កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​ថៃ​ស្នើ​ក្លិប​ក្នុងស្រុក​ដាក់​ខ្សែប្រយុទ្ធ​ថៃ​លេង​ឲ្យ​បាន​ច្រើន ដើម្បី​ពង្រឹង​ជម្រើសជាតិ​
13, Sep 2019 , 4:50 pm        
រូបភាព
​លោក Akira Nishino គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ បាន​ស្នើសុំ​ទៅកាន់​ក្លិប​បាល់ទាត់​នៃ​លី​គ​ក្នុងស្រុក​ទាំងអស់ ផ្តល់​ពេលវេលា​លេង​ឲ្យ​កាន់តែ​ច្រើនជាង​មុន​ដល់​ខ្សែប្រយុទ្ធ​ថៃ​។ ការលើកឡើង​បែបនេះ ព្រោះ​ក្នុង​ការប្រកួត​ជម្រុះ World Cup 2022 ក្រោម​ការដឹកនាំ​ដំបូង លោក Nishino មើលឃើញថា​ថៃ​មានការ​ខ្វះខាត​ខ្សែប្រយុទ្ធ​។​



អត្ថបទទាក់ទង

​ក្រុម​រហស្សនាម​សង្គ្រាម​ដំរី មាន​បញ្ហា​ក្នុងការ​ស្វែងរក​អ្នក​បញ្ចប់​សំណាញ់​ទី​គូប្រកួត ក្រោយ​អវត្តមាន​ដោយសារតែ​របួស​របស់​ខ្សែប្រយុទ្ធ​ជើងចាស់ Teerasil Dangda និង​ដៃគូ​ប្រយុទ្ធ​របស់គេ Adisak Kraisorn របស់​ក្លិប SCG Muang Thong United សម្រាប់​ការប្រកួត​ជម្រុះ World Cup តំបន់​អាស៊ី​ជុំ​ទី​២​។​

​ថៃ​បានចាប់ផ្តើម​យុទ្ធនាការ​ជម្រុះ​ពូ​ល G របស់​ពួកគេ​ដោយ​ទទួលបាន​ត្រឹម​លទ្ធផល​សូន្យ​ស្មើ​ក្នុង​ដី​ខ្លួនឯង​ទល់នឹង​វៀតណាម​កាលពី​ថ្ងៃទី​៥ ខែកញ្ញា​។ រហូតដល់​ជំនួប​ទី​២ នៅ​៥​ថ្ងៃ​បន្ទាប់ ទើប​ថៃ​អាច​យកឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​ដោយ​លទ្ធផល ៣-០ ដែល​៣​គ្រាប់​សម្រេចបាន​ដោយ​ខ្សែបម្រើ Supachok Sarachat របស់ Buriram United ចំនួន​២​គ្រាប់ និង​ខ្សែការពារ Theerathorn Bunmathan ១​គ្រាប់​។​



​លោក Nishino បាន​ប្រឈម​នឹង​កំហឹង​របស់​អ្នកគាំទ្រ​ថៃ ដ្បិត​គ្រូ​ជនជាតិ​ជប៉ុន​រូបនេះ​បាន​ជ្រើស​យក Supachai Chaided ជា​ខ្សែប្រយុទ្ធ​ជំនាញ​តែ​ម្នាក់​គត់​ក្នុងចំណោម​សមាសភាព​កីឡាករ ២៣​នាក់ ដែល​ធ្វើ​ក្រុម​លោក​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​ជាមួយ​វៀតណាម​។​

​អតីត​គ្រូ​ជម្រើសជាតិ​ជប៉ុន វ័យ​៦៤​ឆ្នាំ នៅ​ថ្ងៃទី​១២ ខែកញ្ញា​បាន​រៀបរាប់​ពី​ការសម្រេចចិត្ត​របស់លោក​បែបនេះ ក៏ដោយ​សារ​ថៃ​សព្វថ្ងៃ​មិនសូវមាន​កីឡាករ​ជា​ខ្សែប្រយុទ្ធ​ដែលមាន​គុណភាព​ច្រើន​នោះទេ​។ យ៉ាងណាក៏ដោយ លោក Nishino នៅតែមាន​ដំណោះស្រាយ ហើយ​វា​អាស្រ័យ​លើ​ការចូលរួម​ពី​ក្លិប​ក្នុងស្រុក​ផងដែរ​។​

​គ្រូបង្វឹក​ដែល​នាំ​ជប៉ុន​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ បានស្នើ​ដោយ​ទទូចថា​៖«​ក្លិប​ក្នុងស្រុក​គួរផ្តល់​ពេលវេលា​ឲ្យ​ខ្សែប្រយុទ្ធ​ថៃ​លេង​ឲ្យ​បាន​ច្រើន​។ ប្រសិន​អនុវត្តន៍​បែបនេះ នោះ​អាច​នឹងមាន​ខ្សែប្រយុទ្ធ​ល្អ​សម្រាប់​ក្រុម​ថៃ​មិន​ខាន​។ ខ្ញុំ​ចង់​ឲ្យ ខ្សែប្រយុទ្ធ​ថៃ​ចាប់ផ្តើម​ប្រឹងប្រែង​ដណ្តើម​ទីតាំង​ក្នុង​ក្រុម​រៀងៗ​ខ្លួន ហើយក៏​ត្រូវ​បើកចំហរ​ដើម្បី​ផ្តល់ឱកាស​ដល់​ពួកគេ​ដូចគ្នា​ដែរ​»​។​

​ឆ្លងកាត់​ការប្រកួត​២​លើក ថៃ​រកបាន​៤​ពិន្ទុ ឈរ​កំពូល​តារាង​ពូ​ល G តាម​ពីក្រោយ​ដោយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែលមាន​៣​ពិន្ទុ ពី​ការប្រកួត​១​លើក​។ ម៉េ​ឡេ​ស៊ី​នៅ​លេខ​៣ មាន​៣​ពិន្ទុ​ក្រោយ​ប្រកួត​២​លើក ខណៈ​វៀតណាម​ដែល​ទើប​លេង​១​ប្រកួត​ឈរ​លេខ​៤​មាន​មួយ​ពិន្ទុ ហើយ​ឥណ្ឌូណេស៊ី​នៅ​បាត​តារាង​មាន​សូន្យ​ពិន្ទុ​។​

​ជំនួប​បន្ទាប់​ទៀត ថៃ​ត្រូវ​ស្វាគមន៍​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩៕


Tag:
 World Cup
  ថៃ​
  ជម្រើសជាតិ​
  Akira Nishino
© រក្សាសិទ្ធិដោយ thmeythmey.com