អន្តរជាតិ
ហេតុអ្វី​ចិន​មាន​ល្វែង​ម៉ោង​តែមួយ​? លោក ម៉ៅ សេទុង អ្នកកំណត់
15, Sep 2019 , 9:39 pm        
រូបភាព
​នៅក្នុង​ថ្ងៃ​ខ្លះ ព្រះអាទិត្យ​មិនទាន់​រះ​ទេ​ទោះបីជា​ទ្រនិចនាឡិកា​កំពុង​ចង្អុល​ទៅ​ម៉ោង​ដប់​ព្រឹក​មែន​។ ពេលខ្លះ ប្រជាជន​ក្នុង​តំបន់​មួយចំនួន​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅ​ម៉ោងជាង​២​រសៀល​ឯណោះ​។ ហេតុអ្វី​បានជា​ម៉ោង​នៅ​ទីតាំង​ខ្លះ​នៃ​ប្រទេស​ចិន មាន​លក្ខណៈ​ប្លែក​ជាង​ធម្មតា​យ៉ាងនេះ​?



​កាសែត​អាមេរិក The New York Times ផ្សាយ នេះ​កេរ​មរតក​បន្សល់ទុក​អតីត​មេដឹកនាំ​ចិន ម៉ៅ សេទុង នៅក្នុង​ឆ្នាំ​១៩៤៩ ក្នុងការ​បង្រួបបង្រួម​ប្រទេស​ចិន​ឲ្យ​ទៅជា​ប្រទេស​តែមួយ ដោយ​ជ្រើសរើស​ម៉ោង​គោល​មួយ​គឺ​ម៉ោង​នៃ​ទីក្រុង​ប៉េកាំង​។

​ម៉ោង​៧​ព្រឹក​នៅ ទីក្រុង​ប៉េកាំង ពន្លឺព្រះអាទិត្យ​ចាប់ផ្តើម​បំភ្លឺ​ទីប្រជុំជន​ជា​បណ្តើរៗ ចំណែកឯ​ទីក្រុង Urumqi ដែលមាន​ចម្ងាយ​ជាង​៣២០០​គីឡូម៉ែត្រ​ខាងលិច​ទីក្រុង​ប៉េកាំង ម៉ោង​៧​ព្រឹក​ដូចគ្នា​ដាក់​បីដូច​ជា​មេឃងងឹត​កណ្តាល​អា​ធ្រា​ត​។ រឿង​មួយ​នេះ​បាន​រំខាន​លោក Gao Li យ៉ាងខ្លាំង​។ អ្នកធ្វើការ​ខាង​ផ្នែកអនាម័យ​មួយរូប​នេះ បាន​និយាយថា វា​លំបាក​ក្នុងការ​សម្រប​តាម​ខ្លាំងណាស់ ជាពិសេស​នៅក្នុង​ទីក្រុង Urumqi មួយ​នេះ​។ លោក​បាន​បន្តថា​៖ «​ខ្ងុំ​គិតថា​ពួកយើង​គឺជា​ក្រុមមនុស្ស​តែមួយគត់​ដែល​បរិភោគ​អាហារ​ពេល​ល្ងាច នៅ​ម៉ោង​កណ្តាល​អា​ធ្រា​ត​»​។

​ទោះបីជា​សាលារៀន អាកាសយានដ្ឋាន និង​រថភ្លើង​សាធារណៈ​ក៏​ដំណើរការ​នៅក្នុង​ម៉ោង​ដែលមាន​លក្ខណៈ​ប្លែក​ពី​គេ​ផងដែរ​។ ពេលខ្លះទៀត​ការប្រលង​ត្រូវបាន​គេ​ធ្វើឡើង​នៅ​ម៉ោង​យប់​ជ្រៅ ចំណែកឯ​ភោជនីយដ្ឋាន​ខ្លះ បើកទ្វារ​រហូតដល់​ម៉ោង​ជិត​ភ្លឺ​។

​ភាពខុសគ្នា​នៃ​ការកំណត់​ពេលវេលា​នេះ ក៏បាន​បង្កើត​ឲ្យ​មាន​ការមិនយល់​ស្របគ្នា​រវាង​ជាតិ​សាសន៍​ផ្សេងៗ​ដែល​រស់នៅក្នុង​ទឹកដី​តែមួយ​។ ចំពោះ​ជនជាតិ Uighurs ដែលជា​ជនជាតិ​​ម៉ូ​ស្លី​ម​និយាយ​ភាសា​តួ​ក​គី រស់នៅក្នុង​ខេត្ត Xinjiang នៃ​ប្រទេស​ចិន តែង​ប្តូរ​ម៉ោង​នៅ​ទីនោះ​ចំនួន​ពីរ​ម៉ោង​មុន​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង ដើម្បី​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​រស់នៅ ធ្វើការ ឬ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​។ ចំណែកឯ​ប្រជាជន​ចិន​អម្បូរ Han ដែល​រស់នៅក្នុង​ទីនោះ​ដូចគ្នា​តែ​កំណត់​ម៉ោង​របស់​ពួកគេ​ដូច​នៅ​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​ដែរ​។ ហេតុការណ៍​ទាំងនេះ​បង្ក​ឲ្យ​មាន​ភាព​យល់​ច្រ​លំ និង​របាំង​មួយចំនួន​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​នៅក្នុង​សហគមន៍​៕


© រក្សាសិទ្ធិដោយ thmeythmey.com