ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នករត់​តាក់ស៊ី គាំទ្រ​ចំណាត់ការ​ឱ្យចូល​ចំណត តែ​ថាឱ្យ​គិត​រឿង​ផ្លូវ​និង​សណ្ដាប់ធ្នាប់​
14, Sep 2019 , 8:59 am        
រូបភាព
​សៀមរាប​៖ ការកំណត់​ថ្ងៃ​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ​ចូល​ចំណត​របស់​រដ្ឋបាលខេត្ត​សៀមរាប បានមក​ដល់​ថ្ងៃ​អវសាន​ហើយ​កាលពី​ថ្ងៃទី​២ កញ្ញា​។ នៅពេល​នោះគេ​ឃើញថា ក្រុមហ៊ុន​រថយន្ត​និង​រថយន្ត​តាក់ស៊ី​ឯកជន​មួយចំនួនធំ​បានសម្រេច​ចូល​ចំណត​ឬ​បេនឡាន​តាម​ការរៀបចំរ​បស់​អាជ្ញាធរ​។ ដ្បិតថា​បាន​ព្រម​តាម​ការរៀបចំ​ក៏ពិតមែន តែ​ក្រុម​អ្នករត់​តាក់ស៊ី​ឬ​ក្រុមហ៊ុន​ឡាន ហាក់​មិនទាន់​ពេញចិត្ត​ទេ​ចំពោះ​ការរៀប​ចំនេះ​។ ពួកគេ​យល់ថា ចំណត​ឡាន​ចង្អៀត សណ្ដាប់ធ្នាប់​មិនទាន់មាន​របៀបរៀបរយ ពិសេស​ផ្លូវ​ចូល​ចំណត​នៅមាន​ជង្ហុក ពិបាក​ក្នុង​ការធ្វើ​ចរាចរណ៍​។​ល​។​



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណ ជា​រឿង​មួយ​ដែល​ធ្វើឱ្យ​អាជ្ញាធរ​ឈឺក្បាល​។ ព្រោះថា ការងារ​នេះ​ទាមទារ​ការអប់រំ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ទូលំទូលាយ​។ ដូច​ករណី​រៀបចំ​សណ្ដាប់ធ្នាប់​រថយន្ត​ដែល​អាជ្ញាធរខេត្ត​សៀមរាប​បាន​និង​កំពុង​អនុវត្តន៍​ជាដើម ក៏​មិនមែន​ងាយស្រួល​ប៉ុន្មាន​ដែរ ដ្បិត​ទាក់ទង​នឹង​ពេលវេលា​សមរម្យ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យល់ និង​បញ្ឈប់​ទម្លាប់​ដែល​ពួកគាត់​ធ្លាប់​ចត​តាមផ្លូវ​ឬ​ទីសាធារណ​។​ល​។​



​ការរៀបចំ​ចំណតរថយន្ត​នៅ​បុរី​សៀង​ណាំ ដែលជា​បេនឡាន​ខាងកើត​ក្រុង​សៀមរាប មានការ​គាំទ្រ​។ ទន្ទឹមនឹងនោះ​ក៏មាន​ការរិះគន់​និង​មិន​ពេញចិត្ត​ដែរ​។ មិន​ពេញចិត្ត​ព្រោះថា ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ​មិនទាន់​សមស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​នៅឡើយ​។ យានយន្ត​ច្រើន តែ​ចំណត​តូចចង្អៀត និង​ផ្លូវ​ចូល​មិនទាន់មាន​សោភ័ណ​ភាពល្អ​នៅឡើយ​។​

​លោក ញឹម រដ្ឋា អ្នករត់​តាក់ស៊ី​មកពី​ស្រុកស្រែ​ណូយ គាំទ្រ​ចំពោះ​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណ​របស់​អាជ្ញាធរ ដើម្បី​កុំឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​នៅតាម​ដងផ្លូវ​។ យ៉ាងណា​លោក​យល់ថា ត្រូវ​តម្រូវឱ្យ​រថយន្ត​ចូល​ចំណត​ទាំងអស់គ្នា ដោយ​មិនត្រូវ​តម្រូវ​មួយ​ទុក​មួយ​ឡើយ​។ ជាមួយគ្នា​នោះ លោក រដ្ឋា ក៏បាន​លើក​ពី​បញ្ហា​មួយចំនួន​ពេល​ចូល​ចត​ក្នុង​ចំណត​នេះដែរ​សម្រាប់​រថយន្តឈ្នួល​ពី​ស្រុកស្រែ​ណូយ​នេះដែរ​។ លោក​ពន្យល់ថា អតិថិជន​លោក​ត្រូវ​ចំណាយ​លើ​សេវា​ម៉ូតូឌុប​មួយ​ជាន់​ទៀត ដើម្បី​ទៅដល់​ផ្សារលើ​ធំថ្មី ដែល​ខុស​ពីមុន​បេនឡាន​របស់លោក​ចត​នៅក្បែរ​ផ្សារ​នោះ​ស្រាប់​។ បន្ថែម​ពីនេះ លោក​ក៏​សំណូមពរ​ឱ្យ​អាជ្ញាធរ​រៀបចំ​ជួសជុល​ផ្លូវ​ដែលមាន​ជង្ហុក និង​បញ្ហា​អនាម័យ​នៅ​ចំណត​ឡាន​ឱ្យ​បានល្អ​ឡើងវិញ​ផង មុននឹង​រុញ​រថយន្ត​ទាំងអស់​ចូល​ចំណត​សមរម្យ​។​




