ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សាស្ដ្រាចារ្យ អាំង ជូ​លាន​៖ គ្មាន​ពេលណា​ដែល​ខ្មែរ​បាន​ទុកចោល​អង្គរ ឲ្យ​ទៅជា​ព្រៃ​រហោឋាន​ឡើយ​
15, Sep 2019 , 8:39 pm        
រូបភាព
​សៀមរាប​៖ ប្រវត្តិសាស្ដ្រ​អង្គរ​ត្រូវបាន​អ្នកសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​កត់​ត្រាទុក ក្នុងនោះ​មាន​ទាំង​អ្នកស្រាវជ្រាវ​ជនជាតិខ្មែ​រ​និង​បរទេស​។ យ៉ាងណាក៏ដោយ ឯកសារ​ទាំងនោះ​ភាគច្រើន​ត្រូវបាន​ជាតិ​សាសន៍​ផ្សេង​កត់ត្រា តាមរយៈ​ការមកដល់​លើទឹក​ដី​អង្គរ​នៅ​សម័យ​កាលនោះ​។  កន្លងមក​អ្នកស្រាវជ្រាវ​អន្តរជាតិ​និង​ជាតិ​មួយចំនួន​យល់ថា​ខ្មែរ​បាន​បោះបង់ចោល​អង្គរ ហើយ​គេ​ទើប​រកឃើញ​ទ្បើង​វិញ​នៅ​ចុង​សតវត្ស​ទី​១៩​។ ផ្ទុយ​ពី​ការយល់ឃើញ​កន្លងមក សាស្ដ្រាចារ្យ​និង​ជា​អ្នកស្រាវជ្រាវ លោក អាំង ជូ​លាន លើកឡើងថា ដ្បិត​ខ្មែរ​ដូរ​រាជធានី​ក៏ពិតមែន តែ​គ្មាន​ពេលណា​មួយ​ដែល​មនុស្ស​បោះបង់​អង្គរ​ជា​ព្រៃ​រហោឋាន​ឡើយ​។



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​





​ជា​បាឋកថា​ដ៏​កម្រ​របស់​អ្នកស្រាវជ្រាវ​ខ្មែរ​ដែលមាន​កេរ្ដិ៍ឈ្មោះ​មួយរូប វា​បាន​ទាក់ទាញ​អ្នកចូលរួម​ស្ដាប់​ច្រើន​ហួស​ពី​ការគិត​។ លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន ដែល​គេ​ស្គាល់​តាមរយៈ​ឯកសារ​ស្រាវជ្រាវ​ជាច្រើន​ពិសេស​ទាក់ទង​នឹង​ពិធីបុណ្យ​ឬ​ទំនៀមទម្លាប់​បុរាណ​ដែល​នៅសល់​តិចតួច បានធ្វើ​បាឋកថា​មួយ​នៅ​ថ្ងៃទី​២ កញ្ញា ក្រោម​ប្រធានបទ «​ប្រវត្តិ​សង្ខេប​តំបន់​អង្គរ​»​។

​ដ្បិតថា ចំណងជើង​នៃ​បាឋកថា​រៀង​ទូលាយ​បន្ដិច​មែន តែ​នរ​វិទូ​រូបនេះ​បាន​ព្យាយាម​ពន្យល់​អ្នក​ស្ដាប់​បាន​យ៉ាង​ក្បោះក្បាយ​តាមរយៈ​ចំណេះដឹង​និង​ការសិក្សា​ស្រាវជ្រាវ​របស់លោក ចេញពី​ទស្សនៈ​ខាង​នរវិទ្យា សាសនា សិលាចារឹក​និង​បុរាណវិទ្យា​។ បទ​បង្ហាញ​របស់លោក​សាស្ត្រាចារ្យ បាន​រៀបរាប់​ពី​សម័យ​ប្រវត្តិសាស្ដ្រ​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា គឺ​ចាប់ពី​សម័យមុន​អង្គរ សម័យអង្គរ សម័យ​កណ្ដាល និង​ដើម​សម័យ​បច្ចុប្បន្ន ដោយបាន​លើក​បរិយាយ​អំពី​សារសំខាន់​ភូមិសាស្ត្រ​តំបន់​អង្គរ ការកកើត​ដំបូង​នៃ​អាណាចក្រ​ខ្មែរ ការរៀបចំ​ទឹកដី​និង​កែប្រែ​ធម្មជាតិ​របស់​ព្រះមហាក្សត្រ​ខ្មែរ ចាប់ពី​ភ្នំ​គូលែន (​ឬ​ម​ហេ​ន្ទ្រ​ប​វ័ត​) ដែលជា​ប្រភព​និង​ក្បាលម៉ាស៊ីនទឹក ចុះមក​អាងទឹក​គឺ​ទន្លេសាប​។​ល​។



