ជាតិ
ប្រតិបត្តិករចង់ឱ្យសម្រួលតាមព្រំដែន ដើម្បីឲ្យប្រជាជនថៃបើកបររថយន្តផ្ទាល់ខ្លួនមកលេងសៀមរាប
× សៀមរាប៖ ក្រុមប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប គ្រោងរៀបចំដំណើរតាមរថយន្តនៅអំឡុងខែកញ្ញានេះ ដើម្បីស្វែងរកដៃគូទេសចរណ៍នៅតាមបណ្ដាខេត្តជាប់ព្រំដែនឬនៅក្បែរខេត្តសៀមរាប។ កម្មវិធីនេះត្រូវបានក្រុមប្រតិបត្ដិករទេសចរណ៍យល់ថា ជាផ្នែកមួយអាចទាក់ទាញទេសចរពីបណ្ដាខេត្តក្បែរខេត្តសៀមរាប គឺប្រជាជនថៃដែលចង់ធ្វើដំណើរកម្សាន្តតាមរថយន្តផ្ទាល់ខ្លួនមកកាន់ខេត្តសៀមរាបដែលមានចម្ងាយមិនឆ្ងាយពីគ្នាប៉ុន្មាននោះ។
ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប លោក ហ្វីលីព កៅ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗកាលពីពេលថ្មីៗនេះថា ក្រុមរបស់លោកបានព្រមព្រៀងគ្នាស្វែងរកកញ្ចប់ទេសចរណ៍ថ្មីមួយ ក្នុងបំណងស្ដារស្ថានភាពវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ គម្រោងនោះ គឺប្រតិបត្តិករខ្មែរទៅទាក់ទងប្រតិបត្តិករទេសចរណ៍ថៃឱ្យដឹងពីភាពងាយស្រួលក្នុងការចេញចូលតាមច្រកព្រំដែន និងភាពងាយស្រួលក្នុងការបើកបររថយន្តផ្ទាល់ខ្លួនឆ្លងកាត់រវាងប្រទេសទាំងពីរ។
ក្នុងពិធីជួបជុំប្រតិបត្តិករទេសចរណ៍លើកទី៤៨ នៅថ្ងៃទី៣០ សីហា លោក ហ្វីលីព កៅ មិនបានបញ្ជាក់ច្បាស់លាស់ពីផែនការកញ្ចប់ទេសចរណ៍ថ្មីនេះយ៉ាងណានោះទេ តែលោកជឿជាក់ថាវាជានយោបាយទេសចរណ៍រវាងប្រទេសទាំងពីរដែលគួរធ្វើ និងជាផ្នែកមួយដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្តសៀមរាប។ អ្វីដេលប្រធានក្លឹបទេសចរណ៍រូបនេះរំពឹងទុក នោះគឺការមកដល់នៃទេសចរជនជាតិថៃនៅជាប់ព្រំដែនក្បែរខេត្តសៀមរាប ដែលមានខេត្តសុរិន្ទ ស៊ីសាកេត បុរីរ៉ាម ដែលមានចំនួនច្រើន ឬទេសចរពីទីក្រុងបាងកកជាដើមប្រសិនជាមធ្យោបាយនេះមានភាពងាយស្រួល ដ្បិតថាទេសចរទាំងនោះចង់ប្ដូរបរិយាកាសថ្មីដោយការបើកបររថយន្តមកជាលក្ខណៈគ្រួសារឬឯកជន៕
សូមស្ដាប់សំឡេងរបស់លោក ហ្វីលីព កៅ
Tag:
ទេសចរណ៍
ព្រំដែន
ហ្វីលីព កៅ
© រក្សាសិទ្ធិដោយ thmeythmey.com