ស្ថានប័នជាតិនានាបានប្រកាសថ្កោលទោសអតីតមេគណបក្សប្រឆាំងជាបន្តបន្ទាប់ បន្ទាប់ពីអ្នកនយោបាយរូបនេះ បានពោលពាក្យប្រមាថព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី តាមរយៈមីក្រូរបស់វិទ្យុអាស៊ីសេរី។
សហភាពសហព័ន្ធយុវជនកម្ពុជាបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយបាត់ បានប្រើប្រាស់ពាក្យអសុរោះ ប្រមាថព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បាននិយាយថា ព្រះករុណាគឺជា «អាយ៉ង និងជាចំណាប់ខ្មាំង» របស់សម្តេច ហ៊ុន សែន។
«ការប្រើប្រាស់ពាក្យពេចន៍ដ៏ទុរយសរបស់លោក សម រង្ស៊ី ចំពោះអង្គព្រះមហាក្សត្រ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ជាអំពើដ៏អយុត្តិធម៌បំផុតចំពោះព្រះករុណា និងជាការបំពានដ៏ធ្ងន់ធ្ងរដល់រដ្ឋធមនុញ្ញ និងជាការប្រមាថប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលស្រឡាញ់ព្រះអង្គស្មើជីវិតរបស់ខ្លួន»។ នេះគឺជាការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា។
លើសពីសេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលលោកជាអ្នកដឹកនាំ លោក ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចផងនោះ ក៏បានសរសេរអត្ថាធិប្បាយបន្ថែមតាមរយៈទំព័រហ្វេសប៊ុករបស់ដោយចាត់ទុកថា លោកសម រង្ស៊ី បានយកប្រយោជន៍ និងនិមិត្តរូបជាតិមកជាន់ឈ្លីដើម្បីបម្រើមហិច្ឆតាផ្ទាល់ខ្លួន។ លោក ហ៊ុន ម៉ានី សរសេរយ៉ាងដូច្នេះ៖«ការប្រមាថលើព្រះចេស្តាអង្គព្រះមហាក្សត្រ តាមរយៈការប្រើប្រាស់ពាក្យពេចន៍បែបអសីលធម៌របស់លោក សម រង្ស៊ី មិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកដៃឱ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសជាតិយើងទៀតផង»។ សម្រាប់លោក ហ៊ុន ម៉ានី លោក សម រង្ស៊ី គួរតែបានប្រើវិធីសាស្ត្រផ្សេងទៀត បើគ្រាន់តែមិនចង់ឱ្យសាធារណជនបំភ្លេចលោក។
នៅថ្ងៃនេះដែរ ក្រសួងការពារជាតិក៏បានថ្លែងថ្កោលទោសលោក សម រង្ស៊ី យ៉ាងខ្លាំងក្លាដូចគ្នាដែរ ហើយបានអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងលោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរទៀតផង។
ប្រតិកម្មក៏មានមកពីគណបក្សសញ្ជាតិកម្ពុជាដែរ ដែលបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា លោក សម រង្ស៊ី បានរំលោភយ៉ាងកម្រោលមកលើអង្គព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
សេចក្តីថ្លែងការណ៍ថ្កោលទោសលោក សម រង្ស៊ី កំពុងធ្លាក់មកជាបន្តបន្ទាប់ ពីគណបក្សនយោបាយនានា រួមទាំងពីអាជ្ញាធរខេត្ត ក្រុងនានាផងដែរ៕