ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ធ្លាប់​សម្រាន្ត​ក្នុង​បន្ទប់ទឹក អ្នកស្រី សន រំ​ចង់ ខំតស៊ូ​រហូត​ទិញ​បាន​ផ្ទះ និង​ឱ្យ​កូន​រៀន​បាន​ខ្ពស់​
16, Sep 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ធ្លាប់​សម្រាន្ត​ក្នុង​បន្ទប់ទឹក​សាធារណៈ ជាមួយ​កូនស្រី ព្រោះ​គ្មាន​ប្រាក់​ជួល​បន្ទប់​ស្នាក់នៅ​សមរម្យ និង​ធ្លាប់​ជួប​ការលំបាក់​គ្រប់យ៉ាង ស្ត្រី​មេម៉ាយ​កូន​មួយ សន រំ​ចង់ ប្ដេជ្ញាចិត្ត​ខំតស៊ូ​ឱ្យ​កូន​បាន​រៀន​ខ្ពស់ ដើម្បី​ចៀសឱ្យផុត​ពី​វាសនា​ដូច​ខ្លួន​។ ថ្វី​ដ្បិត​មិនចេះ​អក្សរ តែ​អ្នកស្រី រំ​ចង់ មានគំនិត​យកលុយ បង្កើត​លុយ រហូត​សន្សំ​បាន​ប្រាក់​ទិញ​ផ្ទះ និង​ទិញ​ដី ៣​កន្លែង ព្រមទាំង​មាន​ប្រាក់ ផ្គត់ផ្គង់​កូនស្រី​រៀន​ចប់​មហាវិទ្យាល័យ មានការ​ងារ​ធ្វើ​សមរម្យ​សម​ដូច​បំណង​។



​ដើម្បី​ដឹង​កាន់តែច្រើន​ពី​ជីវិត​តស៊ូ​ពោរពេញ​ដោយ​ក្ដីសង្ឃឹម​របស់​អ្នកស្រី រំ​ចង់ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖




​ម៉ោង​ប្រមាណ​ជិត​៨​យប់ អ្នកស្រី សន រំ​ចង់ កំពុង​អង្គុយ​លីង​គ្រាប់​ល្ពៅ ទុក​សម្រាប់​លក់​ឱ្យ​កម្មករ​កម្មការិនី​ក្នុង​រោងចក្រ​។ មើល​គ្រាប់​ល្ពៅ​ក្នុង​ឆ្នាំងខ្ទះ​ពណ៌​ស  ដែល​ទើរ​នៅលើ​ចង្ក្រានហ្គាស​មិន​ដាក់​ភ្នែក ហើយ​មាត់​ចេះតែ​និយាយ​រៀបរាប់ ពី​ការខិតខំ​ប្រឹងប្រែង​សន្សំ​ប្រាក់​របស់ខ្លួន​។ ស្ត្រី​មេ​យ៉ា​យ​កូន​មួយ​រូបនេះ បាន​ប្រាប់​ដូច្នេះ​៖«​ខ្ញុំ​ផ្សំគ្នា ហើយ​ខំ​ចាយ​ក្បិតក្បៀត​។ តែ​បងប្អូន​របស់ខ្ញុំ​ថា​រិះ​ពេក​មិនកើត​ទេ​។ ខ្ញុំ​បាន​ទិញ​ដី​ទិញ​ផ្ទះ​នេះ ក៏​ដោយសារតែ​ខ្ញុំ​ចេះ​សន្សំ​លុយ​ដែរ​។ ទម្រាំ​បាន​ប៉ុណ្ណឹង កម្សត់​ណាស់​វេទនាណាស់​»​។



​ប្រាក់​ដែល​ខំ​សន្សំ​តាំងពី ឆ្នាំ​១៩៩៥​មក អ្នកស្រី រំ​ចង់ បាន​យកទៅ​ទិញ​ដី​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ទទឹង ប្រមាណ​៥​ម៉ែត្រ និង​បណ្ដោយ​ប្រហែល​១២​ម៉ែត្រ​។ ដី​នោះ បាន​សាង​សង់ផ្ទះ ដោយ​ចែកចេញជា ៦​បន្ទប់ ដែល​ជាន់​ផ្ទាល់​ដី​មាន ៣​បន្ទប់ និង​ជាន់​ទីមួយ​មាន​៣​បន្ទប់  សម្រាប់​ជួល​ឱ្យ​កម្មករ​រោងចក្រ​ស្នាក់នៅ​។ ម្ចាស់ផ្ទះ​រូបនេះ បញ្ជាក់​ពី​តម្លៃ​ផ្ទះជួល​៖«​បន្ទប់​ជួន​ខ្លះ ៤០​ដុល្លារ ខ្លះ​៣៥​ដុល្លារ​។ ជាន់​លើ ៣០​ដុល្លារ តែ​ជណ្ដើរ​ពិបាក​ឡើង​ពេក ណាមួយ ខ្ញុំ​យល់​ដល់​អ្នក​ជួល​ស្រួល​ផង ក៏​យកតែ​២៥​ដុល្លារ​ទេ​»​។​

​ក្រៅពី​ផ្ទះ និង​ដី នៅ​រាជធានី​ភ្នំពេញ អ្នកស្រី រំ​ចង់ ក៏បាន​ទិញ​ដី ២​កន្លែង​ផ្សេងទៀត គឺ​នៅ​ជាយ​រាជធានី​ភ្នំពេញ​មួយកន្លែង និង​នៅ​ស្រុកកំណើត​មួយកន្លែង​ទៀត​។ បាន​ផ្ចុងផ្ដើម និង​ផ្គត់ផ្គង់​កូន​ឱ្យបាន​រៀន ចប់សព្វគ្រប់​មានការ​ងារ​ធ្វើ និង​បាន​បង្កើត​គ្រួសារ​ថ្មី​ស្រេច​ហើយ មិនចាំបាច់​អ្វី ស្ត្រី​មេម៉ាយ​ដែល​នឿយ​តាំងពីក្មេង​រូបនេះ ត្រូវ​ខំប្រឹងប្រែង​ទៀតឡើយ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ទោះបី​កូនស្រី​តែ​ម្នាក់ បាន​អះអាងថា នឹង​ចិញ្ចឹម​អ្នកស្រី​ឱ្យ​រស់​ស្រួល​អស់​មួយជីវិត ក៏​ស្ត្រី​សម្បុរ​សរាង​ស្គម​ខ្ពស់​រូបនេះ មិន​បញ្ឈប់​អ្វីដែល​ខ្លួន​ធ្លាប់ធ្វើ​ពីមុន​ឡើយ​។

​មាន​ប្រាក់​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុងផ្ទះ និង​មានទ្រព្យ​ផ្សេងទៀត​ក៏ដោយចុះ ប៉ុន្តែ​អ្នកស្រី រំ​ចង់ នៅតែ​ថែរក្សា​មុខរបរ​ចាស់​របស់គាត់​។ «​គ្រាប់​ល្ពៅ​នេះ​មួយកញ្ចប់​ប្រាំ​រយ និង​មួយកញ្ចប់​មួយ​ពាន់​រៀល​។ បើ​ថែម​ម៉ោង បាន​ប្រហែល​១៥​កញ្ចប់​។ គិត​ទាំង​ដើម បាន​ជាង​មួយ​ម៉ឺន ដូច្នេះ​ប្រាក់ចំណេញ ខ្ញុំ​អាច​ទិញ​អាហារ​បាន​មួយពេល​ដែរ​។ ខ្ញុំ​លក់​កៅ​អៀក និង​លក់​ថ្នាំ​តិចតួច​ទៀត មួយ​គ្រាប់​តែ​ប្រាំ​រយ​រៀល​ទេ​។ ពួកគេ​ភាគច្រើន​ញ៉ាំ​បាត់​រាក ឈឺពោះ និង​ឈឺក្បាល​»​។



​បច្ចុប្បន្ន​អ្នកស្រី រំ​ចង់ ធ្វើការ​ជា​អ្នក​សម្អាត​ក្នុង​រោច​ក្រ​មួយ ហើយ​ស្ត្រី​ដែល​មើលទៅ​ខោ​មិន​ខោអាវ​មិន​អាវ​រូបនេះ ឆ្លៀត​លក់ទំនិញ​តិចតួច​ក្នុង​រោងចក្រ​ថែម​ទៀតផង​។ «​គេ​មិន​ថា​អ្វី​ទេ​ឱ្យតែ​ការងារ​ស្អាត​។ ដូច្នេះហើយ​ទើបបានជា​ខ្ញុំ​ខំ​ចូលទៅ​ធ្វើការ​មុន​ម៉ោង ដើម្បី​បោស​ឱ្យ​ស្អាត​អស់ ហើយ​ខ្ញុំ​គ្រាន់តែ​ដើរ​បោស​លេងៗ​។ បើ​គេ​ហៅ​ទិញ​កាត បើក​កាបូ​បលក់​ឱ្យគេ​ទៅ​។ បើ​អ្នកណា​ខ្ចីប្រាក់​១០​ដុល្លារ ឬ​១៥​ដុល្លារ យក​ឱ្យគេ​ទៅ​។ ឥឡូវនេះ ខ្ញុំ​មិនសូវ​ឱ្យគេ​ខ្ចី​ច្រើន​ទេ ព្រោះ​ខ្លាច​គេ​ប្ដូរ​ទីលំនៅ ពិបាក​ដើររក​។ ឱ្យប្រាក់​គេ​ខ្ចី ទាល់តែ​ខ្ញុំ​ទុកចិត្ត ថា​គេ​មិន​បោក​ប្រាក់​ខ្ញុំ​»​។ 