​ចំណែក​លោក សេង លីវ​ណ្ណ អ្នកលក់​សំបុត្រ​រថយន្តក្រុង ក៏​មិន​ជំទាស់​អ្វី​លើ​គោលការណ៍​រៀបចំ​ឱ្យ​រថយន្ត​ចូល​ចំណត​នេះដែរ​។ មិន​ខុសពី​អ្នក​ឯទៀត លោក លីវ​ណ្ណ ចង់ឱ្យ​អាជ្ញាធរ​បន្ត​រៀបចំ​ចំណត​ឱ្យបាន​ស្អាត សណ្ដាប់ធ្នាប់ អនាម័យ ផ្លូវថ្នល់​ឱ្យបាន​ស្អាត​ជាមុនសិន ដើម្បីឱ្យ​ចរាចរណ៍​ចូល​ចំណត​មាន​ភាពងាយស្រួល​ជាង​ពេលនេះ​។ តាម​ការមើលឃើញ​រប​ស់លោក លីវ​ណ្ណ រថយន្ត​ប្រមាណ​៣០​ភាគរយ​ប៉ុណ្ណោះ​ដែល​សម្រេច​ចូល​បេន ក្រៅពីនោះ​នៅ​រារែក​ខាងក្រៅ​នៅឡើយ​។​

​ងាក​ទៅ​បុគ្គលិក​ក្រុមហ៊ុន​រថយន្តក្រុង​ដ៏​ធំ​មួយ​នៅ​ក្រុង​សៀមរាប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឯណោះ​វិញ ក៏មាន​យោបល់​ប្រហាក់ប្រហែល​នឹង​អ្នក​ឯទៀត​ដែរ​។ និយាយ​ដោយ​សំដី​ច្បាស់ៗ បុគ្គលិក​ម្នាក់​នោះ​លើកឡើងថា គាំទ្រ​ការរៀបចំ​របស់​អាជ្ញាធ​រ ដើម្បី​របៀបរៀបរយ​ក្នុង​ខេត្ត​ទេសចរណ៍​សៀមរាប​។ យ៉ាងណា បុគ្គលិក​ម្នាក់នេះ​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការរៀបចំ​ចំណត​នៅឡើយ ដោយ​លើកឡើងថា មាន​ភាព​ចង្អៀត​ពិបាក​ចត​ឡាន ឬ​ចត​បាន​តិច ចំណែក​រថយន្ត​ដឹង​ជញ្ជូន​ភ្ញៀវ​ពី​ក្រុមហ៊ុន​មក​ជិះ​ក្នុង​បេនឡាន​នេះ ក៏​មិនអាច​ចូលក្នុង​ចំណត​បាន​ទៀត ធ្វើឱ្យមាន​ការពិបាក​ជ​ញ្ជូ​ន​ឥ​វ៉ាន់​របស់​ភ្ញៀវ​។​ល​។ ជាមួយគ្នា​នោះ បុគ្គលិក​រថយន្តក្រុង​រូបនេះ​ក៏​សំណូមពរ​ដល់​អ្នកគ្រប់គ្រង​ចំណត ត្រូវ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​ល្អប្រសើរ​ជាមុន ដូចជា​ផ្លូវថ្នល់ កែប្រែ​ចំណត​ឱ្យ​ធំ​ទូលាយ​ជាង​មុន​ផងដែរ​។​


​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ អភិបាលរង​ខេត្តសៀមរាប លោក ពិន ប្រាកដ ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២ កញ្ញា ពេល​ចុះ​មើល​ការរៀបចំ​សណ្ដាប់ធ្នាប់​នេះ បាន​ពន្យល់ថា ក្រុមហ៊ុន​ចំណត​បាន​ព្រមព្រៀង​តាម​សំណើរ​របស់​អាជ្ញាធរខេត្ត​ដែល​តម្រូវឱ្យ​រៀបចំ​សោភ័ណភាព អនាម័យ ផ្លូវថ្នល់​ឡើងវិញ និង​ព្រម​កែប្រែ​ចំណុច​ខ្វះខាត​ទាំង​ឡើយ​។ ជាមួយគ្នា​នោះ លោក​អភិបាលរង​ក៏បាន​កោតសរសើរ​ការ​សហការ​ពី​ក្រុមហ៊ុន​រថយន្ត​នានា ក្នុង​បំណង​ដើម្បីឱ្យ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង​ប្រព្រឹត្តិ​ទៅដោយ​ភាពរលូន​៕






Tag:
 តាក់ស៊ី​
  បេនឡាន​
  សៀង​ណាំង​
  ចំណតរថយន្ត​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com