ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះជាប់ ឬធ្លាក់ សិស្សមួយចំនួនសម្រេចចិត្តរៀនបន្ត
14, Sep 2019 ,
1:59 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩សីហា ឆ្នាំ២០១៩ បានប្រកាសលទ្ធផលហើយ កាលពីថ្ងៃទី៩ខែកញ្ញាកន្លងទៅ ដោយសិស្សជាប់សរុបនៅទូទាំងប្រទេសមានចំនួន ៧៩,០៥២ នាក់ត្រូវជា៦៨.៦២ភាគរយ។ ទោះជាប់ ឬមិនជាប់បាក់ឌុប ក៏សិស្សមួយចំនួន បានតម្រង់ទិសដៅរបស់ខ្លួនរួចជាស្រេច ថានឹងរៀនបន្តទៅថ្នាក់ឧត្តមសិក្សា ឬរៀនថ្នាក់ទី១២ឡើងវិញ។
តទៅនេះសូមស្ដាប់ពីការតាំងចិត្តរបស់សិស្សមួយចំនួន ក្នុងការបន្តការសិក្សារបស់ខ្លួន ប្រាប់អ្នកសារព័ត៌មានថ្មីៗ ខណៈពេលពួកគេកំពុងរង់ចាំស្ដាប់លទ្ធផល នៅក្នុងមណ្ឌលប្រឡងរបស់ខ្លួន។
សូមស្ដាប់សេចក្ដីរាយការណ៍របស់កញ្ញា ប៉ូ សាគុន ដូចតទៅ៖
នាម៉ោង៣រសៀលនៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ក៏ដូចជាសាលាដទៃទៀត នៅរាជធានីភ្នំពេញ នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩។ សិស្សទាំងស្រី និងប្រុស រួមទាំងសាច់ញាតិ មានម្ដាយឪពុក បងស្រីប្រុស ខ្លះឈរ ខ្លះអង្គុយ ត្រៀបត្រា រាយតាំងពីកន្លែងផ្ញើម៉ូតូ ក្នុងបរិវេណសាលា នៅសួនច្បារ នៅមុខបន្ទប់រៀន ក្រោមដើមឈើ និងនៅលើបង់អង្គុយក្នុងសាលាជាដើម។
សំឡេងបុរសម្នាក់ កំពុងប្រកាសឈ្មោះសិស្សដែលប្រឡងជាប់ តាមឧគ្ឃោសនសព្ទរបស់សាលា ដែលដាក់នៅកន្លែងផ្សេងគ្នា ដើម្បីឱ្យសិស្សងាយស្រួយស្ដាប់ឈ្មោះរបស់ខ្លួន។ សំឡេងហ៊ោកញ្ជ្រៀវ រួមជាមួយកាយវិការលោតចុះលោតឡើងយ៉ាង សប្បាយរីករាយ សិស្សខ្លះ រត់ទៅឱបមិត្តដែលនៅក្បែរ ព្រោះគេបានឮឈ្មោះរបស់ខ្លួនប្រឡងជាប់។ អ្នកទាំងនោះ ក៏ប្រញាប់ប្រញាល់លើកទូរស័ព្ទឡើង ដើម្បីហៅទៅប្រាប់សមាជិកគ្រួសារ និងអ្នកស្តាប់ពីដំណឹងល្អនេះ ដោយអ្នកខ្លះញញឹមរីករាយលាយដោយទឹកភ្នែកខ្លះផងព្រោះក្ដីរំភើប។ ប៉ុន្តែក៏មានសិស្សខ្លះត្រូវយំសោក ព្រោះតែមិនបានឮឈ្មោះរបស់គេ ចេញពីឧគ្ឃោសនសព្ទ ដែលមានន័យថា គេប្រឡងមិនជាប់នោះ។
