អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ការបញ្ឈប់​អាជីវកម្ម​ល្បែង​អន​ឡាញ អាច​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ដែរឬទេ​?
14, Sep 2019 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការសម្រេច​របស់​រដ្ឋា​ភិ​បាល​នាពេល​ថ្មីៗ​នេះ ក្នុងការ​បញ្ឈប់​ការចេញ​អាជ្ញាប័ណ្ណ​ល្បែងស៊ីសង​តាម​អ៊ិន​ធឺ​ណិ​ត បានធ្វើ​ឲ្យ​មានការ​ព្យាករ ដល់​ការប៉ះពាល់​ដល់​លំហូរ​ដើមទុន​វិនិយោគ និង​ភ្ញៀវ​មកពី​ប្រទេស​ចិន ហើយ​ប៉ះពាល់​តដល់​វិស័យ​អចលនទ្រព្យ​។

​ទោះយ៉ាងណា អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​លើកឡើងថា ការសម្រេច​នេះ នឹង​ជួយ​បង្កើន​គុណភាព​នៃ​ការវិនិយោគ​នៅ​កម្ពុជា ហើយ​ផលប៉ះពាល់​នឹង​អាច​កើតមាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​

​អាជីវកម្ម​ល្បែង​នៅក្នុង​ប្រទេស​កម្ពុជា អាចជា​មូលហេតុ​ចម្បង​មួយ ដែល​ធ្វើ​ឲ្យ​មាន​កំណើន​ការវិនិយោគ និង​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្រុងព្រះសីហនុ នៅ​ភាគខាងត្បូង និង​ប៉ោយប៉ែត​ជាប់​ព្រំដែន​ជាមួយ​ថៃ ហាក់ដូចជា​ចំណុច​ស្នូល​នៃ​កំណើន​នេះ​។ ទីក្រុង​ទាំងពីរ មាន​ឧស្សាហកម្ម​កាស៊ីណូ ដែល​បាន​បង្កើតឡើង​យ៉ាង​លឿន​។​

​អ្វីៗ​នៅ​ដំណើរការ​ដូច​ធម្មតារ​ហូត​ដល់​ពាក់កណ្តាល​ខែ​មុន​។ នោះ​គឺជា​ពេលដែល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សេចក្តីណែនាំ​មួយ ដែល​បាន​បញ្ឈប់​ការចេញលិខិត​អនុញ្ញាត​ឲ្យ​លេងល្បែង​តាម​អ៊ីនធឺណិត ក្នុង​គោលដៅ​លុបបំបាត់​ការ​ជំរិត​ទារប្រាក់​តាម​អ៊ិន​ធឺ​ណិ​ត​។ អាជ្ញាប័ណ្ណ​ដែល​បានផ្តល់​រួចហើយ មាន​សពុល​ភាព​ត្រឹម​ដំណាច់​ឆ្នាំនេះ​ប៉ុណ្ណោះ​។​
​ប្រភពព័ត៌មាន​ក្នុងស្រុក​កំពុង​រាយការណ៍​ថា កន្លែង​លេងល្បែង​ជាច្រើន​បាន​បិទទ្វារ​រួចជាស្រេច ហើយ​ជនជាតិ​ចិន​រាប់ពាន់នាក់ បាន​ចាក​ចេញពី​ក្រុងព្រះសីហនុ​។​

​គ្រាន់​តែមួយ​សប្តាហ៍ បន្ទាប់ពី​សេចក្តីសម្រេច​ថ្ងៃទី​១៨ ខែសីហា ក្រសួងមហាផ្ទៃ បាន​បណ្តេញ​ជនជាតិ​ចិន​ចំនួន ១៥០ នាក់ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត ដែល​កំពុងដំណើរការ​ចេញពី​ក្រុងព្រះសីហនុ និង​ក្រុង​បាវិត​។​

ការធ្លាក់ចុះ​តម្រូវការ​នៅ​ក្រុងព្រះសីហនុ​
​អ្នក​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​និយាយថា តម្រូវការ​បន្ទប់​ស្នាក់នៅ ទាំង​នៅ​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅ បាន​ធ្លាក់ចុះ​យ៉ាងគំហុក ចាប់តាំងពី​ខែ​មុន​។​
​លោក នួន រិទ្ធី ប្រធាន និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Khmer Appraisal Foundation បាន​លើកឡើងថា ជនជាតិ​ចិន​ដែល​ចាក​ចេញពី​ខេត្ត​ព្រះសីហនុ គឺជា​ទេសចរ​មកលេង​ល្បែងស៊ីសង ដែល​មិនមែនជា​អ្នកវិនិយោគ​ទេ​។

​ជា​លទ្ធផល​នេះ បាន​បណ្តាលឱ្យ​មានការ​ធ្លាក់ចុះ នៃ​តម្រូវការ​កន្លែង​ស្នាក់នៅ អាហារ និង​សេវាកម្ម​ផ្សេងៗ​។​
​យ៉ាងណាក៏ដោយ លោក រិទ្ធី បាន​អះអាងថា វិស័យ​វិនិយោគ​ផ្សេងទៀត នៅក្នុង​ប្រទេស ដូចជា​អចលនទ្រព្យ សំណង់ ទេសចរណ៍ និង​វាយ​ន​ភណ្ឌ គឺ​នៅ​បន្ត​ខ្លាំង​ដដែល​។ លោក​លើកឡើងថា​៖«​ការសម្រេច​បញ្ឈប់​ការចេញ​អាជ្ញាប័ណ្ណ​ល្បែងស៊ីសង គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​ច្រោះ​យក​វិនិយោគិន​ល្អ​…​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ចកម្ពុជា ក្នុង​រយៈពេល​វែង​»​។​

​លោក​បន្តថា​៖«​ខ្ញុំ​ជឿជាក់ថា​ការសម្រេចចិត្ត​នេះ នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​យូរអង្វែង ហើយ​ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​គោលដៅ​ល្អ​បំផុត សម្រាប់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​»​។​

​ក្រុងព្រះសីហនុ ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត គឺជា​មជ្ឈមណ្ឌល​សំខាន់​នៃ​ឧស្សាហកម្ម​ល្បែង​តាម​អ៊ិន​ធឺ​ណិ​តរបស់​ប្រទេស​កម្ពុជា​។ តំបន់​ទាំងបី​នេះ ត្រូវបាន​គេ​រាយការណ៍​ថា បានឃើញ​ជនជាតិ​ចិន ចាកចេញ​យ៉ាងគំហុក បន្ទាប់ពី​មានការ​សម្រេច​បញ្ឈប់​អាជីវកម្ម​ល្បែង​អន​ឡាញ​។​

​លោក គីម ហ៊ាង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ី​ស្ទេ​ត បាន​អះអាងថា ការហាមឃាត់​អាជីវកម្ម​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ត​ម្លៃ​ដីធ្លី នៅ​ក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត និង​ក្រុង​បាវិត​។​

​ទោះយ៉ាងណា លោក​បាន​បន្ថែមថា វា​គ្រាន់តែ​ជា​ផលប៉ះពាល់​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយនឹង​ផ្តល់​ផល​ល្អ​សម្រាប់​កំណើន​រយៈពេល​វែង​។​
​ដី​នៅ​ក្រុងព្រះសីហនុ ដែល​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​តែ ២០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​កាលពី ៣ ឆ្នាំមុន ត្រូវបាន​កើន​ដល់​តម្លៃ​ប្រហែល ៣,០០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ នា ពេលនេះ ដោយសារ​កំណើន​ជនជាតិ​ចិន​។

​ដូច្នេះ​ការចាកចេញ​យ៉ាងគំហុក​ភ្លាមៗ អាចធ្វើ​ឲ្យ​ប៉ះពាល់​ក្នុង​កម្រិត​ណាមួយ​។​
​លោក គីម ហ៊ាង បាន​លើកឡើងថា​៖«​ក្នុង​រយៈពេល​វែង​ការសម្រេចចិត្ត​នេះ នឹង​ផ្តល់នូវ​គុណសម្បត្តិ​ធំៗ សម្រាប់​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ហើយ​ការបន្ត​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​បច្ចុប្បន្ន​សម្រាប់​រយៈពេល​មួយឆ្នាំ​ទៀត គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត សម្រាប់​ទាំងអស់គ្នា​»៕

(​ប្រភព​៖ https://www.realestate.com.kh/km/news/will-gambling-ban-hit-cambodia-real-estate/)

​(អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com