អន្តរជាតិ
«រូបសំណាកនៃសេរីភាព» នៅទីក្រុងញូវយ៉កកសាងដើម្បីអ្វី?
× នៅពីក្រោយរូបសំណាកអ្វីមួយ តែងមានបង្កប់នូវព្រឹត្តិការណ៍ និងរឿងរ៉ាវជាច្រើន បានកើតឡើងដែលទាមទារឲ្យមានចងចាំទុក ដោយមនុស្សជំនាន់ក្រោយ នាពេលអនាគត។ រូបសំណាក គឺជាផ្នែកមួយនៃសិល្បៈរបស់មនុស្ស ដែលមានអាយុកាលយូរលង់ណាស់ហើយ ពោលគឺតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។ គេបានរកឃើញរូបសំណាកនានាដែលធ្វើចេញមកពីដីឥដ្ឋ ថ្ម ដែក ឬឈើជាដើម ដែលបង្ហាញពីបុគ្គលណាម្នាក់ ឬក្រុមមនុស្សណាមួយ ជាមួយនឹងសកម្មភាពដ៏មានសារៈសំខាន់របស់ពួកគាត់។
ក្នុងនោះ រូបសំណាកមួយដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ គឺជារូបសំណាកសេរីភាពដែលមានប្រជាប្រិយភាពខ្លាំង និងត្រូវបានមនុស្សជាច្រើនស្គាល់ ឬធ្លាប់ឃើញ។ គេបញ្ចាំងរូបសំណាកនេះនៅក្នុងភាពយន្ត នៅក្នុងរូបភាព សៀវភៅអាន។ នេះជារូបសំណាកដែលបង្ហាញពីស្ត្រីម្នាក់ ដៃមួយខាងកាន់សៀវភៅ និងដែរមួយខាងទៀតលើកកាន់អង្គប់ភ្លើង។ ខាងក្រោម គឺជាមូលហេតុ និងប្រវត្តិនៃការសាងសង់ «រូបសំណាកនៃសេរីភាព» ឬជាភាសាអង់គ្លេស «Statue of Liberty» ឡើងដោយដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ History.com ។
រូបសំណាកនៃសេរីភាព ជារួមគឺត្រូវបានគេសាងសង់ឡើងក្នុងនាមជាចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋបារាំង។ វាត្រូវបានគេសាងសង់នៅពីលើកោះ Liberty នាតំបន់ឆ្នេរនៃទីក្រុងញូវយ៉ក។ រូបសំណាកមួយនេះត្រូវបានគេបញ្ឈរយ៉ាងខ្ពស់ នៅចំពីមុខប្រជាជនចំណាកស្រុករាប់លាននាក់ទាំងឡាយ នៅពេលដែលធ្វើដំណើរមកទឹកដីនៃសហរដ្ឋអាមេរិក ក្នុងការកសាងជីវភាពថ្មី តាមកប៉ាល ឬតាមនាវា ជាពិសេសនៅក្នុងសម័យសង្គ្រាមលោកលើកទីមួយ។
ដើមកំណើតនៃការសាងសង់៖
នៅពេលដែលសង្គ្រាមស៊ីវិលនៃសហរដ្ឋអាមេរិកត្រូវបានបញ្ចប់ ពោលនៅក្នុងអំឡុងឆ្នាំ១៨៦៥ ប្រវត្តិវិទូជនជាតិបារាំងម្នាក់ លោក Edouard de Laboulaye បានផ្តល់គំនិតថា អាមេរិកគួរតែសាងសង់រូបសំណាកអ្វីមួយ ដើម្បីរំលឹកទៅដល់ភាពជោគជ័យនៃការបង្កើតរបបប្រជាធិបតេយ្យឡើង។ ក្នុងនោះលោក Frederic Auguste Bartholdi ត្រូវទទួលបន្ទុកក្នុងការរចនារូបសំណាកនេះឡើង ឲ្យបានទាន់ពេលវេលានៃខួប១០០ឆ្នាំ របស់សហរដ្ឋអាមេរិកក្នុងការប្រកាសឯករាជ្យរបស់ខ្លួនកាលពីឆ្នាំ១៧៧៦។ រវាងប្រទេសទាំងពីរ អាមេរិកមានតួនាទីក្នុងការសាងសង់គ្រឹះទម្រនៅពីក្រោម ចំណែកឯប្រទេសបារាំងវិញមានតួរនាទីក្នុងការផ្គុំរូបសំណាកដោយផ្នែកផ្សេងៗចូលគ្នា។
ចំពោះមុខរបស់រូបសំណាកនៃសេរីភាព លោក Bartholdi បានលើកឡើងថា លោកបានយកទម្រង់តាមមុខម្តាយគាត់ ជាមួយនឹងលោហៈទង់ដែងជាច្រើន ដែលត្រូវបានគេពត់ និងបិទបញ្ចូលគ្នា។ បើនិយាយអំពីឆ្អឹងទម្ររបស់រូបសំណាកវិញ នេះគឺជាតួនាទីរបស់លោក Alexandre Gustave Eiffle ដែលជាវិស្វករមួយរូបទៅលើសំណង់តួអេហ្វែលនៃទីក្រុងប៉ារីសដែរ។ ចំណែកគ្រឹះនៃរូបសំណាកនេះវិញត្រូវបានសាងសង់ដោយវិស្វករជនជាតិអាមេរិកម្នាក់គឺលោក Richard Morries ដោយកាលពីដើមឡើង មុនពេលដែលគ្រឹះនេះត្រូវបានគេកសាងឡើង វាគឺជាតំបន់ប៉មទាហាន នៅក្នុងឆ្នាំ១៨១២។
នៅពេលដែលរូបសំណាកត្រូវបានគេផលិតរួចរាល់ ផ្នែកផ្សេងៗទាំងនោះត្រូវបានគេវេចខ្ចប់ និងដឹកតាមនាវាពីប្រទេសបារាំង មកកាន់ទីក្រុងញូវយ៉ក។ ក្នុងរយៈពេលប្រមាណជា៤ខែ កម្មករបានផ្គុំរូបសំណាកទាំងនោះ រហូតទៅដល់កម្ពស់ ៩៣ម៉ែត្រ (ជាមួយនឹងគ្រឹងទម្រ) ។ ក្នុងឆ្នាំ១៨៨៦ លោកអតីតប្រធានាធិបតីអាមេរិក Grover Cleveland បានប្រកាសសម្ពោធរូបសំណាក់នេះឡើង ដោយមានប្រជាជនរាប់ពាន់នាក់បានចូលរួម។
ដោយសារតែប្រតិកម្មគីមីរវាងលោហៈទង់ដែងជាមួយនឹងអុកស៊ីសែនក្នុងបរិយាកាស ក្នុងលំនាំមួយដែលគេហៅថា អុកស៊ីតកម្ម ទើបរូបសំណាកនេះមានពណ៌រាងបៃតងចាស់។ អង្គការសហប្រជាជនបានចាត់ទីតាំងប្រវត្តិសាស្ត្រមួយនេះជាតំបន់បេតិកភ័ណ្ឋពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com