូ​ហ៊ីង​យ៉ា​បាន​និយាយ​ម្តង​ទៀតថា ពួកគេ​នឹងមិន​ត្រលប់​ទៅ​ស្រុកកំណើត​ខ្លួន​វិញ​ទេ លុះត្រា​តែមាន​ការធានា​សុវត្ថិភាព​ខ្លួន ផ្តល់​សិទ្ធិ សញ្ជាតិ និង​អនុញ្ញាតអោយ​ពួកគេ​រស់នៅ​ភូមិ​ខ្លួន​វិញ​។ មកទល់ពេលនេះ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មិន​ត្រូវបាន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ទទួលស្គាល់​ជា​ជនជាតិភាគតិច​ស្របច្បាប់​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com