លោក ធុ​យ ចាន់​ធួន ចង់​កែប្រែ​អតីត​រាជធានី​ចេនឡា ទៅជា​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ ទេសចរណ៍ និង​បរិស្ថាន
តារាល្បីៗ
បទយកការណ៍ / បទសម្ភាសន៍
លោក ធុ​យ ចាន់​ធួន ចង់​កែប្រែ​អតីត​រាជធានី​ចេនឡា ទៅជា​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ ទេសចរណ៍ និង​បរិស្ថាន
15, Sep 2019 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក ធុ​យ ចាន់​ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​បណ្ឌិត​បុរាណវិទ្យា​ផ្នែក​បុរេប្រវត្តិសាស្ត្រ នាពេល​ថ្មីៗ​នេះ បាន​រកឃើញ​ប្រាសាទ​ជាង​៤០​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ ដែលជា​តំបន់​អតីត​រាជធានី​ខ្មែរ​នៅ​សម័យ​ចេនឡា​។ ទន្ទឹមគ្នា​នឹង​ការចុះទៅ​ទីតាំង​ផ្ទាល់ លោក​បាន​ចងក្រង​ឯកសារ​បាន​ជាង​២០០​ទំព័រ និង​ចង់​ប្រែក្លាយ​អតីត​រាជធានី​ស​ម្ភុ​បុ​រៈ ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​ប្រវត្តិសាស្ត្រ ទេសចរណ៍ និង​បរិស្ថាន ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ បាន​សិក្សា​ស្រាវជ្រាវ​បន្តទៀត​។



​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ធុ​យ ចាន់​ធួន ដូចតទៅ​៖




​នៅពេល​គេ​និយាយ​ពី​រាជធានី​សម័យ​នគរ​ភ្នំ ដែលជា​ចំណុច​ចាប់ផ្តើម​នៃ​កំណើត​ប្រទេស​ខ្មែរ ពលរដ្ឋ និង​អ្នកសិក្សា​ជាច្រើន​បាន​ស្គាល់​ទីតាំង​យ៉ាងច្បាស់​លាស់ គឺ​ស្ថិតនៅ​ក្នុងស្រុក​អង្គ​បុរី​ខេត្តតាកែវ​បច្ចុប្បន្ន​។ ដូចគ្នា​ដែរ នៅពេល​គេ​និយាយ​ពី​រាជធានី​ខ្មែរ​នៅ​សម័យអង្គរ ដែលជា​សម័យកាល​ដ៏​រុងរឿង​នៃ​អាណាចក្រ​ខ្មែរ គេ​បាន​ស្គាល់​ភ្លាម​ថា ស្ថិតនៅក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ន​។ ប៉ុន្តែ​នៅពេល​គេ​និយាយ​ពី​រាជធានី​ស​ម្ភុ​បុ​រៈ ដែលជា​អតីត​រាជធានី​ខ្មែរ​សម័យ​ចេនឡា មាន​ប្រជាជន​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ស្គាល់​ទីតាំង​នោះ ស្រប​ពេលដែល​មិនសូវមាន​ឯកសារ ដែល​រៀបរាប់​រឿងរ៉ាវ​នៅក្នុង​សម័យ​ចេនឡា​។

​លោក​បណ្ឌិត ធុ​យ ចាន់​ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​ទើបតែ​រកឃើញ​ប្រាសាទ​ជាង​៤០​នៅ​ស្រុក​សំបូរ​ខេត្តក្រចេះ បាន​អះអាងថា តំបន់​នេះ គឺជា​អតីត​រាជធានី​ស​ម្ភុ​បុ​រៈ​នៃ​ប្រទេស​ចេនឡា​ទឹក ខណៈ​អតីត​រាជធានី​ចេនឡា​គោក ស្ថិត​នៅឯ​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​បច្ចុប្បន្ន​។



