ជាតិ
ពីនេះ ពីនោះ
«​ហុតទឹកសម្លឹងកាក​…!»
23, Sep 2023 , 7:29 am        
រូបភាព
​ដោយ​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង​

​ភ្នំពេញ​៖ នៅក្នុង​សង្គម​តែងតែមាន​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់ និង មាន​មនុស្ស​ស្មោះត្រង់​និង​មនុស្ស​មិន​ស្មោះត្រង់​ដែល​ព្យាយាម​ប្រើល្បិច​ផ្សេងៗ​ដើម្បី​សម្រេច​គោលបំណង​របស់ខ្លួន​។ ដោយសារ​តែមាន​សភាព​បែបនេះហើយ ទើប​បុព្វបុរស​ខ្មែរ​បានលើកឡើង​នូវ​សុភាសិត​មួយ​ថា​«​ហុតទឹកសម្លឹងកាក​»​។ តើ​សុភាសិត​នេះ មាន​អត្ថន័យ​ដូចម្ដេច​? ហើយ​វា​មាន​ខ្លឹមសារ​អប់រំ​យ៉ាងណាដែរ​?



​មុននឹង​បកស្រាយ​សុភាសិត​នេះ យើង​គួរ​យល់ដឹង​នូវ​ពាក្យ​គន្លឹះ​មួយចំនួន​ជាមុនសិន​។ «​ហុត​ទឹក​» មានន័យថា ស្រូប​យកតែ​ទឹក ដួស​យកតែ​ទឹក ដូចជា ហុត​ទឹក​សម្ល ស្រូបយក​ទឹកស​ម្ល ជាដើម​។ «​សម្លឹង​» មានន័យថា មើល​ស្លឹង មើល​ដោយ​ធ្វើ​ភ្នែក​ស្លឹង​ឆ្ពោះ​ត្រង់​មិន​ងាក ជាដើម​។ «​កាក​» ក្នុងន័យនេះ សំដៅយក​អ្វីៗ​ទីទៃ​ពី​ទឹក​ក្នុង​បរិបទ​សម្ល ដូចជា សាច់​ត្រី សាច់គោ សាច់​ដទៃទៀត ឬ​បន្លែ​ដែលមាន​នៅក្នុង​ឆ្នាំង​ឬ​ចាន​សម្ល​។​

​តាមន័យ​ត្រង់​«​ហុតទឹកសម្លឹងកាក​» សំដៅយក​ន័យ​ថា មនុស្ស​ណា​ម្នាក់​ដែល​ក្នុងពេល​បរិភោគ​សម្ល​ដៃ​របស់គាត់​ប្រើ​ស្លាបព្រា​ដួស​ទឹកស​ម្ល ប៉ុន្តែ ភ្នែក​របស់គាត់​បា​នស​ម្លឹ​ង​មើល​សាច់​ត្រី ឬ​សាច់​ដទៃទៀត​ដែលមាន​នៅក្នុង​ចាន​សម្ល​នោះ ដោយ​បង្ហាញ​ចេតនា​មួយ​ថា​គាត់​ប៉ុនប៉ង​ចង់​ដួស​សាច់​នោះ​នៅពេល​បន្ទាប់​ប្រសិនបើ​អាច​។ 

​ក្នុង​ន័យធៀប «​ហុតទឹកសម្លឹងកាក​» អាច​ត្រូវបាន​គេ​យកទៅ​ប្រើ​ក្នុងន័យ​ជាច្រើន ដូចជា ការ​រាប់អាន​គ្នា ការសេព​គប់​គ្នា​ជា​មិត្តភក្ដិ ដោ​យស​ម្លឹ​មើល​ឬ​រំពឹង​អំពី​ផលប្រយោជន៍​នៅពេល​អនាគត ជាដើម​។ ក្រៅពីនេះ ការជួយ​សង្គ្រោះ​ឬ​ការជួយ​ទំនុកបម្រុង​អ្នកណាម្នាក់​ដើម្បី​ផលប្រយោជន៍​ណាមួយ ក៏​ចូលក្នុង​បរិបទ​«​ហុតទឹកសម្លឹងកាក​»​នេះដែរ​។​

​លើសពីនេះ​ទៀត ក្នុង​បរិបទ​នយោបាយ​និង​ទំនាក់ទំនង​អន្តរជាតិ ការណ៍​ដែល​អ្នកនយោបាយ​ឬ​ប្រទេស​មហាអំណាច​ណាមួយ ផ្ដល់ជំនួយ​ដល់​ជនក្រីក្រ ប្រទេស​ក្រីក្រ ជា​ថ្នូរ​នឹង​ស​ម្លឹ​ក​ឆ្នោត ឬ​ជា​ថ្នូរ​នឹង​ការទាមទារ​ឱ្យ​ប្រជាជន​ឬ​ប្រទេស​ដែល​ទទួល​ជំនួយ​នោះ​ក្លាយជា​អ្នក​នៅក្រោម​បង្គាប់បញ្ជា ឬ​ជា​ប្រទេស​រណប​របស់ខ្លួន ក៏​ចាត់ទុក​ចូលក្នុង​គំនិត​ស្ដីពី​ការ​ហុតទឹកសម្លឹងកាក​នេះដែរ​។   
    
