អន្តរជាតិ
សត្វ​ត្មាត​ដែល​ជិត​ផុត​ពូជ​ត្រូវបាន​សម្លាប់​សម្រាប់​ពិធី​សាសនា​នៅ​នី​ហ្សេ​រី​យ៉ា​
27, Sep 2019 , 3:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​រដ្ឋ ENUGU ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ នាពេល​បច្ចុប្បន្ននេះ អង្គការ​មូលនិធិ​អភិរក្ស​នី​ហ្សេ​រី​យ៉ា​កំពុង​ផ្ដោត​អាទិភាព​ខ្ពស់​លើ​ការអភិរក្ស​សត្វ​ត្មាត​។ លោក Abidemi Balogun មន្ត្រី​អភិរក្ស​ជាន់ខ្ពស់​ពិសេស​នៃ​ផ្នែក​អប់រំ​របស់​អង្គការ​មូលនិធិ​អភិរក្ស​នី​ហ្សេ​រី​យ៉ា កំពុងធ្វើការ​ជាមួយនឹង​សហគមន៍​មូលដ្ឋាន​នានា​ដែល​នៅមាន​ជំនឿ​លើ​អ​បិ​យ​ជំនឿ និង​ជំនឿ​បុរាណ​នានា​ទាក់ទិន​នឹង​សត្វ​ត្មាត​នេះ​។​



​អ្នកស្រី Balogun និយាយថា​៖ «​មនុស្សម្នា​ក់បាន​សួរ​ខ្ញុំ​ថា​តើ​សត្វ​ត្មាត​អាច​ត្រូវគេ​កំណត់ថា​ជា​សត្វ​ចង្រៃ​បាន​តាម​វិធី​ណា ដោយ​គ្រាន់​តែមាន​ជំនឿ​កន្លងមក​ថា សត្វ​ត្មាត​គឺជា​ប្រភេទ​សត្វ​ចង្រៃ​នោះ​»​។​

​អ្នកស្រី Balogun បាន​ប្រាប់ VOA ថា គេ​មិនមែន​បរបាញ់​សត្វ​ត្មាត​សម្រាប់​បរិភោគ​នោះទេ​។ គេ​សម្លាប់សត្វ​ត្មាត​ដើម្បី​ធ្វើ​ពិធី​សាសនា​។​

​អ្នកស្រី Balogun បានបញ្ជាក់​ទៀតថា​៖ «​យើង​បាន​រកឃើញថា ក្បាលសត្វ​ត្មាត​ត្រូវគេ​ប្រើ​សម្រាប់​ពិធី​សាសនា ហើយ​វា​គឺជា​ផ្នែក​ដែល​ថ្លៃ​បំផុត​នៃ​សត្វ​ត្មាត​»​។​

​នៅតាម​ទីផ្សារ​ក្នុងស្រុក គេ​លក់​រោមសត្វ​ត្មាត​ក្នុងតម្លៃ​ប្រហែល ១០០ ណៃ​រ៉ា រូបិយវត្ថុ​របស់​នី​ហ្សេ​រី​យ៉ា ដែល​ស្មើនឹង ៥០ សេន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ ក្បាលសត្វ​ត្មាត​វិញ​អាចមាន​តម្លៃ​រហូតដល់ ២ ម៉ឺន ៥ ពាន់ ណៃ​រ៉ា ដែល​ស្មើនឹង​ប្រហែល ៧០ ដុល្លារ​អាមេរិក​។​

​ដោយសារ​ប្រទេស​នី​ហ្សេ​រី​យ៉ា​មាន​វប្បធម៌​ចម្រុះ​ជាច្រើន គេ​ឃើញថា ជំនឿ​អំពី​សត្វ​ត្មាត​នេះ​មាន​លក្ខណៈខុស​គ្នាច្រើន​។ នៅ​តំបន់​និរតី​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​នៅ​ទីនោះ គេ​ហៅ​សត្វ​ត្មាត​ថា igun ហើយ​គេ​ជឿថា សត្វ​ត្មាត​ជា​សត្វ​សក្ដិ​សិទ្ធិ​នៅក្នុង​ពិធី​សាសនា​បុរាណ​។​

​បើ​យោងទៅតាម​ជំនឿ​បុរាណ សត្វ​ត្មាត​អាច​ត្រូវបាន​គេ​ប្រើ​សម្រាប់​ហៅ​ព្រលឹង​ខ្មោច ឬក៏​ដើម្បី​បំពេញ​តាម​ការចង់បាន​របស់​ព្រះ​ជា​ម្ចាស់ នៅក្នុង​ពិធី​បូជា​ស្មុគស្មាញ​នានា​។​

​នៅ​តំបន់​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា សត្វ​ត្មាត​ជា​សត្វ​ដែល​គេ​បរិភោគ​។ ប៉ុន្តែ សត្វ​ត្មាត​នេះ​ក៏​ត្រូវគេ​លក់ដូរ​សម្រាប់​ប្រើ​ធ្វើជា​ថ្នាំបុរាណ និង​ការព្យាបាល​ជំងឺ​បែប​បុរាណ​។ អ្នកខ្លះ​ថា ក្បាលសត្វ​ត្មាត​ជា​ផ្នែក​ដែលមាន​អំណាច​ខ្លាំង​អស្ចារ្យ​។​

