ជាតិ
មនុស្ស១១នាក់ស្លាប់ ខណៈពលរដ្ឋជាង៨ម៉ឺនគ្រួសារ រងគ្រោះដោយសារទឹកជំនន់ រូបភាពក្រសួងធនធានទឹក និងឧតុនិយម
× ភ្នំពេញ៖ គិតមកដល់ពេលនេះ មានមនុស្ស១១នាក់ស្លាប់ និងពលរដ្ឋជាង៨,៤ម៉ឺនគ្រួសារ កំពុងរងគ្រោះដោយសារទឹកជំនន់ ។ នេះបើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក កែវ វី បាននិយាយថា ក្នុងចំណោមពលរដ្ឋជាង៨ម៉ឺនគ្រួសារនេះ មានពលរដ្ឋជាង១ម៉ឺនគ្រួសារហើយ ដែលត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្ទះសម្បែងជាង៦,២ម៉ឺនខ្នង រងផលប៉ះពាល់។ បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់នេះ ក៏បានឆក់យកជីវិតមនុស្ស១១នាក់ផងដែរ។
«មុនស្ស១១នាក់ដែលស្លាប់មានប្រុស៩នាក់និងស្រី២នាក់ ហើយនៅខេត្តកំពង់ចាម៥នាក់ ក្រចេះ៤នាក់ ត្បូងឃ្មុំម្នាក់ និងព្រះវិហារម្នាក់»។ នេះជាការបញ្ជាក់របស់លោក កែវ វី ដែលបានប្រាប់សារព័ត៌មានថ្មីៗថា ខេត្តដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ខ្លាំង រួមមានខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ ព្រៃវែង និងកំពង់ធំ។
ក្រៅពីផលប៉ះពាល់ដល់ពលរដ្ឋ ក៏មានដំណាំជាង៣ម៉ឺនហិកតា ជួបប្រទះបញ្ហាដោយសារទឹកជំនន់ផងដែរ។ ក្នុងនោះមាន ស្រូវលិចទឹកជាង២,៦ម៉ឺនហិកតា ខូចខាតសំណាបជាង៣០០ហិកតា ដំណាំរួមផ្សំរងការលិចទឹកជាង៣ពាន់ហិកតា និងរងការខូចខាតជាង១០០ហិកតា។ ជាមួយគ្នាដែរ សត្វចិញ្ចឹមជាង៣ម៉ឺនក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ដោយឡែកសាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាង៤០០កន្លែងបានរងការជន់លិច។ ចំណែកការបាក់ច្រាំងទន្លេនៅខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំមានប្រវែងជាង២,២ម៉ឺនម៉ែត្រ ដោយក្នុងនោះមានផ្ទះពលរដ្ឋ៥៦ខ្នងត្រូវរុះរើ ដោយសារការបាក់ច្រាំងទន្លេ។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com