ជាតិ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ​៤​នាក់​ស្លាប់ និង ៦​នាក់​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ
13, Sep 2019 , 9:59 pm        
រូបភាព
រូបភាបពីទំព័រហ្វេសប៊ុកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ
រូបភាបពីទំព័រហ្វេសប៊ុកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ
​ពលរដ្ឋ​ខ្មែរ​៤​នាក់ បាន​បាត់​បង់ជីវិត និង ៦​នាក់​ទៀត រងរបួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ពីរ​គ្រឿង (​ទិសដៅ​បញ្ច្រាស​គ្នា​) នៅ​ស្រុក​វ​ឌ្ឍ​នា​ណាក់​ខន ខេត្ត​សា​កែវ (​ស្រះកែវ​) ប្រទេស​ថៃ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​។ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ បាន​បង្ហោះ​ព័ត៌មាន​នេះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។



​ពលរដ្ឋ​ខ្មែរ​ទាំង​៤​នាក់ ដែល​បាត់​បង់ជីវិត​នោះ គឺ ឈ្មោះ អោក លីម ភេទ​ស្រី អាយុ​៥១​ឆ្នាំ ឈ្មោះ ជួង ស៊ី​ញី​ន ភេទ​ស្រី អាយុ​១៦​ឆ្នាំ ឈ្មោះ ជួង ចាន់នី​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ និង ឈ្មោះ ជួង ឡៃ​អ៊ិន ភេទ​ប្រុស អាយុ​១១​ឆ្នាំ​។ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ អះអាងថា អ្នក​ទាំង​៤ ជា​អ្នក​ស្រុកភូមិ​ជាមួយគ្នា គឺ​មកពី ភូមិ​គោក​ព្រិច ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

​ចំណែក អ្នករងរបួស គឺ​៤​នាក់ របួសស្រាល ហើយ​២​នាក់ របួសធ្ងន់​។ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ បញ្ជាក់ថា ពួកគេ កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​។ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង​១០​នាក់ ដែល​ស្លាប់​និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​អ្នកខ្លះ​ជា​អ្នកជំងឺ ប៉ង​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ហើយ​អ្នកខ្លះ ជា​អ្នកទេសចរ​។

​ប្រភព​ខាងលើ បាន​រៀបរាប់ថា រថយន្ត​ទេសចរណ៍​ម៉ាក Toyota Camery បាន​បុក​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​ប្រភេទ​វ៉ែន​ដឹក​អ្នកដំណើរ ដែល​ធ្វើដំណើរ​ពី​ទីក្រុង​បាងកក ឆ្ពោះ​មកកាន់​ផ្សារ​រោង​ក្លឿ ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ (​ប៉ោយប៉ែត​-​ខ្លង​លឹក​)​។ បើតាម​ប្រភព​ដដែល  តៃកុង​ឡាន​វ៉ែន ដែលជា​ជនជាតិ​ថៃ បាន​ស្លាប់ ហើយ​អ្នកបើកបរ​រថយន្ត​ទេសចរណ៍ បាន​សន្លប់​និង​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ​។​

​មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​សហការ​ជាមួយ​សាច់ញាតិ​សព ព្រមទាំង​អាជ្ញាធរ​ថៃ ដើម្បី​រៀបចំ​បែបបទ​នាំយក​សព​មក​ធ្វើបុណ្យ​នៅ​កម្ពុជា​៕

Tag:
 ​គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com