ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី រងបទប្រមាថព្រះមហាក្សត្រលើកទីពីរ
13, Sep 2019 , 5:25 pm        
រូបភាព
រូបពី AFP
រូបពី AFP
លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យធ្វើបណ្តឹងអាជ្ញាចំពោះលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលកំពុងរស់នៅក្នុងប្រទេសបារាំង ពីបទប្រមាថព្រះមហាក្សត្រ។ តាមរយៈអធិបញ្ជានេះ លោករដ្ឋមន្រ្តី ប្រាប់ឲ្យព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់និងតឹងរឹងបំផុតចំពោះលោក សម រង្ស៊ី។



លោករដ្ឋមន្រ្តី បញ្ជាក់ដូច្នេះថា៖«ពាក្យសម្តីរបស់បុគ្គលឈ្មោះ សម រង្ស៊ី ដែលបានផ្សព្វផ្សាយជាសាធារណៈ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមរបស់ព្រះករុណព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រជារាស្រ្តខ្មែរទូទាំងប្រទេសគោរពស្រឡាញ់ស្មើជីវិត។ ការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តាអង្គព្រះមហាក្សត្រខាងលើនេះ គឺជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញ ហើយទង្វើនេះ ត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌ.....»។

បន្ទាប់ពីរដ្ឋមន្រ្តីចេញអធិបញ្ជា លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏សម្រេចចោទប្រកាន់លោក សម រង្ស៊ី ពីបទប្រមាថព្រះមហាក្សត្រ និង បញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តបើកការស៊ើបសួរ ហើយក៏ស្នើឲ្យឃុំលោក សម រង្ស៊ី ផងដែរ។  

លោក សម រង្ស៊ី រងការចោទប្រកាន់នេះ គឺដោយសារតែលោក ប្រើពាក្យធ្ងន់ៗក្នុងន័យប្រមាថព្រះមហាក្សត្ស នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានលោក មួង ណារ៉េត ជាអ្នកសម្របសម្រួល។

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីថ្លែងការណ៍មុនគេ ប្រតិកម្មនឹងលោក សម រង្ស៊ី។ ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងព្រះបរមរាជវាំង បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោក សម រង្ស៊ី ហើយបានហៅលោក សម រង្ស៊ី ថាមានចរិតជាជនក្បត់ជាតិ ដែលតែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាមរបស់ព្រះករុណាព្រះមហាក្សត្រ។

ក្រសួងព្រះបរមរាជវាំង សរសេរក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៣ ខែកញ្ញា បែបនេះថា៖«អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម សង្គមជាតិកម្ពុជា កំពុងទទួលបានសេចក្តីសុខ សន្តិភាព និង ការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា»។

លោក សម រង្ស៊ី ជាប់ទោសពីបទប្រមាទព្រះមហាក្សត្រម្តងរួចមកហើយ។ កាលពីអំឡុងខែមេសា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យលោក ជាប់ពន្ធនាគារ៤ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ។ កាលនោះ លោក សរសេរលើទំព័រហ្វេសប៊ុកថា ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមបោះឆ្នោតអាណត្តិទី៦ គឺជាព្រះរាជសារក្លែងក្លាយ ឬត្រូវបានធ្វើឡើងដោយមានការគាបសង្កត់។

សរុបទាំងអស់ បទល្មើសរបស់លោក សម រង្ស៊ី មិនតិចជាង១០នោះទេ។ លោក ប្រកាសថា លោក នឹងដឹកនាំកម្លាំងមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរ៕

Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com