អន្តរជាតិ
រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ព្រមាន​ដាក់ទោស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ប្រឆាំង​អាជីវកម្ម​ខុសច្បាប់ ដែល​បង្ក​ជា​អ័ព្ទ
16, Sep 2019 , 11:45 am        
រូបភាព
ដោយ:
​អ័ព្ទ ដែល​ផ្តើមចេញពី​ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ​មួយចំនួន​របស់​ឥណ្ឌូណេស៊ី បាន​ក្លាយជា​ចំណុច​ថ្នាំងថ្នាក់​ជាថ្មី​សម្រាប់​ឥណ្ឌូណេស៊ី និង​បណ្តា​មិត្ត​ជិតខាង​អាស៊ាន​។ ទោះបីជា​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​រួមទាំង​ដាក់​មុខមាត់​ជាតិ​ក្នុងការ​ទប់ស្កាត់​ការឆេះ​ព្រៃ​យ៉ាងណាក្តី បញ្ហា​បំពុល​អ័ព្ទ នៅតែ​មិន​រារាំង​បាន និង​ថែមទាំង​បង្ក​ឲ្យ​មាន​ផល​លំបាក​ទាំង​ក្នុងស្រុក និង​បណ្តា​ប្រទេសជិតខាង​ទៀត​។​


 
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​១៤ ខែកញ្ញា​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​សន្យា អនុវត្ត​ទោស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​ក្រុមហ៊ុន​ទាំងឡាយណា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការដុត​បំផ្លាញ​ព្រៃឈើ ខណៈ​បញ្ហា​បំពុល​អ័ព្ទ​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​ទៅក្នុង​ស្រុក និង​ក្នុង​បណ្តា​ប្រទេសជិតខាង​ឥណ្ឌូណេស៊ី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Strait Times​។

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ធ្វើឡើង​បន្ទាប់ពី មានការ​ផ្កែ​ផ្កា និង​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​រវាង មន្ត្រីជាន់ខ្ពស់​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ស្តីពី​អ្នកបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ និង​អ័ព្ទ​។ ភាគី​ម៉ាឡេស៊ី បាន​ចោទប្រកាន់​ឥណ្ឌូណេស៊ី ថា​បរាជ័យ​ក្នុងការ​គ្រប់គ្រង​ការឆេះ​ព្រៃ រាប់រយ​កន្លែង ដែល​បង្ក​ឲ្យ​កើតជា​អ័ព្ទ និង​បណ្តាល​ឲ្យ​សាលារៀន និង​ការប្រកប​របរ​របស់​ប្រជាជន​ម៉ាឡេស៊ី ដែល​ជាប់​ព្រំដែន​ត្រូវ​ផ្អាក​ដំណើរការ​សិន​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តាម​ការអះអាង​របស់​រដ្ឋមន្ត្រី​បរិស្ថាន និង​រុក្ខាប្រមាញ់​ឥណ្ឌូណេស៊ី Siti Nurbaya Bakar បញ្ហា​អ័ព្ទ​នេះ មិនមែនជា​ការទទួល​ខុសត្រូវ​របស់​ឥណ្ឌូណេស៊ី​ទាំងអស់​នោះទេ ក៏ប៉ុន្តែ វា ក៏​ជាការ​ទទួលខុសត្រូវ​មួយចំនួន​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​សិង្ហ​បុរី ដែល​ទទួលបាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដើម្បី​ដំណើរ​អាជីវកម្ម​ផលិត​ដូងប្រេង នៅក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​។

​តាមពិតទៅ​បញ្ហា​អ័ព្ទ ដែល​ផ្តើមចេញ​ឡើង​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី ដែលជា​ប្រភព​ផ្គត់ផ្គង់​ដូងប្រេង​ធំ​បំផុត​របស់​ពិភពលោក មិនមែនជា​រឿង​ថ្មី និង​ម្តងម្កាល​នោះទេ​។ បញ្ហា​នេះ បាន​កើតជា​រៀងរាល់ឆ្នាំ និង​អូសបន្លាយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដោយ​គ្មាន​ដំណោះស្រាយ​ប្រសិទ្ធភាព​ណាមួយ ត្រូវបាន​អនុវត្ត​។

​កន្លងមក លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ក៏បាន​ទទួលស្គាល់​ពី​កម្សោយ​ក្នុងការ​អនុវត្ត​ការងារ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ដែល​លោក ចាត់ទុក​បញ្ហា​នេះ ជា​បញ្ហា​មុខមាត់​របស់​ប្រទេស និង​ជា​បញ្ហា​ចម្បង​មួយ ដែល​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ទៀតផង​។ ដោយសារតែ​បញ្ហា​នេះដែរ ប្រមុខ​ដឹកនាំ​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី ក៏បាន​មានរឿង​ប្រទាំង​ប្រទើស​ការទូត​ជាមួយនឹង​ឥណ្ឌូណេស៊ី​ផងដែរ​៕ 


Tag:
 ឥណ្ឌូណេស៊ី​
  ម៉ាឡេស៊ី​
  អ័ព្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com