​ជារួម នៅក្នុង​សុភាសិត​នេះ បុព្វបុរស​ខ្មែរ​ចង់​អប់រំ​ប្រជាជន​ខ្មែរ​ឱ្យ​ចាំ​ថា រាល់​ទង្វើ​របស់​មនុស្ស​សុទ្ធ​តែមាន​គោលបំណង​។ ក្នុងករណី «​ហុតទឹកសម្លឹងកាក​» ការ​ហុត​ទឹក គឺជា​ចំណុច​ចាប់ផ្ដើម ឯការ​សម្លឹង​កាក គឺជា​គោលដៅ​អ​នា​គត់​។ ហេតុនេះ មនុស្ស​គ្រប់រូប​គួរតែ​យល់ដឹង​រឿងនេះ​ឱ្យ​ច្បាស់ ជៀសវាង​ពួកគេ​អាច​ក្លាយទៅជា​អ្នករងគ្រោះ​ជាយថាហេតុ​។

​តាមពិតទៅ ការស្វែងរក​ប្រយោជន៍ ការស្វែងរក​លាភ ការស្វែងរក​ទ្រព្យសម្បត្តិ ឬ​ការ​ស្វែង​កេរ្ដិ៍ឈ្មោះ​ល្អ មិនមែនជា​រឿង​អាក្រក់​និង​មិនគួរ​ធ្វើ​នោះទេ ពីព្រោះ​វា​ជា​អ្វីដែល​មនុស្ស​ត្រូវការ​និង​ចង់បាន​។ ប៉ុន្តែ វិធី​ដែល​គេ​ប្រើ​ដើម្បី​សម្រេច​គោលបំណង​ទាំងនេះ​ទេ ដែល​អាច​ល្អ អាច​អាក្រក់​។ ជាគោលការណ៍​សីលធម៌​និង​គោលការណ៍​មនុស្សធម៌ ការជួយ​សង្គ្រោះ​ឬ​ការផ្ដល់​ជំនួយ​ដល់​អ្នកណាម្នាក់ ក្រុម​ណាមួយ​ឬ​ប្រទេស​ណាមួយ មិន​តម្រូវឱ្យ​មានការ​តបស្នង​មកវិញ​នោះទេ​។ ប៉ុន្តែ ក្នុង​តថភាព អ្នក​ដែល​ធ្លាប់​បានទទួល​ជំនួយ​ឬ​អំណោយ​ពី​នរណាម្នាក់​ឬ​ក្រុម​ណាមួយ គេ​តែងតែ​តបស្នង​មកវិញ​នូវ​ការថ្លែងអំណរគុណ ការគោរព ការស្រឡាញ់ និង​ការកោតសរសើរ​ដល់​ស​ប្បុរ​សជន​ទាំងនោះ​វិញ​ដែរ​។

​លើសពីនេះ​ទៀត ពេលខ្លះ ជន​ដែល​ធ្លាប់​រងគ្រោះ​ឬ​ធ្លាប់​ទទួល​ជំនួយ​ទាំងនោះ​ក៏​ព្យាយាម​ជួយ​អ្នកមានគុណ​របស់ខ្លួន​វិញ​ដែរ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន ដូចជា ការជួយ​ជា​សម្ភារៈ ប្រាក់ ឬ​មធ្យោបាយ​ផ្សេងៗ ជាដើម​។ ករណីបែបនេះ មិន​ចាត់ទុកថា ជាប់​ពាក់ព័ន្ធ​ក្នុង​សុភាសិត​«​ហុត​ទឹក​សម្លឹង​កា​កា​»​ទេ​។ វា​គ្រាន់តែ​ជា​គំរូ លំនាំ ឬ​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​ត្រូវគេ​ជួយ ចង់​រៀនសូត្រ​តាម​ម្ចាស់ជំនួយ ឬ​ចង់​តបស្នង​ដល់​ម្ចាស់ជំនួយ​តែប៉ុណ្ណោះ​។

​ដូច្នេះ យើង​អាច​វាយតម្លៃ​បាន​ថា ការទទួលបាន​ប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​ក្នុង​ភាពជា​ដៃគូរ​ក្នុង​គ្រួសារ មិត្ត​ភក្ដី ស្ថាប័ន​ជំនួញ ស្ថាប័ន​នយោបាយ ជាដើម ដែល​ស្ថិតក្រោម​លក្ខខណ្ឌ​ស្ម​គ្រ​ចិត្ត សីលធម៌ មនុស្សធម៌ ច្បាប់ ជាដើម មិនមែន​ស្ថិត​ក្នុងន័យ​ដូចដែល​សុភាសិត​«​ហុតទឹកសម្លឹងកាក​»​បានកំណត់​នោះទេ​។ ផ្ទុយទៅវិញ សុភាសិត​របស់​យើង សំដៅ​យកតែ​គំនិត​ឬ​សកម្មភាព​ណា​ដែល​ចង់​កេងចំណេញ ឬ​ចង់​ទាញយក​ប្រយោជន៍​ជា​ឯកតោភាគី​ដោយ​មិន​ស្មោះត្រង់​តែប៉ុណ្ណោះ​៕

Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com