​ទោះជា​យ៉ាងណាក៏ដោយ សកម្មភាព​របស់​អ្នកស្រី​ជា​រៀងរាល់ថ្ងៃ ក៏បាន​ធ្វើឱ្យ​អ្នកជិតខាង​លាន់មាត់​ដែរ​។ «​គេ​ថា​ខ្ញុំ​លក់​គ្រប់មុខ សន្សំ​គ្រប់មុខ​។ ខ្ញុំ​ថាបើ​មិន​សន្សំ មាន​ប្រាក់​ឯណា ឱ្យ​កូន​រៀន​ចប់​ចុង​ចប់​ដើម​។ ប្រឹងរក​ប្រាក់​ហ្នឹង ដោយសារ​គិតថា​ពេលដែល​ខ្ញុំ​ឈឺ វា​មិនអាច​ថា​ទៅ​ពេទ្យ​អស់ប្រាក់ ត្រឹម​៥០០ ឬ​១០០០​ដុល្លារ​ទេ ចឹ​ង​យើង​ត្រូវ​ត្រៀម​ទុក​មុន​។ ម្យ៉ាងទៀត​ខ្ញុំ​រក​ទុកពេល​ខ្ញុំ​ចាស់​រក​អ្វី​មិនកើត គឺ​បាន​ប្រាក់​ហ្នឹង​អាច​រស់​ស្រួល មិន​ពិបាក​ថា បាន​ប្រាក់​ពី​ណា​ទិញ​របស់​ញ៉ាំ​»​។



​មិន​ខ្វល់​ពីស​ម្ដី​អ្នកណា​ទាំងអស់ ស្ត្រី​ដែល​រៀបចំខ្លួន​ធ្វើឱ្យ​អ្នកផង​យល់ច្រឡំ​ថា ប្រហែលជា​ជនក្រីក្រ​ទុរគត​រូបនេះ ធ្លាប់មាន​ប្រវត្តិ​កម្សត់ ហើយ​អ្នកស្រី​បាន​រំឭក​កាល​គ្រាក្រ​។ «​ពី​ដើមឡើយ ខ្ញុំ​ទៅរក​ស៊ី​នៅ​កំពង់សោម​។ ខ្ញុំ​នៅក្នុង​បន្ទប់ទឹក​។ បន្ទប់​បង្គន់​ផ្សេង បន្ទប់​ងូតទឹក​ផ្សេង គឺ​ខ្ញុំ​នៅ​សម្រាន្ត ក្នុង​បន្ទប់ទឹក​នោះ ព្រោះ​គេ​ងូត​ទឹកតែ​ពេល​ថ្ងៃ​។ ចំណែក​ពេលយប់ ខ្ញុំ​អាច​ទៅ​សម្រាន្ត​បាន ដល់​ភ្លឺ​ឡើង ខ្ញុំ​រើ​អីវ៉ាន់​ចេញ​។ បន្ទប់​នេះ សម្រាប់​អ្នក​ដែល​គេ​ទៅលេង​ទឹកសមុទ្រ​គេ​ចូលទៅ​បត់ជើង និង​ងូតទឹក​។ នៅ​ទីនោះ​ស្ងាត់ជ្រងំ សុទ្ធ​តែព្រៃ បើ​ខុសពី​ខ្ញុំ​នៅ​មិនកើត​ទេ​»​។

​មិន​មានផ្ទះ​ស្នាក់នៅ​ជា​រឿង​មួយ ប៉ុន្តែ​អ្នកស្រុក​លើកដែក​ខេត្តកណ្ដាល​រូបនេះ ធ្លាប់ធ្វើ​ការងារ ច្រើន​សុច្ចរិត ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន​។ ចំណែក​ការចំណាយ​ទៅលើ​អាហារ ក៏ត្រូវ​បានគិត​ហ្មត់ចត់​ដែរ​។ «​ខ្ញុំ​មិនអាច​ហូប​បង្កង ក្ដាម បង្គា រាល់ថ្ងៃ​ទេ​។ មួយអាទិត្យ ឬ​កន្លះ​ខែ ទើបបាន​ហូប​ម្ដង​។ ធម្មតា​ខ្ញុំ​ទិញ​ត្រី​សមុទ្រ ១,០០០ ឬ ៥០០​រៀល អាច​ញ៉ាំ​បាន ៣​ពេល​។ បើ​ក្ដាម​មួយ​គីឡូក្រាម ៣,៥០០​រៀល ញ៉ាំ​បានតែ​ម្ដង​ទេ​»​។​