​តាម​ការលើកឡើង​រប​ស់លោក អាំង ជូ​លាន មុន​សម័យ​ប្រវត្តិសាស្ដ្រ គេ​ហៅ​បុរេប្រវត្តិសាស្ដ្រ ដោយ​យើង​មិនអាច​កំណត់​ឆ្នាំ​ថា​នៅពេល​វេលា​ណា​នោះទេ ព្រោះ​វា​មុន​ប្រវត្តិសាស្ដ្រ​ដែល​ពុំមាន​ការកត់ត្រា​ទុក​។ ការវិនិច្ឆ័យ​លក្ខណៈ​ប្រវត្តិសាស្ដ្រ គឺ​ផ្អែកលើ​សំណេរ​ដែលមាន​លាយ​លក្ខ​អក្សរ​ជួល​កាល​នៅ​ប្រទេស​ខ្លួនឯង ខ្លះ​ប្រទេស​គេ​អ្នក​និយាយ​។​

​ជាមួយគ្នានេះដែរ នរ​វិទូ​រូបនេះ​ពន្យល់ថា មិនមែន​មុន​សម័យ​ប្រវត្តិសាស្ដ្រ​គ្មាន​មនុស្ស​នោះទេ គ្រាន់តែ​មិនមាន​តឹកតាង​បញ្ជាក់​ប៉ុណ្ណោះ​។ លោក អាំង ជូ​លាន បាន​លើក​ជា​ឧទាហរណ៍​នៅ​ប្រទេស​កម្ពុជា​មក​ពន្យល់​ដល់​អ្នកចូលរួម​ស្ដាប់​ក្នុង​បាឋកថា​របស់លោក​នៅពេល​នោះ ប្រវត្តិសាស្ដ្រ​កម្ពុជា​ចាប់​ពីស​.​វ​ទី​៦ ហើយ​មិនមែន​មុន​នោះ​មិនមែន​អត់​មាន​ខ្មែរ​នោះទេ​។ ការចាប់ផ្តើម​ប្រវត្តិសាស្ដ្រ​កម្ពុជា​តាមរយៈ​សិលាចារឹក​សម័យបុរាណ ដោយ​ក្នុងនោះ​មាន​ទាំង​ភាសា​ខ្មែរ​និង​ភាសាសំស្ក្រឹត​។​

​លោក​សាស្ដ្រាចារ្យ​បន្ថែម​៖« ក្នុងន័យ​ដែល​ខ្ញុំ​និយាយ​ពីមុនមក គឺថា​ប្រវត្តិសាស្ដ្រ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ពីស​.​វ​ទី​៦ មុន​នឹងមាន​មនុស្ស​ពាសពេញ សៀមរាប​នេះ​ក៏មានដែរ កន្លែង​ណា​ក៏មាន​មនុស្ស​តាំងទី​រស់នៅ តែ​យើង​មិនអាច​និយាយ​អ្វី​វែងឆ្ងាយ​បាន​ថា​អ្នក​នោះគេ​និយាយ​ភាសា​អី​ស្អីៗ យើង​វា​អត់​ភស្ដុតាង យើង​គ្រាន់តែ​មានការ​សង្ស័យ តែ​ឱ្យ​និយាយ​ឱ្យ​ជាក់លាក់ វា​អត់​កើត​...»​។​

​និយាយ​ដល់​ការរៀបចំ​សណ្ឋាន​ដី ការរៀបចំ​ក្រុង​នៅ​សម័យបុរាណ លោក អាំង ជូ​លាន បាន​រំលេច​ពី​ការបង្កើត​ក្រុង​នៅលើ​ភ្នំ​គូលែន ដែល​ជាទី​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ដ្រ​ខ្មែរ​។ ភ្នំ​គូលែន​ជា​ប្រភពទឹក​ដ៏​សំខាន់​ស្រោចស្រព​ជុំវិញ​ខេត្តសៀមរាប និង​ហូរ​ចាក់​ទៅ​បឹង​ទ​ន្ល​សាប​ដែលជា​អាង​ស្ដុក​ទឹក​និង​ជា​ប្រភពធនធាន​ត្រី​។ អាណាចក្រ​អង្គរ​ដែល​ត្រូវបាន​កសាង​នៅ​ចន្លោះ​ភ្នំ​គូលែន​និង​ទន្លេសាប​ក៏​មិនមែនជា​រឿង​ចៃដន្យ​ដែរ គឺមាន​ការរៀបចំ​ត្រឹមត្រូវ​តាម​ចំណេះដឹង​បុព្វបុរស​ខ្មែរ​។​