ដើរចេញពីក្រុមសិស្សដូចគ្នា នារីវ័យ១៧ឆ្នាំម្នាក់ បានធ្វើដំណើរឆ្ពោះទៅឱបឪពុករបស់ខ្លួនដែលកំពុងឈររង់ចាំនៅកន្លែងផ្ញើម៉ូតូ ក្បែរសួនច្បារទាំងរលីងរលោងទឹកភ្នែក។ មានសំដីនឹងធឹងបន្តិចកញ្ញា អ៊ុន ណាលីស ថានាងពិតជាសប្បាយចិត្តពេលបានឮគេប្រកាសថាឈ្មោះរបស់នាងជាប់និទ្ទេសB។ នារីវ័យក្មេងរូបនេះ បានតាំងចិត្តជាស្រេចថាខ្លួន នឹងរៀនបន្តផ្នែកបច្ចេកវិទ្យាព័ត៌មាន តាមចំណង់ចំណូលចិត្តរបស់នាង។ កញ្ញាបញ្ជាក់៖«ចេញលទ្ធផលល្អខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំនឹងរៀនបន្តខាងបច្ចេកវិទ្យាព័ត៌មាន(IT) ព្រោះខ្ញុំស្រឡាញ់ខាងហ្នឹង»។
ចំណែកកញ្ញា ហែម ចន្ទមិនា វ័យ១៧ឆ្នាំវិញ កំពុងអង្គុយក្រោមដើមឈើជាមួយបងស្រី រង់ចាំស្ដាប់លទ្ធផលរបស់មិត្តភក្ដិរួមថ្នាក់ ក្រោយពីនាងបានដឹងថា ខ្លួនបានជាប់និទ្ទេសD ហើយនោះ។ ក្នុងចំណោមសិស្សជាច្រើន ចន្ទមិនា បានប្រាប់ពីជំនាញដែលនាងនឹងរៀននៅថ្នាក់មហាវិទ្យាល័យ។ «ខ្ញុំគិតថា សមត្ថភាពរបស់ខ្ញុំ សមនឹងបាននិទ្ទេសDនេះ។ ខ្ញុំនឹងទៅរៀនផ្នែកទំនាក់ទំនងអន្តរជាតិ»។
ខ្ញុំបានដើរស្វែងរកសិស្សដែលកំពុងរង់ចាំលទ្ធផលរបស់ខ្លួន ដើម្បីចង់ដឹងពីការប្ដេជ្ញាចិត្តរបស់គេមុនដឹងលទ្ធផល។ ខ្ញុំបានមកជួបសិស្សប្រុសម្នាក់ ដែលកំពុងអង្គុយនៅមុខបន្ទប់រៀន។ លោក អេង បញ្ញាវុធ វ័យ១៨ឆ្នាំ ក្នុងទឹកមុខញញឹមញញែមហាក់មិនបារម្ភអ្វីទាំងអស់។ ខណៈនេះយុវជនសម្បុរសញញឹមស្រស់ បញ្ញាវុធ មិនទាន់ដឹងថា ខ្លួនជាប់ឬធ្លាក់ឡើយ ស្របពេលដែលសិស្សមួយចំនួនបានដឹងលទ្ធផលហើយ។ មិនភ័យ ព្រោះគេមានជំនឿលើខ្លួនឯង ប៉ុន្តែទោះជាយ៉ាងណាលទ្ធផលមិនទាន់ចេញ យុវជនដែលមានស្រុកកំណើតនៅភ្នំពេញរូបនេះ ថាបើទោះជាធ្លាក់បាក់ឌុបក៏គេនឹងរៀនថ្នាក់ទី១២ឡើងវិញដែរ។ «សម្រាប់ខ្ញុំមានអារម្មណ៍ធម្មតា ព្រោះខ្ញុំធ្វើបានគ្រាន់បើដែរ។ អាចជាប់! ខ្ញុំនឹងរៀនផ្នែកផ្សព្វផ្សាយ និងគមនាគមន៍។ បើសិនជាមិនជាប់ ខ្ញុំនឹងរៀនថ្នាក់ទី១២ម្ដងទៀត ហើយឆ្នាំក្រោយ ខ្ញុំខំឱ្យជាប់ដើម្បីប្រឡងចូលសកល»។
