ONE Championship
កីឡាជាតិ
ជាតិ
ខូវ វិ​វ​ឌ្ឍ​នា​៖ «​ចាន់ រតនា លេខ​១​ស្រុក​ខ្មែរលើ​គុន​ចម្រុះ ប៉ុន្តែ​ខ្សោយ​ក្បាច់​សម្លាប់​»
13, Sep 2019 , 10:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី

«​បើ​និយាយ​ទៅ នៅ​ស្រុក​ខ្មែរ ចាន់ រតនា ជា​ជើង​ខ្លាំង​លេខ​១ និង​ល្អ​បំផុត​ផ្នែក​គុន​ចម្រុះ ប៉ុន្តែ ចំណុចខ្សោយ គឺ​មិនអាច​យក​ក្បាច់ MMA ឬ ជី​ជិត​ស៊ូ ទៅ​ផ្ដួល​គូប្រកួត​បាន​»​។ នេះ​ជាការ​អះអាង​របស់លោក ខូវ វិ​វ​ឌ្ឍ​នា ដែលជា​គ្រូបង្វឹក​ក្បាច់ គុន​ចម្រុះ និង​ជី​ជិត​ស៊ូ របស់​រតនា​។ លោក វិ​វ​ឌ្ឍ​នា ក៏​ជា​អ្នក​នៅ​ពីក្រោយ ចាន់ រតនា ដែល​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​រូបនេះ​លេចធ្លោ​បំផុត​ទាំង​នៅក្នុង​ស្រុក និង​ពិភពលោក​។



​ខូវ វិ​វ​ឌ្ឍ​នា បាន​រៀបរាប់​ទៀតថា ៖«​ពេល​ខ្ញុំ​បង្ហាត់ ចាន់ រតនា គឺ​មិន​ហ៊ាន​បង្ហាត់​ក្បាច់​ដើម្បី​សម្លាប់​ដៃគូ​ដោយ​ប្រើ MMA ឬ ជី​ជិត​ស៊ូ​នោះទេ ព្រោះ​ពេល​វា​ខ្លី​ពេក ប៉ុន្តែ​លើ​ការពារ​រហូត​។ ក្នុង​មួយ​សប្ដាហ៍ រតនា ហាត់​ជាមួយ​ខ្ញុំ​ត្រឹម ៣ ទៅ ៤ ម៉ោង​ប៉ុណ្ណោះ​។ ដូច្នេះ​យើង​ផ្ដោតលើ​របៀបការ​ពារ និង ដោះ​ឃ្លេ​ច្រើនជាង​។ ពេល​ខ្លី​បែបនេះ​យើង​មិនអាច​បង្ហាត់​ក្បាច់​ផ្ដួល​គូប្រកួត​បានទេ​។ ប៉ុន្តែ បើ​ចាន់ រតនា ត្រូវ​ប្រកួត​ខ្សែក្រវាត់​នៅ ONE ទៅ​ថ្ងៃមុខ ខ្ញុំ​ត្រូវ​បង្ហាត់​យ៉ាងហោច រយៈពេល​១​ម៉ោង​កន្លះ​ដែរ​ក្នុង​មួយថ្ងៃ​។ ខ្ញុំ​បាន​ប្រាប់  ចាន់ រតនា រួចមកហើយ​រឿងនេះ ហើយ​យើង​ត្រូវ​ត្រៀម​បោះជំរំ​ហ្វឹកហាត់​ឲ្យ​បានល្អ​បំផុត​»​។



​គ្រូបង្វឹក​កូន​ខ្មែរ​-​បារាំង​រូបនេះ​សង្កត់ធ្ងន់ថា ៖«​បច្ចុប្បន្ន បើ​និយាយ​អំពី​ការ​ដោះ​ឃ្លេ មិន​ថា​ឃ្លេ​ទល់មុខ និង ឃ្លេ​ពី​ខាង​ខ្នង​ទេ ចាន់ រតនា លេខ​១​ហើយ​ក្នុងការ​ដោះចេញ​។ កាល​វ៉ៃ​ជាមួយ Rudy រតនា​អាច​ដោះ​ឃ្លេ​ពី​ខ្នង​បាន​យ៉ាង​ល្អ​»​។

​ប្រធាន​សហព័ន្ធ​ជី​ជិត​ស៊ូ​កម្ពុជា​បាន​បន្តថា លោក​យល់​ចំពោះ​ស្ថានភាព​របស់ ចាន់ រតនា ដោយសារ​មាន​ក្លិប​ផ្ទាល់ខ្លួន​ត្រូវ​បង្ហាត់ មាន​ប្រពន្ធ​កូន​ក្នុងបន្ទុក និង មាន​ភារកិច្ច​ហាត់​ខ្លួនឯង​ទៀត​។ នេះ​ជា​ហេតុផល​លំបាក​បន្តិច ប៉ុន្តែ រតនា នៅ​ក្រាញននៀល និង​អាច​ក្លាយជា​កីឡាករ​MMA លេខ​១​តំណាង​ឲ្យ​កម្ពុជា​។ លោក ខូវ វិ​វ​ឌ្ឍ​នា នៅ​ពីក្រោយ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់ រតនា លើស​ង្វៀន  ONE ជាពិសេស​បំផុត គឺ ឈ្នះ​៣​លើក​ជាប់​ក្នុង​ការប្រកួត​ចុងក្រោយ​របស់ រតនា ទល់នឹង​Abrou Fernandes  , និង Rudy Agustian និង Gustavo Balart​។ 

​ពេល​សួរថា កន្លងទៅ​ជួប​គូប្រកួត​ដែល​ខ្លាំង​ខាង​MMA និង ចំបាប់ ចុះបើ រតនា ជួប​កីឡាករ​ជំនាញ Kickboxing ឬ មាន​ប្រវត្តិ​ប្រដាល់សេរី​ដែរ តើ​លោក​បង្ហាត់​បែបណា​ទៀត​? លោក វ វិ​វ​ឌ្ឍ​នា ឆ្លើយថា​៖«​យើង​ត្រូវ​សិក្សា​អំពី​គូប្រកួត​។ ប៉ុន្តែ​យើង​ត្រូវ​បង្កើន​ក្បាច់​ជី​ជិ​ស៊ូ ឲ្យ​ខ្លាំងក្លា​ជាង​មុន ជាពិសេស​ក្បាច់​ជើង និង ដៃ​ដើម្បី​គាប​ផ្ដួល​គូប្រជែង​។ ខ្ញុំ​ទទួលស្គាល់ថា រតនា មិនអាច​ឈ្នះ​គេ​ដោយ​ក្បាច់​ជី​ជិត​ស៊ូ ឬ MMA ទេ ប៉ុន្តែ យើង​ត្រូវ​ឲ្យ​ហាត់​ឲ្យ​បាន​ច្រើន​ម៉ោងជាង​បច្ចុប្បន្ន​»​។

​លោក ខូវ វិ​វ​ឌ្ឍ​នា ដែលជា​កូនកាត់​-​ខ្មែរ​បារាំង មិន​ត្រឹមតែ​គ្រូបង្វឹក​ក្បាច់គុន ជី​ជិត​ស៊ូ (Jiu Jitsu) នៅ H/Art Academy ប៉ុន្តែ​លោក​ក៏​ជា​ប្រធាន​សហព័ន្ធ​កីឡា​ជី​ជិត​ស៊ូ​កម្ពុជា ទៀតផង​។ ឆ្នាំ​ដ៏​លេចធ្លោ​របស់ លោក ខូវ វិ​វ​ឌ្ឍ​នា គឺ ជា​គ្រូបង្វឹក​ដឹកនាំ ខាន់ ចេ​សា ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​កាល​ឆ្នាំ ២០១៨ នៅ​ឥណ្ឌូណេស៊ី និង ឈ្នះ​មេដាយមាស​ជូន​ជាតិ​មាតុភូមិ​។

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។


© រក្សាសិទ្ធិដោយ thmeythmey.com