កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Liverpool រក្សា​ភាពខ្លាំង ខណៈ​Man City បរាជ័យ​លើកដំបូង
16, Sep 2019 , 12:00 pm        
រូបភាព
Liverpool នៅតែ​រក្សា​ភាពខ្លាំង​របស់ខ្លួន​ដោយ​យកឈ្នះ Newcastle United ៣-១ សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៥ នៃ​ក្របខណ្ឌ Premier League នៅ​ថ្ងៃទី​១៤ ខែកញ្ញា ខណៈដែល​ម្ចាស់​ការពារ​ជើងឯក Manchester City ស្គាល់​បរាជ័យ​លើកដំបូង​ក្រោម​ថ្វី​ជើង​ក្រុម​ទើប​ឡើង​ថ្មី Norwich City ៣-២​។​



​ការរក្សា​ភាពខ្លាំង​របស់​ក្រុម​ហង្ស​ក្រហម បាន​នាំ​ពួកគេ​នៅ​ឈរ​កំពូល​តារាង​មាន​១៥​ពិន្ទុ​ពេញ នាំមុខ​គូប្រជែង Man City ដល់​ទៅ​៥​ពិន្ទុ ក្រោយ​ការប្រកួត​៥​លើក​ដូចគ្នា​។ ក្រុម​មេឃ​ខៀវ​ប្រកួត​៥​លើក ឈ្នះ​៣ ស្មើ​១ និង​ចាញ់​១ មាន​១០​ពិន្ទុ​។​

Liverpool ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp កាន់តែ​បន្ត​ភាពខ្លាំង​របស់​ពួកគេ​តាំងពី​រដូវ​កាល​មុន រហូត​រដូវ​កាល​ថ្មី​នេះ និង​ជឿជាក់ថា​ពួកគេ​អាច​នឹង​ដណ្តើមពាន Premier League បាន​ទៀតផង​។​

​ដោយឡែក Tottenham Hotspur, Manchester United និង Chelsea សុទ្ធតែ​ទទួលបាន​បាន​ជ័យជម្នះ​រៀងខ្លួន​នៅ​សប្តាហ៍​ទី​៥​នេះ តែ Arsenal បាន​ត្រឹម​លទ្ធផល​ខកចិត្ត​ក្រោយ​ក្រុម​បាត​តារាង Watford តាម​ស្មើ ២-២​។ Spurs បាន​យកឈ្នះ Crystal Palace ៤-០, Man Utd ឈ្នះ Leicester City ១-០ ហើយ Chelsea ឈ្នះ Wolverhampton ៥-២​។​

​ក្រុម​ទាំង​៤ ក្រៅពី Liverpool និង Man City ដែល​គេ​គិតថា​ជា​បេក្ខភាព​ក្នុងការ​ដណ្តើមពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ រកបាន​៨​ពិន្ទុ​ដូចគ្នា ប៉ុន្តែ​មាន់​ខ្នាយ​មាស ឈរ​នៅ​លេខ​រៀង​ទី​៣ ដ្បិត​មាន​គ្រាប់​ស៊ុត​ល្អ​ជាង តាម​ពីក្រោយ​ដោយ​បិសាច​ក្រហម​នៅ​លេខ​៤ តោ​ខៀវ​លេខ​៦ និង កាំភ្លើង​ធំ​លេខ​៧៕



Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com