អង្គុយក្បែរមិត្តម្នាក់ទៀត បញ្ញាវុធ បញ្ជាក់ពីមូលហេតុ ដែលគាត់មិនរៀនថ្នាក់បរិញ្ញាបត្ររង។ «សម្រាប់ខ្ញុំបរិញ្ញាបត្ររង គឺមិនមានន័យ។ បើខ្ញុំជាប់ទី១២ យ៉ាងយោចណាស់ វាបានបញ្ជាក់ថាខ្ញុំបានខំប្រឹងប្រែងខ្លះ។ ដូច្នេះ ចូលរៀនបរិញ្ញាបត្រតែម្ដង សម្រាប់ខ្ញុំ គឺវាមានន័យ។ គ្រួសាររបស់ខ្ញុំ មិនដាក់គំនាបក្នុងការជ្រើសរើសមុខវិទ្យាទេ គាត់ឱ្យសិទ្ធិខ្ញុំរើសខ្លួនឯង»។
ងាកចេញពីសិស្សយើងមកចាប់អារម្មណ៍អាណាព្យាបាលរបស់សិស្សវិញម្ដង។ ស្ត្រីសម្បុរស្រអែមមុខមូលសក់វែង សុំមិនបញ្ចេញឈ្មោះ ដែលបង្ហាញឱ្យឃើញពីទឹកមុខព្រួយបារម្ភនោះ កំពុងរង់ចាំស្ដាប់លទ្ធផលប្រឡងរបស់កូន នៅក្បែរកូនស្រីរបស់ខ្លួន។ ក្នុងពេលមិនទាន់ដឹងពីលទ្ធផល ស្ត្រីវ័យប្រមាណជា៤០ឆ្នាំរូបនេះថា ទោះបីជាកូនរបស់ខ្លួនប្រឡងមិនជាប់ ក៏អ្នកស្រីនៅតែជំរុញឱ្យកូនរៀនបន្តដែរ។ «ខ្ញុំនឹងឱ្យកូនរៀន ទោះបីគេជាប់ ឬក៏ធ្លាក់ ក៏ដោយ ព្រោះខ្ញុំល្ងង់ ខ្ញុំមិនចង់ឱ្យកូនដូចខ្ញុំទេ»។
ចំណែកអ្នកស្រី ង៉ែត សីបទុម ជាអាណាព្យាបាលសិស្សមួយរូបដែរ កំពុងអង្គុយនៅជិតសួនច្បារសាលារៀន ដែលតែងតែញញឹម និងសើចសប្បាយរីករាយជាមួយសិស្សដទៃ ពេលពួកគេបានឮឈ្មោះប្រឡងជាប់នោះ។ អ្នកម្ដាយមានកូន៣នាក់ ដែលឆ្លៀតពេលសម្រាកពីការងារមកស្ដាប់លទ្ធផលប្រឡងរបស់កូនរូបនេះ បានផ្ដាំទៅម្ដាយឪពុកដទៃទៀតថា សូមកុំបន្ទោសកូន នៅពេលដែលពួកគេប្រឡងធ្លាក់។ ប៉ុន្តែត្រូវតែលើកទឹកចិត្តឱ្យគេ ខំរៀនបន្តទៀត។ «កូនណាក៏ចង់ជាប់ដែរ។ គាត់ប្រឹងដែរ តែធ្វើម៉េចបើមិនជាប់។ គាត់ប្រឡងមិនជាប់ កុំបន្ទោសគាត់។ ត្រូវឱ្យគាត់រៀនទៀត ឆ្នាំក្រោយគាត់ខំរៀន គាត់នឹងប្រឡងជាប់»។
ចំណែកសិស្សជាប់និទ្ទេសD ចន្ទមិនា បានលើកទឹកចិត្តដល់សិស្សរួមជំនាន់របស់គេថា៖«បើពួកគាត់ជាប់សុំឱ្យគាត់ខំប្រឹងរៀនបន្តទៀត។ តែបើមិនជាប់គាត់គួរតែជ្រើសរើសផ្លូវល្អដែលខ្លួនចង់ដើរ កុំគិតខ្លី ឬចង់ឈប់រៀនគួរតែរៀនបន្ត។ ខ្ញុំនឹងកាន់តែខំរៀនឱ្យខ្លាំង ជាងនៅថ្នាក់ទី១២ នៅពេលចូលសកលវិទ្យាល័យ»។
