សង្គមអន្តរជាតិ
អន្តរជាតិ
រំជួលចិត្ត! ឆ្កែមួយក្បាលព្យាយាមសង្គ្រោះកូនៗខ្លួនពីគំនរបាក់បែក
× វីដេអូដ៏រំជួលចិត្តមួយដែលមានរយៈពេលប្រមាណ៤នាទី បានបង្ហាញឲ្យឃើញពីក្តីស្រឡាញ់ដ៏ធំធេងរបស់សត្វសុនខចំពោះកូនៗរបស់ខ្លួន។ រឿងរ៉ាវនេះ កើតឡើងនៅក្នុងប្រទេសឥណ្ឌា ដោយឆ្កែញីមួយក្បាល បានស្រែកហៅជំនួញដើម្បីសង្គ្រោះកូនៗរបស់ខ្លួនពីគំនរបាក់បែក។
បង្ហោះកាលពីថ្ងៃទី២៨ ខែសីហា វីដេអូនៅក្នុងគណនី Youtube របស់ក្រុមសង្គ្រោះសត្វ Animal Aid Unlimited (AAU) នៅឥណ្ឌា មានការចូលទស្សនាជាង៧លានដង [គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា]។ ភ្នាក់ងារសង្គ្រោះរបស់ AAU បានឮសម្រែករបស់សុនខញី។ ពួកគេបានទៅដល់ទីតាំងរបស់សុនខនោះ ដែលកំពុងអន្ទះអន្ទែងយ៉ាងខ្លាំង។
ពេលភ្នាក់ងារសង្គ្រោះព្យាយាមកាយថ្មចេញពីគំនរផ្ទះដែលរលំ ឆ្កែញីនោះ នៅមិនស្ងៀមឡើយ ដោយវាប្រឹងសំដៅទៅមុខរន្ធនៃកំណាយក្នុងន័យឲ្យអ្នកសង្គ្រោះបង្កើនល្បឿនរបស់ខ្លួន។ អ្នកសង្គ្រោះកាយឃើញកូនទីមួយដែលនៅរស់នៅឡើយ ហើយសុនខនោះ រង់ចាំមើលដំណឹងនៃកូនទីពីរទៀត។
ទីបំផុតកូនៗពីរក្បាលនៅរស់រៀនមានជីវិតនៅឡើយ ហើយអ្នកសង្គ្រោះបាននាំសុនខញី ទៅកន្លែងដែលឆ្ងាយពីគំនរបាក់បែកដើម្បីបំបៅកូន។
ក្រោយការបង្ហោះវីដេអូនោះ មនុស្សជាច្រើនបានបញ្ចេញមតិយោបល់ ជាមួយសារដ៏រំភើបរីករាយចំពោះសកម្មភាពរបស់សុនខ ដែលបង្ហាញពីក្តីស្រឡាញ់ដ៏ធំធេងចំពោះកូនៗរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com