​ចំណែកឯ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​នី​ហ្សេ​រី​យ៉ា​វិញ គេ​មិន​បរិភោគ​សត្វ​ត្មាត​ទេ ហើយ​គេ​ក៏​មិន​ប្រើ​សត្វ​ត្មាត​នេះ​នៅក្នុង​ពិធី​សាសនា​អ្វី​នោះដែរ​។ នេះ​បើតាម​ការបញ្ជាក់​ប្រាប់ VOA របស់លោក Ike Nwakamma នៃ​ក្រុមប្រឹក្សា​កំពូល​នី​ហ្សេ​រី​យ៉ា​នៃ​ពិធី​សាសនា​បុរាណ​។​

​លោក Nwakamma លើកឡើងថា គេ​យល់ថា សត្វ​ត្មាត​នេះ​ជាស​ត្វ​មិន​ស្អាត​បរិសុទ្ធ ដូច្នេះ​គឺ​គេ​មិនអាច​ប្រើ​វា​សម្រាប់​គោលបំណង​បុរាណ​ណាមួយ​បានទេ​។ មនុស្ស​មិន​ចង់បាន​សត្វ​ត្មាត​នេះ​ទេ ទោះបីជា​សត្វ​នោះ​រស់ ឬក៏​ងាប់​ក៏ដោយ​។​

​ហេតុ​ដូច្នេះហើយ បានជា​ហេតុការណ៍​មួយ​ដែល​បាន​កើតឡើង​កាលពី​ខែកក្កដា​កន្លងទៅនេះ បាន​បណ្ដាល​ឲ្យ​មានការ​ជ្រួលច្របល់​យ៉ាងខ្លាំង​នៅឯ​ផ្សារ​មួយកន្លែង​។​

​វីដេអូ​មួយ​ដែល​ថត​បាន​អំពី​ប្រតិកម្ម​បែប​ភ្ញាក់ផ្អើល និង​ភ័យខ្លាច របស់​ប្រជាពលរដ្ឋ​នៅពេលដែល​ពួកគេ​ឃើញ​សត្វ​ត្មាត​ងាប់ ៥០ ក្បាល​នៅលើ​ដី​នៃ​ផ្សារ​លក់ដូរ​មួយកន្លែង​នៅក្នុង​រដ្ឋ Enugu នៃ​ភាគ​និរតី​ប្រទេស​។​

​លោក Igwe Godwin Ekoh មេដឹកនាំ​បុរាណ​នៃ​សហគមន៍​នោះ បាន​ប្រាប់ VOA ថា អ្នក​សម្លាប់សត្វ​បានសម្លាប់​សត្វ​ត្មាត​ម្ដងៗ​យ៉ាងច្រើន​ដើម្បី​លក់​។​

​លោក Ekoh និយាយថា​៖ «​អ្នក​សម្លាប់សត្វ​បានដាក់​ថ្នាំ​បំពុល​ក្នុង​សាច់គោ ហើយ​បោះ​វា​ទៅ​ឲ្យ​សត្វ​ត្មាត​ស៊ី​»​។​

​ការជួញដូរ​សត្វ​ត្មាត​បាន​ក្លាយជា​អាជីវ​កម្មបាន​ប្រាក់ចំណេញ​យ៉ាងច្រើន​មួយ​។ អង្គការ​មូលនិធិ​អភិរក្ស​នី​ហ្សេ​រី​យ៉ា​បាន​បញ្ជាក់ថា សត្វ​ត្មាត​ប្រហែល ៥ រយ​តោន ត្រូវគេ​ជួញដូរ​ជា​រៀងរាល់ខែ​។​

​លោក Igwe Ekoh បាន​ចូលរួម​នៅក្នុង​វេទិកា​មួយ​ដែល​រៀបចំ​ដោយ​អង្គការ​មូលនិធិ​អភិរក្ស​នី​ហ្សេ​រី​យ៉ា​នៅក្នុង​រដ្ឋ Enugu កាលពីពេល​ថ្មីៗ​នេះ​។ អង្គការ​នេះ​បានរៀបចំ​សិក្ខាសាលា​នៅក្នុង​ទីក្រុង​ចំនួន ៤ នៅ​ទូទាំងប្រទេស​នី​ហ្សេ​រី​យ៉ា​។​

​អ្នកចូលរួម​នៅក្នុង​វេទិកា​នៅក្នុង​រដ្ឋ Enugu បាន​ទៅកាន់​ទីផ្សារ​ដ៏​មាន​ប្រជាប្រិយ​មួយកន្លែង ដើម្បី​និយាយ​ជាមួយ​អ្នក​កាប់សាច់​លក់ និង​បានស្នើ​ពួកគេ​ឲ្យ​ផ្ដល់ដំណឹង​ដល់​អាជ្ញាធរ ប្រសិនបើ​ពួកគេ​ឃើញ​មាន​នរណា​លក់​សត្វ​ត្មាត​។​

​អង្គការ BirdLife International បញ្ជាក់ថា នៅ​ទូទាំង​ទ្វីបអាហ្វ្រិក ចំនួន​សត្វ​ត្មាត​បាន​ធ្លាក់ចុះ​ស្ទើរតែ​ផុត​ពូជ​នៅក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ក្នុងនោះ ការដាក់​ថ្នាំ​បំពុល​សម្លាប់​គឺជា​មូលហេតុ​ចម្បង​។​

​អង្គការ​ដៃគូ​សាកលលោក​នេះ​បាន​ហៅ​សត្វ​ត្មាត​ថា​ជាស​ត្វ​សម្អាត​បរិស្ថាន ដែល​គួរតែ​ត្រូវបាន​គេ​សរសើរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com