ដូចគ្នាដែរកញ្ញា ណាលីស ក៏ណែនាំដល់សិស្សដទៃទៀត មិនឱ្យបាក់ទឹកចិត្តដែរ៖«អ្នកជាប់ហើយមិនមានលទ្ធភាពរៀនតែគាត់រៀនពូកែ គឺមានអាហារូបករណ៍ច្រើនសម្រាប់នៅសកលវិទ្យាល័យផ្សេងៗ។ សម្រាប់អ្នកធ្លាក់អាចរៀនមួយឆ្នាំទៀត ឬរកជំនាញខាងក្រៅរៀន សូមកុំបាក់ទឹកចិត្ត»។
ចំណែកលោកគ្រូ នាង បូ បានផ្ដល់យោបល់ដល់សិស្សដែលប្រឡងជាប់ ឱ្យចាប់ជំនាញដែលខ្លួនស្រឡាញ់ ភ្ជាប់ជាមួយភាពឆ្លាតវ័យ ក្នុងការប្រមើលមើលទីផ្សារការងារទៅអនាគត នៅ៤ឬ៥ឆ្នាំខាងមុខ ពេលដែលពួកគេរៀនចប់។ ទោះជាយ៉ាងណា គ្រូគណិតវិទ្យារូបនេះ ក៏បានណែនាំសិស្សដែលប្រឡងធ្លាក់ ឱ្យរៀនថ្នាក់ទី១២ឡើងវិញ ជាជាងទៅរៀនថ្នាក់បរិញ្ញាបត្ររង ហើយត្រូវត្រឡប់មកប្រឡងថ្នាក់ទី ១២ម្ដងទៀត។
លោកបញ្ជាក់៖«ចរន្តទីផ្សារបច្ចុប្បន្នមិនទៀងទាត់ ហើយ៤ទៅ៥ឆ្នាំខាងមុខ មិនដឹងថាចរន្តនោះទៅណាទៀតទេ។ ដូច្នេះសិស្សទាំងឡាយ ត្រូវរើសតាមជំនាញដែលខ្លួនពេញចិត្ត ព្រោះវាមានប្រសិទ្ធភាពជាង។ ពួកគាត់ ក៏ត្រូវចេះសង្កេតមើលទីផ្សារទៅ ៥ឆ្នាំខាងមុខដែរ ថាជំនាញ ដែលគាត់ស្រឡាញ់ អាចត្រូវចរន្តទីផ្សារការងារ ឬក៏អត់។ សិស្សដែលប្រឡងធ្លាក់ តាមយោបល់របស់ខ្ញុំ គាត់គួរតែរៀនថ្នាក់ទី១២ឡើងវិញ ព្រោះបើគាត់ទៅរៀនថ្នាក់បរិញ្ញាបត្ររង ក៏គាត់នៅតែមកប្រឡងយកសញ្ញាបត្រថ្នាក់ទី១២ដដែលហ្នឹង។ ដូច្នេះ បើគាត់ខំប្រឹងរៀនថ្នាក់ទី១២តែម្ដងទៀត នោះសង្ឃឹមជាប់ច្រើន»។
លោកបន្ថែម៖«គួរឱ្យស្ដាយណាស់ ដែលរៀនមកដល់នេះហើយ ត្រូវបោះបង់ចោលការសិក្សា។ ម្ដាយឪពុកគួរតែអប់រំកូនថា បើកូនឈប់រៀនព្រោះតែខ្ជិល ឬក៏ព្រោះតែក្រ។ នោះកូននឹងក្រព្រោះតែការឈប់រៀន»។
សូមបញ្ជាក់ថា លទ្ធផលសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានចំនួន ៧៩,០៥២ នាក់ ត្រូវជា ៦៨.៦២ភាគរយ។ សិស្សជាប់និទ្ទេសA មានចំនួន ៤៤៣នាក់ និទ្ទេស B មានចំនួន២,៤៣០នាក់។ និទ្ទេស C មានចំនួន ៥,៨៤៧នាក់ ហើយនិទ្ទេស D មានចំនួន ១៤,១០០នាក់ និងនិទ្ទេសEមានចំនួន ៥៦,២៣២ នាក់។ បើធៀបទៅឆ្នាំ២០១៨ អ្នកជាប់បាក់ឌុបមានចំនួន ៧៦,០៣៤នាក់ ត្រូវជា ៦៧.០៧ ភាគរយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម