ជាតិ
សា​ឡង់​ជាប់​នៅ​ស្ពាន​ព្រែក​តា​មាក់ មិនទាន់​យកចេញ​បាន និង​រង់ចាំ​ស្ថានភាព​ទឹក​ស្រក​
15, Sep 2019 , 4:39 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រតិបត្តិ​ការទាញយក​សា​ឡង់​ដឹក​ខ្សាច់ ដែល​កឿង​ជាប់​នៅ​នឹង​សរសរ​ស្ពាន​ព្រែ​កតា​មាក់ ត្រូវបាន​ផ្អាក​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ឲ្យ​ស្ថានភាព​ទឹក​ធូរស្រាល​ឡើងវិញ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៩ ។​



​គួរ​បញ្ជាក់ថា សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង​នេះ កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​៨​ខែកញ្ញា ដោយសារ​លំហូរ​ទឹក​ខ្លាំង បាន​បុក​និង​កឿង​ជាប់​នៅ​សសរស្ពាន​ព្រែ​កតា​មាក់ ដែល​ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

​ក្នុង​ប្រតិបត្តិការ​ទាញ​សា​ឡង់​មួយគ្រឿង​នេះ ក្រុមការងារ​បាន​បូម​ខ្សាច់​ចេញពី​សា​ឡង់ និង​ព្យាយាម​ទាញ​សា​ឡង់​ជាច្រើនលើក តែ​មិនអាច​អូស​ចេញ​បាន ដោយសារ​សម្ពាធ​ទឹក​ខ្លាំង​។ សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​បាន​ឲ្យ​ដឹង​ដូចនេះ​។ ក្រុមការងារ​បច្ចេកទេស​ក្នុង​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ កង​អន្តរាគមន៍​អង្គរក្ស​សម្ដេច​ហ៊ុនសែន ក្រុម​ជំនាញការ​សាងសង់​ស្ពាន​របស់​ចិន និង​អាជ្ញាធរ​ពាក់ព័ន្ធ​។​



​ប្រតិបត្តិការ​នេះ​ត្រូវបាន​ផ្អាក​សិន​។ ប្រកាស​ព័ត៌មាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រុមការងារ​បានសម្រេច​ផ្អាក​ប្រតិបត្តិការ​អូស​សា​ឡង់​ខាងលើនេះ​បណ្ដោះអាសន្ន ហើយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បន្ត​ប្រតិបត្តិការ​សាជាថ្មី នៅពេល​ទឹក​មាន​សភាព​ធូរស្រាល​ឡើងវិញ​»​។​

​ជាមួយគ្នានេះដែរ សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា សា​ឡង់​ដឹក​ខ្សាច់​នេះ មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សសរ និង​តួ​ស្ពាន​ព្រែ​កតា​មាក់​ទាំងមូល​ទេ​៕


Tag:
 សា​ឡង់​
© រក្សាសិទ្ធិដោយ thmeythmey.com