ជាតិ
សេដ្ឋកិច្ច
ស្ត្រី​កសិករ​វ័យ​៦៥​ឆ្នាំ ដាំ​បន្លែ​សរីរាង្គ​មួយ​លើក អាច​ទិញ​អង្ករ​ហូប​បាន​មួយឆ្នាំ​
14, Sep 2019 , 9:19 pm        
រូបភាព
​ស្វាយរៀង​៖ ថ្វី​ដ្បិត​មាន​អាយុ​៦៥​ឆ្នាំ​ហើយ​ក្តី ប៉ុន្តែ​អ្នកស្រី រាជ យ៉ាន ដែល​រស់នៅ​ក្នុងភូមិ​ព្នៅ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​មិនដែល​មានគំនិត​បោះបង់​ការដាំ​បន្លែ​សរីរាង្គ​ឡើយ​។ ផ្ទុយទៅវិញ កសិករ​ចំណាស់​រូបនេះ ចង់​ពង្រីក​ការដាំដុះ​របស់ខ្លួន​បន្ថែ​ម ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​។ អ្នកស្រី រាជ យ៉ាន បាន​អះអាង​ប្រាប់ ThmeyThmey25 ថា ចំណូល​ដែល​ទទួលបាន​ពី​ការប្រមូល​ផល​បន្លែ​សរីរាង្គ​មួយ​លើកៗ​ដែលមាន​រយៈពេល​មួយខែ ទៅ​មួយខែ​កន្លះ​នោះ អាច​ឲ្យ​អ្នកស្រី ទិញ​អង្ករ​ហូប​គ្រប់គ្រាន់​បាន​ពេញ​មួយឆ្នាំ​។​



​រយៈពេល​ប្រមាណ​១០​ឆ្នាំ​ហើយ ដែល​អ្នកស្រី រាជ យ៉ាន បាន​ចាប់យក​ការដាំដុះ​បន្លែ​សរីរាង្គ នៅ​ផ្ទៃដី​ទទឹង​២០​ម៉ែត្រ បណ្តោយ​៤០​ម៉ែត្រ នៅក្បែរ​ផ្ទះ​របស់ខ្លួន​។ បន្លែ​ដែល​អ្នកស្រី​ដាំ មាន​ដូច ជា​ត្រសក់ ម្រះ ស្ពៃ និង​សណ្តែកកួរ ដោយ​អ្នកស្រី បាន​អនុវត្តតាម​បច្ចេកទេស ស្តង់ដារ​ត្រឹមត្រូវ​ដែល​គាត់​បានទទួល​ការបណ្តុះបណ្តាល​ពី​អង្គការ​នានា និង​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង​។​




​បើតាម​កសិករ​វ័យ ៦៥​ឆ្នាំ​រូបនេះ រយៈពេល​ពី​៤០ ទៅ​៤៥​ថ្ងៃ អ្នកស្រី អាច​ប្រមូល​ផល​បន្លែ​សរីរាង្គ​បាន​ម្តង ហើយ​បន្លែ​ទាំងនោះ​មាន​ទីផ្សារ​ស្រាប់ និង​មានតម្លៃ​ខ្ពស់ជាង​បន្លែ​ធម្មតា ដោយមាន​សហគមន៍​ចាំ​ទិញ​សម្រាប់​ផ្គត់ផ្គង់​នៅ​រាជធានី​ភ្នំពេញ និង​ចែកចាយ​លក់​នៅតាម​បណ្តា​ខេត្ត​នានា​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey25 អ្នកស្រី រាជ យ៉ាន ប្រាប់ថា​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​ការលក់​បន្លែ មាន​ចន្លោះ​ពី ៥០​ម៉ឺន​រៀល ដល់​៨០​ម៉ឺន​រៀល​។ អ្នកស្រី រាជ យ៉ាន បន្ត​ដូច្នេះ​៖«​ប្រសិនបើ​យើង​ប្រៀបធៀប​ការដាំ​បន្លែ ទៅនឹង​ការធ្វើ​ស្រូវ​វិញ យើង​ដាំ​បន្លែ​តែមួយ​សា អាច​ទិញ​អង្ករ​ហូប​បាន​មួយ​ពេញ​មួយឆ្នាំ ហើយ​ដល់ពេល​ទៅធ្វើ​ស្រូវ​វិញ​គឺ​ខាត​។ ខាត​អស់​១​លាន​រៀល​អ៊ីចឹង​...»៕






Tag:
 បន្លែ​
 ​បន្លែ​សរីរាង្គ​
 ​កសិករ​
 ​កសិកម្ម​
 ​ស្វាយរៀង​
 ​រាជ យ៉ាន​
© រក្សាសិទ្ធិដោយ thmeythmey.com