​អ្នកស្រី រំ​ចង់ បាន​រៀបរាប់​ពីមុខ​របរ​ដែល​ធ្លាប់​រក​កាលពី​ជាង​២០​ឆ្នាំមុន​។ «​ទៅ​កំពង់សោម​មុនគេ​បំផុត ទូល​ចង្អេរ​លក់​គ្រប់មុខ ដូចជា ស្វាយ ត្របែក គ្រាប់​ល្ពៅ គ្រាប់​ឈូក​លីង ធ្វើយ៉ាងណា​ឱ្យបាន​ពេញ​ចង្អេរ​។ ខ្ញុំ​លេង​តុងទីន​ខ្លះ​ផង រហូត​សន្សំ​បាន​ប្រាក់​ទិញ​ផ្ទះ​នេះ តម្លៃ​១,៥០០​ដុល្លារ​។ បើ​ជំនាន់​នេះ ទិញ​មិន​បានទេ​»​។



​អ្នកស្រី​បន្ត​បន្ថែម​៖«​ក្រោយមក​ខ្ញុំ​ទិញ​ឆ្នាំងអ៊ុត យកមក​បើក​កន្លែង​គក់ខោអាវ​។ មិន​អស់​អ្វី​ច្រើន​ទេ អស់​តែ​សាប៊ូ​។ នេះ​ជា​ឆ្នាំងអ៊ុត​នោះ ខ្ញុំ​មិន​ចោល​វា​ទេ ទុកជា​អនុស្សាវរីយ​។ នៅមាន​អាវ​មួយទៀត កូន​មេ​គយ​សុំ​ទិញ យកទៅ​បោះចោល​ឈប់​ឱ្យ​ខ្ញុំ​ពាក់ តែ​ខ្ញុំ​មិន​លក់​ឱ្យគេ ព្រោះ​អាវ​នេះ​កម្សត់​ណាស់ ខ្ញុំ​ទុក​ដល់​សព្វថ្ងៃ​»​។​

​ទោះបី​មិនមាន​ចំណេះវិជ្ជា​ក៏ពិតមែន ប៉ុន្តែ​ស្ត្រី​មេម៉ាយ​រូបនេះ ពោរពេញ​ទៅដោយ​គំនិត​រកស៊ី  ដែល​ដូច​ពាក្យចាស់​បាន​ពោលថា មាន​បញ្ញា​មិន​ស្មើ​គំនិត​នោះ​។ «​លុយ​ដែល​ខ្ញុំ​ខំ​សន្សំ​បានមក​នេះ​គឺ​វា​កើតកូន​។ បាន​លុយ​បោក​ខោអាវ ខ្ញុំ​យកទៅ​លេង​តុងទីន​។ បាន​លុយ​តុងទីន ខ្ញុំ​យកទៅ​ទិញ​ប្រេងម៉ាស៊ូត យកទៅលក់​ឱ្យ​អ្នកដើរ​សមុទ្រ​។ ប្រេង​មួយ​កាន ខ្ញុំ​ទិញ​៨០០​បាត អ្នកទិញ​កន្លះ​ខែ គេ​ឡើងមក​ម្ដង​គេ​ឱ្យ ១,០០០​បាត​។ ខ្ញុំ​យកប្រាក់​ចំណេញ​នេះ មក​បណ្ដុះបណ្ដាល​កូន​រៀន​»​។



​ខំ​សន្សំ ខំ​ក្បិតក្បៀត ខំរ​ករបរ​គ្រប់​ច្រកល្ហក ក៏​ដើម្បី​ផ្សំ​ប្រាក់​ឱ្យ​កូន​រៀន ហើយ​អ្នកស្រី​មានជំនឿថា ចំណេះវិជ្ជា ពិតជា​អាចជួយ​កូន​របស់ខ្លួន​បាន​។ «​បើ​ថា​ម៉ែ​ល្ងង់​ហើយ យើង​លៃ​យ៉ាងណា កុំឱ្យ​កូន​ល្ងង់​ដូច​យើង ត្រូវឱ្យ​កូន​រៀន​បាន​ចេះដឹង​ជ្រៅជ្រះ ឱ្យ​វា​ប្រើ​បញ្ជា​។ ដូច​ខ្ញុំ​រាល់ថ្ងៃ​ប្រើ​គំនិត​និង​ប្រើ​កម្លាំង​។ រាល់ថ្ងៃ ខ្ញុំ​មានគំនិត ទើប​ចេញ​ជា​កម្លាំង​។ ទម្រាំ​បាន​លុយ​មក​ពិបាក​ណាស់​។ ពេល​យើង​ចេះអក្សរ យើង​ប្រើតែ​ខួរក្បាល ប្រើតែ​ប៊ិក​បាន​លុយ​»៕


Tag:
 សន រំ​ចង់​
 ​ស្ត្រី​មេម៉ាយ​
 ​អប់រំ​
 ​ភ្នំពេញ​
 ​ព្រះសីហនុ​
 ​កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com