​សូម​ស្ដាប់​ការពន្យល់​របស់លោក អាំង ជូ​លាន​៖« អង្គរ​នៅ​កណ្ដាល​ចន្លោះ​ភ្នំ​គូលែន​និង​ទន្លេសាប អារ្យធម៌​អង្គរ ប្រវត្តិសាស្ដ្រ​អង្គរ​វា​កើត​នៅ​ចន្លោះ​ក្បាលម៉ាស៊ីន​និង​អាងទឹក​។ ប្រហែល​មិនមែន​ចៃដន្យ​ទេ តាមមើល​អ្នកប្រាជ្ញ​គេ​សិក្សា​ព្រោះ​អី​ក្នុង​ប្រវត្តិសាស្ដ្រ​អង្គរ​វា​មានការ​ទាញយក​ភោគផល​ពី​ធម្មជាតិ​ច្រើន មានការ​កែប្រែ​ធម្មជាតិ​ច្រើន​...​ដែល​ហៅថា​មនុស្ស មនុស្ស​មិនដែល​សុខចិត្ត​រស់នៅ​ផ្អែក​ធម្មជាតិ (​ទាំងស្រុង​ទេ​) តែ​មនុស្ស​មិនដែល​សុខចិត្ត​នៅត្រឹម​ហ្នឹង​ទេ តែងតែ​កែប្រែ​ធម្មជាតិ ម្លោះ​ហើយ​បើ​និយាយ​ពី​ទឹក​ដែល​និយាយ អូរ​ពីរ​ដែល​វា​មិនដែល​ស្គាល់គ្នា​សោះ មនុស្ស​ទៅ​ជីក​ព្រែក​ឱ្យ​វា​ជួបគ្នា ដើម្បី​អ្វីៗ​...»​។​

​ការឱ្យ​ឈ្មោះថា​ជា​សម័យអង្គរ​ដោយ​អ្នកសិក្សា​ស្រាវជ្រាវ ក៏មាន​មូលហេតុ​ក្នុងនោះដែរ​។ លោក អាំង ជូ​លាន ពន្យល់ថា​ក្នុង​ស​.​វ​ទី​៩ មានការ​ផ្លាស់ប្ដូរ​ធំ​ស្ទើរ​គ្រប់​វិស័យ​ក្នុង​ប្រវត្តិសាស្ដ្រ​ខ្មែរ ក្នុងនោះ​មានការ​ស្ថាបនា​បារាយណ៍​ធំៗ ការចាប់ផ្តើម​មាន​ស្ថាបត្យកម្ម​សំណង់​ប្រាសាទភ្នំ និង​ការផ្លាស់ប្ដូរ​រាជធានី​មក​អង្គរ​ជាដើម​។ «​រឿង​ធំ​បំផុត​ធ្វើ​ឱ្យគេ​ចាត់ទុក​ផ្តើម​ស​.​វ​ទី​៩​ថា​ជាដើម​សម័យអង្គរ គឺ​រឿង​នយោបាយ​ក្នុងន័យ​ទូលំទូលាយ ពីមុន​កម្ពុជា​ជា​កូន​អាណាចក្រ​ច្រើន​មាន​រាជ​អំណាច​នៅ​ថា​ឡា​បូរី​វ៉ា​ត់ បន្ទាយ​ព្រៃនគរ សំបូរ​ព្រៃ​គុក អង្គរបុរី​...​សុទ្ធតែ​ក្រុង​នៅក្រោម​ស្ដេច​មួយៗ ដល់​ស​.​វ​ទី​៩ ទៅជា​អាណាចក្រ​មួយ​ដែលមាន​មណ្ឌល​រាជ​អំណាច​តែមួយ មាន​ព្រះរាជា​មួយអង្គ​ដែលជា​ស្ដេច​ចក្រ​ព័ទ្ធ ព្រះរាជា​ព្រះបាទ​សូរ្យ​វរ្ម័នទី​២»​។​




