អន្តរជាតិ
ប៉េកាំង នឹងចេញពីបញ្ជីទីក្រុងដែលមានការបំពុលខ្លាំងបំផុតទាំង ២០០
×
ដោយ ឈួន ឈីវអ៊ីង
ទីក្រុងប៉េកាំងរបស់ចិន កំពុងស្ថិតក្នុងការតាមដាន ដើម្បីដកចេញពីបញ្ជីនៃទីក្រុងដែលមានការបំពុលខ្លាំងបំផុតទាំង២០០ លើពិភពលោកក្នុងឆ្នាំនេះ។ បើតាមទិន្នន័យដែលបានបង្ហាញដោយ IQAir AirVisual នៅថ្ងៃទី១២ កញ្ញា កំហាប់ផ្សែងអ័ព្ទដែលមានគ្រោះថ្នាក់ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែសីហាកន្លងទៅ។
ទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់នៃប្រទេសស្វីស IQAir AirVisual បានបង្ហាញថា ទីក្រុងប៉េកាំង នឹងកាត់បន្ថយកម្រិតនៃធាតុតូចៗដែលបំផ្លាញសួត ដែលត្រូវបានគេស្គាល់ថាជា PM2.5 ជិត ២០ភាគរយ នៅឆ្នាំនេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ហើយជិតមួយភាគបី នៃឆ្នាំ ២០១៧។
កន្លមក ប៉េកាំង ស្ថិតនៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានរបស់រដ្ឋាភិបាលចិនដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០១៤ ។ រោងចក្រ និងទីតាំងឧស្សាហកម្មដែលបំពុលបរិយាសខ្លាំង ត្រូវបានបិទជាបន្តបន្ទាប់។ អាជ្ញាធរ ក៏បានកែលម្អស្តង់ដារប្រេងឥន្ធនៈ ការបំភាយឧស្ម័ន និងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មទាំងនៅក្នុងទីក្រុង និងតាមជនបទ។
ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០១៩ ទីក្រុងប៉េកាំងមានអត្រា PM2.5 ជាមធ្យមក្នុងមួយម៉ោងគឺ ៤២,៦ មីក្រូក្រាម គឺទាបជាងឆ្នាំមុន ១៩,៣ភាគរយ។ តួលេខនេះគឺតិចជាងពាក់កណ្តាលនៃអត្រាជាមធ្យមក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០០៩ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ទិន្នន័យបានបង្ហាញថា ការប្រមូលផ្តុំ PM2.5 ក្នុងមួយម៉ោងជាមធ្យមរបស់ទីក្រុងប៉េកាំង ក្នុងខែសីហាគឺ ២២,១ មីក្រូក្រាម ដែលជាអត្រាប្រចាំខែទាបបំផុតចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមនៅក្នុងខែមេសាឆ្នាំ ២០០៨ ។
ប្រទេសចិនបាននិយាយថា ខ្លួននឹងប្រកាន់យកវិធានការដែលមានប្រសិទ្ធិភាពបន្ថែម ក្នុងអំឡុងយុទ្ធនាការប្រឆាំងនឹងការបំពុលបរិស្ថានក្នុងឆ្នាំ ២០១៩ ប៉ុន្តែក៏មិនបន្ធូរបន្ថយកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឬបន្ធូរបន្ថយការបង្ក្រាបទៅលើអ្នករំលោភបំពានឡើយ។
ទីក្រុងប៉េកាំងបាននិយាយរួចហើយថា ខ្លួននឹងរឹតត្បិតលើការលក់កាំជ្រួច និងការលក់ប្រេងឥន្ធនៈនៅខែនេះដើម្បីធានាការកាត់បន្ថយការបំពុលបរិយាកាស នៅអំឡុងពេលប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតនៅថ្ងៃទី ១ ខែតុលាខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com