​លោក​បាន​អះអាង​យ៉ាង​ដូច្នេះ​៖ «​ចាប់ពី​ខែមករា​២០១៩ រហូតមកដល់​ឥឡូវ ខ្ញុំ​បាន​រកឃើញ​ប្រាសាទ​ចំនួន​៤៣ ជា​គ្រឹះ​ប្រាសាទ​ថ្មី​សន្លាង ដែល​អត់​មាន​ក្នុង​ឯកសារ​ផ្សេងៗ​នោះទេ​។ នេះ​ជា​រឿង​ថ្មី​មួយ ដែល​ខ្ញុំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​។ សព្វថ្ងៃ ប្រាសាទ​ទាំងអស់ សល់​តែ​គ្រឹះ ប៉ុន្តែ គ្រឹះ​ប្រាសាទ​ទាំងអស់​ហ្នឹង នៅមាន​ផ្តែរ ហោជាង ជញ្ជាំង រូបសំណាក​ខ្លះ លិង្គ​ខ្លះ​…​។ ប្រាសាទ​ទាំងអស់​ហ្នឹង ៦០​ភាគរយ​ស្ថិតក្នុង​ព្រៃរបោះ​តាម​ដង​ទន្លេមេគង្គ និង​៣០​ភាគរយ​ទៀត​នៅក្នុង​ដី​ឡូ​តិ៍​អ្នកភូមិ តែ​អ្នកភូមិ​តែង​ហៅ​គ្រឹះ​ប្រាសាទ​ហ្នឹង​ថា កំណប់​»​។  

​ក្រោយពី​បាន​រកឃើញ​ប្រាសាទ​ទាំងនេះ បណ្ឌិត​បុរាណវិទ្យា​រូបនេះ ក៏​កំពុងតែ​ចងក្រង​សៀវភៅ​អំពី​ប្រាសាទ​ទាំងនេះ បាន​ជាង​២០០​ទំព័រ​ហើយ​។ យ៉ាងណាក៏ដោយ ការស្រាវជ្រាវ ដែល​ពុំមាន​ជំនួយ និង​ការឧបត្ថម្ភ​ពី​ស្ថាប័ន​ណាមួយ បាន​ក្លាយជា​ឧបសគ្គ​ខ្លះ​ដែរ​សម្រាប់​លោក​សាស្ត្រាចារ្យ​។ មាន​ស្រុកកំណើត​នៅ​ខេត្តក្រចេះ លោក ធុ​យ ចាន់​ធួន ចង់​ប្រែក្លាយ​តំបន់​អតីត​រាជធានី​ខ្មែរ​សម័យ​ចេនឡា​នេះ ឲ្យ​ទៅជា​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​ប្រវត្តិសាស្ត្រ​ខ្មែរ ទេសចរណ៍ និង​បរិស្ថាន​។  នេះ​ជា​គ្រាន់តែ​បំណង​របស់​អ្នកស្រាវជ្រាវ​រូបនេះ​ប៉ុណ្ណោះ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​ថ្នាក់ដឹកនាំ​ប្រទេស​។  
  
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ចង់​ប្រែក្លាយជា​តំបន់​នេះ ឲ្យ​ទៅជា​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​ទេសចរណ៍ ជា​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​បរិស្ថាន ជា​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​ការស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​។ រាល់​ទីតាំង​ប្រវត្តិសាស្ត្រ គឺជា​មជ្ឈមណ្ឌល​សម្រាប់​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ ដើម្បី​ឲ្យ​កូន​ខ្មែរ​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្លួន​ឲ្យ​បាន​ពិតប្រាកដ និង​ជម្រៅ ថា​តើ​ប្រវត្តិសាស្ត្រ​របស់​ខ្លួនឯងបាន​វិ​វត្ត​ពី​ចំណុច​ណា​ដល់​ចំណុច​ណា​? ការវិវត្ត​ពី​ព្រហ្ម​ម​ញ្ញ​សាសនា​មក​ព្រះពុទ្ធសាសនា បណ្តាលមកពី​មូលហេតុ​អ្វី​? ត្រូវធ្វើ​យ៉ាងម៉េច​? ស្រាវជ្រាវ​យ៉ាងម៉េច​?»៕                         








Tag:
 ធុ​យ ចាន់​ធួន​
 ​ចេនឡា​
 ​ក្រចេះ​
 ​ប្រាសាទបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com