​ក្នុង​បាឋកថា​រយៈពេល​ពេញ​៣​ម៉ោង​នៅ​អាជ្ញាធរ​ជាតិ​អប្សរា លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន បាន​រៀបរាប់​ពី​ការកសាង​រាជធានី​ពីមួយ​ទៅមួយ ភាពរុងរឿង​នៃ​អាណាចក្រ​អង្គរ ការដណ្ដើម​រាជ្យ សង្គ្រាម​លុកលុយ​ពី​ប្រទេសជិតខាង ក៏ដូចជា​ការបោះបង់ចោល​រាជធានី​អង្គរ​ជាដើម​។ តាមពិតទៅ ដ្បិត​ប្រវត្តិសាស្ដ្រ​បាន​ចារ​ពី​ការបោះបង់​រាជធានី​នេះ​ក្ដី តែ​ពេលនោះ​មិនមែន​ថា​គ្មាន​មនុស្ស​រស់នៅ​និង​គោរព​ទី​សក្ការ ព្រះ​បរម​វិ​ណ្ណុ​លោក  ដែលជា​ព្រះ​មរណនាម​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២​នេះដែរ​។ ជារួម​មនុស្ស​មិនបាន​ទុក​អង្គរ​ឱ្យនៅ​ក្នុងព្រៃ​រហោឋាន​នោះឡើយ​។ លោក អាំង ជូ​លាន បាន​លើក​ជា​ឧទាហរណ៍​មក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«...​សិលាចារឹក​ព្រះ​មាតា​របស់​ព្រះបាទ​ស​ត្ថា​...​សម័យមុន​បាត់​បន្ទាយលង្វែក​បន្ដិច លោក​បាន​សន្យា​ជាមួយ​ព្រះ​នៅ​អង្គ​រថា​ដល់ពេល​មាន​បុត្រ​ដល់​អាយុ​គ្រប់​បួស នឹង​យកមក​បំបួស​នៅ​អង្គរ​...​ចង់ឱ្យ​គិតថា ប្រសិនជា​ខ្មែរ​បោះបង់​អង្គរ លែង​ស្គាល់​អង្គរ​មែន ទីមួយ​តើ​ព្រះបាទ​អង្គចន្ទ​ដឹងថា​អ្នកណា​សង់​អង្គរវត្ត ត​ទៀត​ប្រាសាទ​បា​ភួ​ន តើ​មនុស្ស​មួយ​តាបរ​ស្វា​ធ្វើ​បានដែរ មិនកើត​ទេ ...​ហើយ​មាន​បរទេស​ច្រើន​ទៀត​ដែល​មក​ចារ​សិលាចារឹក​នៅ​អង្គរ​....»​។​

​ជា​ប្រទេស​ដែលមាន​អារ្យធម៌​រុងរឿង មាន​ប្រាង្គ​ប្រាសាទបុរាណ​ជាច្រើន​ដែល​បន្សល់ទុក​ដោយ​បុព្វបុរស លោក អាំង ជូ​លាន ផ្តាំ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវឱ្យ​តម្លៃ​និង​គោរព​កេរ្ដិ៍មរតក​ទាំងនោះ មុននឹង​ឱ្យ​បរទេស​គោរព​និង​ឱ្យ​តម្លៃ​។ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​គោរព​បុរាណ​ដ្ឋា​ន​របស់​យើង ទាល់តែ​យើង​បង្ហាញ​ដូច​ករណី​នៅ​អង្គរវត្ត ដែល​ជាង​៤០០​ឆ្នាំក្រោយ​ហើយ ខ្មែរ​នៅតែ​គោរព​បុរាណ​ដ្ឋា​ន​របស់ខ្លួន​ឲ្យ​ដូច​បុរាណ ទាល់តែ​យើង​ឲ្យ​ឧទាហរណ៍ ពេល​ឃើញ​គេ​ធ្វើ​ផ្តេសផ្តាស់ យើង​ហ៊ាន​ថា​ឲ្យ ទាល់តែ​យើង​កុំ​មាន​អ​កប្ប​កិរិយា​ផ្តេសផ្តាស់​នៅតាម​ទីកន្លែង​បុរាណ​ដ្ឋា​ន ព្រោះ​យើង​ជា​ម្ចាស់ផ្ទះ ត្រូវធ្វើ​ឲ្យ​ត្រឹមត្រូវ​បន្តិច​៕








Tag:
 អាំង ជូ​លាន​
  វប្បធម៌​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com