អន្តរជាតិ
តើ​អ្នកដឹង​អ្វីខ្លះ​ពី​ព្រៃ​អា​ម៉ា​ហ្សូ​ន​?
15, Sep 2019 , 12:19 pm        
រូបភាព
​ទោះបីជា​ព្រឹត្តិការណ៍​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​កំពុងតែ​ឆក់យក​ធនធានធម្មជាតិ និង​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ទូទៅ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម អត្ថបទ​មួយ​នេះ​នឹង​នាំ​អ្នកអាន​ទៅរក​ចំណេះដឹង​ខ្លីៗ​អំពី​ព្រៃ​ដែលមាន​ទំហំធំធេង​មួយ​នេះ ចុះផ្សាយ​ដោយ​គេហទំព័រ Rainforest Cruises ។



​ខាងក្រោម​នេះ ជា​រឿងរ៉ាវ​ខ្លះ​របស់ព្រៃ​ធំជាងគេ​រប​ស់​ពិភពលោក​៖

​ទី​១៖ ទន្លេ​អា​ម៉ា​ហ្សូ​ន​នៅ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​គឺជា​ទន្លេ​ដែលមាន​ប្រវែង​វែង​ជាងគេ​នៅក្នុង​ពិភពលោក ក្នុង​ចម្ងាយ​៦៩៩២​គីឡូម៉ែត្រ​។ តែមាន​មតិ​មិន​យល់ស្រប​មួយចំនួន​ដែល​បាន​លើកឡើងថា​ទន្លេ​«​នី​ល​»​នៅឯ​ប្រទេស​អេ​ស្ស៊ី​ប​មាន​ប្រវែង​វែង​ជាង​ទន្លេ​អា​ម៉ា​ហ្សូ​ន​ទៅទៀត​។ តែ​ទោះបីជា​យ៉ាងនេះ​មែន ទន្លេ​អា​ម៉ា​ហ្សូ​ន​ក៏​នៅតែ​ជា​ទន្លេ​មួយ​ដែល​ស្ថិតនៅ​ក្នុងចំណោម​ចំណាត់ថ្នាក់​ទន្លេ​ដែល​វែង​ជាងគេ​ដែរ​។

​ទី​២៖ ព្រៃ​អា​ម៉ា​ហ្សូ​ន​នាំ​បរិមាណ​ទឹក​ប្រមាណ​ជា​២០៨​លាន​លីត្រ​ចូលទៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិច​រៀងរាល់​វិនាទី​។

​ទី​៣៖ ជាង​២០​ភាគរយ​នៃ​អុកស៊ីសែន​ក្នុង​បរិយាកាស​ផែនដី​ត្រូវបាន​ផលិត​ដោយ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។

​ទី​៤៖ បើ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ជា​ប្រទេស​វិញ វា​អាច​ក្លាយជា​ប្រទេស​ដែលមាន​ទំហំ​ផ្ទៃដី​ធំជាងគេ​លេខ​រៀង​ទី​៩ ជាមួយនឹង​ក្រឡា​ផ្ទៃ​ជាង​៦.៤​លាន​គីឡូ​ម៉ែត្រការ៉េ​។

​ទី​៥៖ ប្រមាណ​២៥​ភាគរយ​នៃ​ថ្នាំពេទ្យ​របស់​ប្រទេស​លោកខាងលិច​មាន​គ្រឿងផ្សំ​ចេញពី​រុក្ខជាតិ​នៃ​ព្រៃ​មួយ​នេះ​។ ទោះបីជា​យ៉ាងនេះ​មែន តិច​ជា​១​ភាគរយ​នៃ​រុក្ខជាតិ​សរុប​នៅក្នុង​ព្រៃ​ត្រូវបាន​យកទៅ​ពិសោធន៍​ដោយ​អ្នកជំនាញ​វិទ្យាសាស្ត្រ​។

​ទី​៦៖ ព្រៃ​អា​ម៉ា​ហ្សូ​ន​មាន​ផ្លែឈើ​ហូប​ផ្លែ​ចំនួន​៣០០០​ប្រភេទ​។ ក្នុងនោះ​ប្រមាណ​ជា​២០០​ប្រភេទ​ប៉ុណ្ណោះ​ដែល​គេ​យកមក​ពិសារ​។

​ទី​៧៖ ជាង​៨០​ភាគរយ​នៃ​អាហារ​ក្នុង​ពិភពលោក​មាន​ប្រភពដើម​មកពី​ព្រៃ​អា​ម៉ា​ហ្សូ​ន​។

​ទី​៨៖ ក្នុង​មួយ​ហិកតា​នៃ​ព្រៃ​អា​ម៉ា​ហ្សូ​ន មាន​ដើមឈើ​ប្រមាណ​៧៥០​ប្រភេទ និង​រុក្ខជាតិ​១៥០០​ប្រភេទ​។

​ទី​៩៖ ព្រៃ​អា​ម៉ា​ហ្សូ​ន​លាភ​សន្ធឹង​លើ​ប្រទេស​ចំនួន​៩​នៅក្នុង​ទ្វីបអាមេរិក​ខាងត្បូង​ដែលមាន​ដូចជា ប្រេ​ស៊ី​ល កូ​ឡាំប៊ី ប៉េ​រូ វេ​ណា​ស៊ុយ​អេ​ឡា អេ​ក្វា​ឌ័​រ បូ​លី​វី ហ្គី​យ៉ាន ស៊ូ​រី​ណា​ម និង ហ្គី​យ៉ាន​បារាំង​។

​ទី​១០៖ តិចជាង​១​ភាគរយ​នៃ​ពន្លឺព្រះអាទិត្យ​អាចធ្វើ​ដំណើរ​ទៅដល់​ផ្ទៃ​ខាងក្រោម​នៃ​សណ្ឋាន​ដីព្រៃ ដោយសារតែ​កម្រាស់​នៃ​ដើមឈើ​នៅ​ពីលើ​។

​ទី​១១៖ ដីព្រៃ​អា​ម៉ា​ហ្សូ​ន​ចំនួន​១.៥​អា បាត់បង់​ជា​រៀងរាល់​វិនាទី​៕


© រក្សាសិទ្ធិដោយ thmeythmey.com